មន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជាអះអាងថា ការទាមទាររបស់មហាបាតុកម្មភ្លើងទៀន និងសមាជអ្នកប្រជាធិបតេយ្យក្នុងប្រទេសកូរ៉េខាងត្បូងគ្មានប្រសិទ្ធភាព និងគ្មានឥទ្ធិពលអ្វីមកលើរដ្ឋាភិបាលកម្ពុជានោះឡើយ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោកសុខ ឥសានបានប្រាប់សារព័ត៌មានThe Cambodia Daily ថា លទ្ធផលរបស់មហាបាតុកម្មភ្លើងទៀនគឺស្មើនឹងសូន្យ។
លោកបន្តថា អ្វីដែលជាលទ្ធផលធំបំផុតរបស់ក្រុមបក្សសង្គ្រោះជាតិ គឺបានមួយកញ្ចប់ត្រឡប់ទៅវិញតែប៉ុណ្ណោះ។
ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគឯករាជ្យលោកបណ្ឌិត ឡៅម៉ុងហៃ អះអាងថា សមាជអ្នកប្រជាធិបតេយ្យនិងមហាបាតុកម្មភ្លើងទៀននេះមិនមែនមានន័យស្មើសូន្យដូចការលើកឡើងរបស់លោកសុខ ឥសាននោះទេ ប៉ុន្តែទៅវិញរដ្ឋាភិបាលកម្ពុជាបានភ័យខ្លាចបាតុកម្មនេះជាខ្លាំងដោយបានព្យាយាមបង្វែព្រឹត្តិការណ៍នេះដោយរៀបចំការប្រគុំតន្រ្តីនៅតាមស្ថានទូតខ្មែរទៅវិញ។
អ្នកវិភាគជើងចាស់រូបនេះអះអាងថា ក្រុមបក្សប្រឆាំងនៅតែអាចបង្ហាញប្រាប់រដ្ឋាភិបាលលោកហ៊ុន សែនថាខ្លួននៅតែមានអ្នកគាំទ្រទាំងក្នុងនិងក្រៅប្រទេសដដែល។
សមាជរបស់ក្រុមអ្នកប្រជាធិបតេយ្យនៅប្រទេសកូរ៉េខាងត្បូង បានចេញសេចក្តីសម្រេចមួយ ដោយទាមទារឱ្យរដ្ឋាភិបាលស្តារស្ថានភាពប្រទេសជាតិ ដើម្បីវិលទៅរកភាពប្រក្រតីឡើងវិញ។
សេចក្តីសម្រេចរបស់សមាជអ្នកប្រជាធិបតេយ្យកាលពីថ្ងៃម្សិលមិញ បានលើកឡើងថា បញ្ហាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបានដើរមកដល់ផ្លូវទាល់ ដែលទាមទារឱ្យមានការចូលរួមទាំងអស់គ្នា តម្រូវឱ្យរដ្ឋាភិបាលលោកហ៊ុន សែនវិលទៅដើរនៅលើផ្លូវត្រូវឡើងវិញ។
បន្ថែមពីនេះ លោកហ៊ុន សែនត្រូវស្តារ និងពង្រឹងលទ្ធិប្រជាធិបតេយ្យឱ្យពេញលេញ និងត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញដោយអនុលោមទៅតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលាឆ្នាំ១៩៩១។
លិខិតដដែលក៏ទាមទារឱ្យអាជ្ញាធរក្រុងភ្នំពេញចរចាជាមួយអន្តរជាតិ ពិសេសសហគមន៍អឺរ៉ុបសម្រាប់ស្វែងរកដំណោះស្រាយនយោបាយស្តារប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស ដើម្បីបញ្ចៀសពីទណ្ឌកម្មសេដ្ឋកិច្ចនានា ព្រមទាំងចំណុចមួយចំនួនទៀត។
សមាជរបស់ក្រុមអ្នកប្រជាធិបតេយ្យមានការចូលរួមពីក្រុមអ្នកវិភាគ ក្រុមសង្គមស៊ីវិលអតីតអ្នកទោសមនសិកាប្រធានស្តីទីគណបក្សសង្គ្រោះជាតិគឺលោកសមរង្ស៊ីនិងពលករខ្មែរក្នុងប្រទេសកូរ៉េខាងត្បូងរាប់ពាន់នាក់ ដែលរៀបចំដោយអង្គការវេទិកាសិទ្ធិមនុស្ស និងសន្តិភាពអាស៊ីក្នុងប្រទេសកូរ៉េខាងត្បូងAsia Human Rights Peace Forum(AHPF)ក្នុងទីក្រុងក្វាងជូសហការជាមួយក្រុមចលនាយុវជនរបស់បក្សសង្គ្រោះជាតិ៕
© 2019, ឌឹ ខេមបូឌា ដេលី. All rights reserved.

