សមត្ថកិច្ចខេត្តត្បូងឃ្មុំសម្រេចបញ្ជូនខ្លួនអតីតសមាជិកក្រុមប្រឹក្សាខេត្តនិងជាអតីតអនុប្រធានប្រតិបត្តិគណបក្សសង្រ្គោះជាតិខេត្តត្បូងឃ្មុំ ទៅតុលាការនៅព្រឹកមិញនេះបន្ទាប់ពីពួកគេបានសាកសួរនិងបញ្ចប់ការកសាងសំណុំរឿងជុំវិញបទញុះញង់ឱ្យប្រព្រឹត្តបទល្មើស តាមបណ្តឹងរបស់អ្នកគាំទ្រ លោកហ៊ុន សែន។
សារព័ត៌មានសំឡេងប្រជាធិបតេយ្យ VODបានដកស្រង់សម្តីរបស់ ស្នងការរងទទួលបន្ទុកព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តត្បូងឃ្មុំលោកចក់ សុខកៅចុះផ្សាយថា សមត្ថកិច្ចបានបញ្ជូនលោកស៊ូ យាន ដែលជាអតីតមន្ត្រីបក្សប្រឆាំងទៅតុលាការកាលពីព្រឹកមិញនេះប៉ុន្តែលោកមិនទាន់ដឹងថា តុលាការសម្រេចចោទប្រកាន់ និងឃុំខ្លួនលោកស៊ូ យាន នៅឡើយទេ។ លោកស៊ូ យានគឺជាអតីតអនុប្រធានទី១ គណៈកម្មការប្រតិបត្តិគណបក្សសង្រ្គោះជាតិនិងជាអតីតសមាជិកក្រុមប្រឹក្សាខេត្តត្បូងឃ្មុំបក្សប្រឆាំងមួយនេះ។
លោកត្រូវបានសមត្ថកិច្ចខេត្តនេះ ចាប់ខ្លួនកាលពីរសៀលថ្ងៃម្សិលមិញ តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំលោកឡុង ហុកម៉េងដើម្បីសាកសួរតាមបណ្តឹងព្រហ្មទណ្ឌ ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ដោយមានដើមបណ្តឹងចំនួន២៥នាក់មកពីខេត្តចំនួន៤ ដែលយកភស្តុតាងពីប្រអប់សារឬ Messengerឯកជនរបស់គណនីហ្វេសប៊ុកឈ្មោះSU Yean កាលពីថ្ងៃទី២០ មេសា។
សារជេរប្រមាថនៅក្នុងប្រអប់សារឯកជនគណនីហ្វេសប៊ុកឈ្មោះ ស៊ូ យាននោះមានអត្ថន័យថា៖«ហ៊ុន សែនខ្វាក់ភ្នែកតែម្ខាងទេ ចំណែកអ្នកគាំទ្រហ៊ុន សែនខ្វាក់ទាំងសងខាងហើយថែមថ្លង់ទៀតផង»។
ដោយឡែក នៅលើគណនីហ្វេសប៊ុករបស់លោកស៊ូ យានកាលពីថ្ងៃទី២០មេសាវិញ គឺគេមិនឃើញមានការបង្ហោះសារអ្វីដែលជាការប្រមាថនោះទេ ប៉ុន្តែឃើញតែការចែករំលែកព្រឹត្តិការណ៍ព័ត៌មាន និងបទអត្ថាធិប្បាយមួយចំនួន ដូចជាព្រឹត្តិការណ៍បាតុកម្មភ្លើងទៀនរបស់ក្រុមអ្នកប្រជាធិបតេយ្យនៅប្រទេសកូរ៉េខាងត្បូងជាដើម។
អ្នកវិភាគនយោបាយលោកគឹម សុខប្រាប់ The Cambodia Dailyថា របៀបធ្វើទុក្ខបុកម្នេញមន្ត្រីគណបក្សប្រឆាំងជាបន្តបន្ទាប់ក្នុងលក្ខខណ្ឌដែលពួកគេប្រើសេរីភាពបញ្ចេញមតិកម្រិតហ្នឹងមិនមែនជាវិធានការផ្លូវច្បាប់ប្រកបដោយភាពយុត្តិធម៌ឡើយ។ លោកថា ប្រសិនបើផ្អែកទៅលើច្បាប់ដែលមានយុត្តិធម៌ពិតប្រាកដ ពិសេសស្របតាមខ្លឹមសារនៃរដ្ឋធម្មនុញ្ញ ដោយចែងពីភាពស្មើគ្នាចំពោះមុខច្បាប់ និងមិនគិតអំពីឋានៈនោះ លោកហ៊ុន សែនទៅវិញទេ ដែលត្រូវជាប់ក្តីក្តាំរាប់មិនអស់ ជុំវិញការបញ្ចេញមតិនេះ។ លោកគឹម សុខបន្ថែមថា កន្លងមកបុរសខ្លាំងនៅកម្ពុជារូបនេះបាននិយាយហួសពីព្រំដែនច្បាប់ ពិសេសការបង្ហើបពីភាពសោកស្តាយរបស់ខ្លួនដែលមិនបានសម្លាប់ក្រុមបក្សសង្គ្រោះជាតិទៀតផង។
នៅដើមឆ្នាំ២០១៩នេះ សកម្មភាពធ្វើទុក្ខបុកម្នេញមន្ត្រីបក្សប្រឆាំងកើតឡើងជាបន្តបន្ទាប់។ សកម្មភាពតាមកម្ទេចក្រុមបក្សប្រឆាំងនៅក្នុងប្រទេសទាំងនោះកើតឡើងបន្ទាប់ពីលោកហ៊ុន សែនបានណែនាំឱ្យមន្ត្រីក្រោមបង្គាប់របស់ខ្លួនទាំងអស់តាមកម្ទេចក្រុមនេះមិនឱ្យរស់ឡើងវិញឡើយ ដោយយកលេសនៃការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់អន្តរជាតិ ទៅបំផ្លាញជីវិតនយោបាយរបស់បក្សសង្គ្រោះជាតិនៅក្នុងស្រុកឱ្យរលាយសាបសូន្យទាំងស្រុងតែម្តង៕