30 C
Phnom Penh

តុលាការ​ខេត្ត​ត្បូង​ឃ្មុំ​សម្រេច​ឃុំខ្លួន​អតីត​សមាជិក​ក្រុម​ប្រឹក្សា​គណបក្ស​សង្រ្គោះ​ជាតិ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាដំបូង​ខេត្ត​ត្បូង​ឃ្មុំ​សម្រេច​ឃុំ​ខ្លួន​អតីត​សមាជិក​ក្រុម​ប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ស៊ូ យាន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង​ជាប់​ព្រំដែន​វៀតណាម ​បន្ទាប់​ពី​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ និង​ជេរ​ប្រមាថ​លោក​នាយក​រដ្ឋមន្ដ្រី​ហ៊ុន សែន​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក។​

ក្រុម​គ្រួសារ​របស់​លោក​ស៊ូ យាន​ឱ្យដឹង​ថា​ ការ​សម្រេច​បញ្ជូន​ទៅ​ឃុំខ្លួន​នេះ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ម្សិលមិញ។​

លោក​ស៊ូ យាន​ អតីត​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​ និង​ជា​អតីត​អនុ​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្រ្គោះ​ជាតិ​ខេត្ត​ត្បូងឃ្មុំ​ ត្រូវបាន​សមត្ថកិច្ច​ខេត្ត​នេះ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២២​មេសា​  ក្រោយ​ពេល​តុលាការ​ចេញ​ដីកា​បញ្ជា​ឱ្យ​លោក​ស៊ូ យាន​ចូល​ខ្លួន​បំភ្លឺ​នៅ​តុលាការ​ឱ្យ​បាន​មុន​ថ្ងៃ​ទី​ ៣០​ខែ​មេសា​​ជុំវិញ​សំណុំ​រឿង​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទល្មើស​ តាម​បណ្តឹង​របស់​អ្នក​គាំទ្រ​លោក​ហ៊ុន សែន​ជាង​២០​នាក់។​

ភស្តុតាង​ដែល​ប្តឹង​នោះ​ត្រូវ​បាន​អ្នក​គាំទ្រ​លោក​ហ៊ុន សែន​អះអាងថា​ យក​មក​ពី​ប្រអប់​សារ​ឬ ​Messenger​ឯកជន​របស់​គណនី​ហ្វេសប៊ុក​ឈ្មោះ ​SU Yean​កាលពី​ថ្ងៃ​ទី​២០​មេសា​។​ សារជេរ​ប្រមាថ​នៅ​ក្នុង​ប្រអប់​សារ​ឯកជន​របស់​គណនី​ហ្វេសប៊ុក​ឈ្មោះ​ស៊ូ យាន​នោះ​ដើម​បណ្តឹង​ក៏មិន​បាន​ដឹង​អំពី​ប្រភព​ច្បាស់​លាស់​នោះ​ដែរ​ ដោយ​ជា​ការ​ចែក​រំលែក​ក្នុង​ប្រអប់​សារ​បន្ត​គ្នា​ប៉ុណ្ណោះ។​

គ្រួសារ​អតីត​មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​ហៅ​ការ​ចាប់​ខ្លួន​និង​ឃុំ​ខ្លួន​ថា​ ជា​រឿង​នយោបាយ​ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់​ពិត​ប្រាកដ។​

នៅដើម​ឆ្នាំ​២០១៩​នេះ ​លោក​ហ៊ុន សែន​បាន​បញ្ជា​ឱ្យ​មន្ត្រី​ក្រោម​បង្គាប់​របស់​ខ្លួន​តាម​កម្ចេច​ក្រុម​បក្ស​ប្រឆាំង​ណា​ដែល​ហ៊ាន​ចេញ​មុខ​តវ៉ា​ឬ​ រិះគន់​របប​ខ្លួន​ ក្រោម​ហេតុ​ផល​នៃ​ការ​អនុវត្ត​ច្បាប់៕​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស