នាយករដ្ឋមន្ត្រីហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូដែលជាមន្ត្រីជាន់ខ្ពស់របស់ខ្លួនទៅប្រទេសចិនដោយចេញដំណើរពីកម្ពុជានៅថ្ងៃស្អែកដើម្បីចូលរួមវេទិកាលើកទី២អំពីផ្លូវក្រវាត់ពាេណិជ្ជកម្មចិននិងកិច្ចប្រជុំសំខាន់ៗមួយចំនួនទៀត។ ការទៅចូលរួមនេះគឺតបតាមការអញ្ជើញរបស់ប្រធានាធិបតីចិនលោកស៊ី ជីនពីង។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាបញ្ជាក់ថា លោកហ៊ុន សែននិងមន្ត្រីជាន់ខ្ពស់កម្ពុជានឹងចំណាយពេល៥ថ្ងៃនៅទីក្រុងប៉េកាំងចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៩ខែមេសា ដើម្បីចូលរួមវេទិកាផ្លូវក្រវាត់ពាេណិជ្ជកម្មចិនឬហៅថា វិថីសូត្រចិនលើកទី២ ព្រមទាំងកិច្ចប្រជុំដទៃទៀត។
ប្រភពដដែលនេះបញ្ជាក់ថា នៅថ្ងៃទី២៦ខែមេសា លោកហ៊ុន សែននឹងថ្លែងសុន្ទរកថាក្នុងវេទិកាអំពីកិច្ចសហប្រតិបត្តិការផ្លូវក្រវាត់ពាេណិជ្ជកម្មចិនដែលបង្កើតជោគវាសនារួមដ៏ត្រចះត្រចង់។
ក្រសួងការបរទេសបន្ថែមថា អំឡុងពេលស្នាក់នៅប្រទេសចិន លោកហ៊ុន សែននឹងមានជំនួបទ្វេភាគីដាច់ដោយឡែកពីគ្នាជាមួយ ប្រធានាធិបតីចិនលោកស៊ី ជីនពីង នាយករដ្ឋមន្ត្រីចិនលោកលី ខឺឈាង ជួបលោកវ៉ាង ហ៊ុននីង សមាជិកការិយាល័យនយោបាយនិងជាលេខាធិការដ្ឋានបក្សកុម្មុយនីស្តចិនជាដើម។
គម្រោងផ្លូវក្រវាត់ពាេណិជ្ជកម្មចិននេះគឺមានប្រទេសចំនួន១២៦ និងអង្គការអន្តរជាតិចំនួន២៩ហើយបានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយចិន ដោយមាន ទំហំពាណិជ្ជកម្មសរុបរវាងចិននិងបណ្តាប្រទេសដែលចូលរួមលើសពី៦ទ្រីលានដុល្លារសហរដ្ឋអាមេរិក ខណៈទំហំនៃការបោះទុនវិនិយោគវិញបានកើនហួសពី ៨០ពាន់លានដុល្លារ។
កម្ពុជាបានក្លាយជាសមាជិកនៃគំនិតផ្តួចផ្តើមផ្លូវក្រវាត់ពាេណិជ្ជកម្មចិននេះកាលពីឆ្នាំ២០១៦។
យ៉ាងនេះក្តី សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ បានលើកឡើងថា គំនិតផ្តួចផ្តើមផ្លូវក្រវាត់ពាេណិជ្ជកម្ម(BRI)របស់របបក្រុងប៉េកាំងគឺជាអន្ទាក់បំណុលប៉ុណ្ណោះ។
កាលពីថ្ងៃទី១៩មេសាស្ថានទូតអាមេរិកប្រចាំកម្ពុជា បានលើកឡើងនៅទំព័រហ្វេសប៊ុករបស់ខ្លួនថា ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ប្រទេសកម្ពុជាតែទំនាក់ទំនងនេះចំណេញខ្លាំងទៅខាងប្រទេសចិន។
អាមេរិកថា ប្រហែល៨៧%នៃទំនិញដោះដូរគ្នា គឺជាទំនិញនាំចូលមកពីប្រទេសចិន ដែលមិនជួយដល់ការធ្វើឲ្យមានការងារ ឬជួយដល់ឧស្សាហកម្មដូចទំនាក់ទំនងរបស់ប្រទេសកម្ពុជាជាមួយសហរដ្ឋអាមេរិក ឬសហភាពអឺរ៉ុបនោះទេ។
ប្រភពដដែលថា នេះគ្រាន់តែជាផ្លូវមួយទៀតដែលប្រទេសកម្ពុជាបានងាកចេញពីយុទ្ធសាស្រ្តសេដ្ឋកិច្ចដែលមានតុល្យភាពនិងលក្ខណៈចម្រុះច្រើនទៅរកយុទ្ធសាស្រ្តសេដ្ឋកិច្ចដែលមានការពឹងផ្អែកច្រើនទៅលើប្រទេសចិន៕