25 C
Phnom Penh

កម្លាំង​សមត្ថ​កិច្ច​កម្ពុជា​ចាប់​ខ្លួន​ជនជាតិ​៣​នាក់​ករណី​នាំលុយ​សុទ្ធ​ចូល​កម្ពុជា​ជាង​៣​លាន​ដុល្លារ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្លាំង​សមត្ថ​កិច្ច​បាន​ចាប់​ខ្លួន​ជនជាតិ​ចិន​ចំនួន​៣​នាក់​ករណី​នាំ​លុយ​សុទ្ធ​ចូល​ក្នុង​ប្រទេស​កម្ពុជា​ជាង​៣​លាន​ដុល្លារ​ នៅ​ព្រលាន​យន្ដហោះ​អន្ដរ​ជាតិ​ភ្នំពេញ។ ​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​មហា​ផ្ទៃ​ចុះ​ផ្សាយ​នេះ​ឲ្យ​ដឹង​ថា ​ជន​សង្ស័យ​ជាជន​ជាតិ​ចិន​ចំនួន​៣​នាក់​នាក់​នោះ​ត្រូវ​បាន​ឃាត់​ខ្លួន​តាំង​ពី​ថ្ងៃ​ទី​២៣​ខែ​មេសា​មក​ម្ល៉េះ​ បន្ទាប់​ពី​ពួក​គេ​បាន​ដឹក​លុយ​៣​លាន​ ៥​សែន​ដុល្លារ​ពី​ទី​ក្រុង​ហុងកុង​ ដោយ​គ្មាន​ប្រភព​ច្បាស់​លាស់​ ចូល​មក​ប្រទេស​កម្ពុជា។​

ជន​សង្ស័យ​ទាំង​៣​នាក់​នោះ​រួម​មាន​ឈ្មោះ ​Wang Shiping Wang Lichao​ហើយ​ម្នាក់​ទៀត​ឈ្មោះ​Zhang Jian។​

ក្រសួង​មហា​ផ្ទៃ​ដដែល​ឲ្យ​ដឹង​ទៀត​ថា ​ក្រោយ​ការ​ឃាត់​ខ្លួន​និង​ត្រួត​ពិនិត្យ​ឯកសារ​របស់​ជនជាតិ​ចិន​ទាំង​៣​នាក់​នោះ​រួច​ ​សមត្ថ​កិច្ច​សម្រេច​ បញ្ជូន​ពួកគេ​ទៅ​កាន់​តុលាការ​ដើម្បី​ចាត់​វិធាន​ការ​តាម​នីតិវិធី​ ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​លាងលុយ​ទុច្ចរិត​និង​ហរិញ្ញប្បទាន​ភេរវ​កម្ម​ព្រម​ទាំង​ច្បាប់​ និង​លិខិត​បទដ្ឋាន​គតិ​យុត្ត​ពាក់​ព័ន្ធ​ជា​ធរមាន​នៅ​កម្ពុជា។​

កាល​ពី​ថ្ងៃ​ទី​២២​ ខែ​មេសា​  រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ លោក​ស ខេង​បាន​ចេញ​សេចក្តី​ណែ​នាំ​ដល់​មន្ត្រី​ព្រំដែន​ទាំងអស់​ឲ្យ​ពង្រឹង​ការ​ត្រួត​ពិនិត្យ​បន្ថែម​ទៀត​ ជា​ពិសេស​ទៅ​លើ​បទ​ល្មើស​គ្រឿង​ញៀន​និង​ការ​លាង​លុយ​ទុច្ចរិត​ដែល​នាំ​ចូល​មក​កម្ពុជា​តាម​ព្រំដែន។​

ការណែ​នាំ​បន្ថែម​ទៀត​នេះ បន្ទាប់​ពី​លោក​សង្កេត​ឃើញ​ថាមាន​ការ​​ប៉ុនប៉ង​លួច​ធ្វើ​សកម្មភាព​ឧក្រិដ្ឋកម្ម​ឆ្លងដែន​នៅ​ភូមិសាស្ត្រ​មួយ​ចំនួន​ដែល​មាន​ការ​ធ្វេស​ប្រហែស និង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន។

ក្រៅពី​បទ​ល្មើស​លាងលុយ​ទុច្ចរិត​និង​គ្រឿង​ញៀន​ លោក​ស ខេង​ក៏បាន​ណែនាំ​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន​ឱ្យ​បង្កើន​ការ​យក​ចិត្ត​ទុកដាក់​ករណី​បទ​ល្មើស​ឧក្រិដ្ឋ​កម្ម​ឆ្លងដែន​ផ្សេង​ទៀត​ ពិសេស​ការ​រត់​ពន្ធ​មនុស្ស ​ឬ​ការ​ជួញ​ដូរ​មនុស្ស​ចេញ​ទៅ​ក្រៅ​ប្រទេស​ដោយ​លោក​ណែនាំ​ឱ្យ​ពង្រឹង​ការ​យក​ចិត្ត​ទុក​ដាក់​តាម​ច្រក​ព្រំ​ដែន​នៃ​ខេត្ត​បាត់ដំបង​ ឱ្យ​បាន​ខ្លាំង​ក្លា​ជាង​គេ​ ដោយ​ថា​ បទ​ល្មើស​ជួញ​ដូរ​មនុស្ស​ភាគច្រើន​យក​ទី​តាំង​ព្រំដែន​នៃ​ខេត្ត​នេះ​ដើម្បី​បន្ត​ចេញ​ទៅ​ប្រទេស​ផ្សេង​ទៀត។​

ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា​លោក​ព្រាប កុល​បាន​ប្រាប់​សារ​ព័ត៌មាន​ The Cambodia Daily​នៅ​មុន​ការ​ផ្សាយ​នេះ​បន្តិច​ថា​ លោក​ស្វាគមន៍​ចំពោះ​ចំណាត់​ការ​របស់​សមត្ថ​កិច្ច​កម្ពុជា។ ​ប៉ុន្តែ​លោក​ថា​ ការ​នាំលុយ​សុទ្ធ​ដ៏ច្រើន​សន្ធឹក​សន្ធាប់​ចូល​មក​ដល់​ប្រទេស​កម្ពុជា​នេះ​ ជា​សញ្ញា​ដ៏គួរ​ឲ្យ​ព្រួយ​បារម្ភ​បំផុត​សម្រាប់​កម្ពុជា​ទាក់​ទង​ទៅ​នៅ​វិសាល​ភាព​ និង​លទ្ធភាព​នៃ​ការ​លាង​លុយទុច្ចរិត។​

លោក​បន្ត​ថា​ ប្រសិន​បើ​ជន​ល្មើល​ហ៊ាន​យក​លុយ​មក​រាប់​លាន​ដុល្លារ​តាម​យន្តហោះ​ដែល​មាន​ការ​ត្រួត​ពិនិត្យ​តឹងរ៉ឹង​ចូល​មក​ដល់​កម្ពុជា​ហើយ​នោះ​ សមត្ថ​កិច្ច​គួរ​មាន​ការ​ប្រុង​ប្រយ័ត្ន​ និង​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​បំផុត​អំពី​ច្រក​ព្រំដែន​ផ្លូវ​គោក ​និង​ផ្លូវ​ទឹក​ ឬ​កំពង់ផែ។​

ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា​រូប​នេះ​អះអាង​ថា​ ការ​លាងលុយ​ទុច្ចរិត ​ អាច​មាន​ការ​ពាក់ព័ន្ធ​ទៅនឹង​បទ​ល្មើស​ឧក្រិដ្ឋ​ផ្សេងៗ​ទៀត ​និង​អាច​គំរាម​​កំហែង​ដល់​សន្តិសុខ​ជាតិ ​និង​សន្តិសុខ​ក្នុង​តំបន់​តែ​ម្តង៕​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស