ពលរដ្ឋនៅខេត្តពោធិ៍សាត់ចំនួនពីរនាក់ត្រូវបានសមត្ថកិច្ចថៃបាញ់បណ្តាលឱ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ខណៈពួកគេបានលួចឆ្លងដែនចូលទឹកដីថៃដើម្បីកាប់ឈើគ្រញូងលក់ឱ្យឈ្មួញ។
គេហទំព័ររបស់អគ្គស្នងការនគរបាលជាតិនៅថ្ងៃនេះបញ្ជាក់ថា ហេតុការណ៍បាញ់ពលរដ្ឋបណ្តាលឱ្យស្លាប់និងរងរបួសនេះកើតឡើងកាលពីថ្ងៃទី២៤ខែមេសា នៅចំណុចទល់មុខច្រក៥៦ ស្ថិតក្នុងភូមិសង្គមថ្មី ឃុំថ្មដារស្រុកវាលវែង ខេត្តពោធិ៍សាត់។
ប្រភពដដែលបន្តថា ហេតុការផ្ទុះអាវុធនោះ បណ្ដាលឲ្យប្រជាពលរដ្ឋខ្មែរម្នាក់ឈ្មោះម៉ៅ មុំ ភេទប្រុសអាយុ២៦ឆ្នាំបានស្លាប់ និងបុរសម្នាក់ទៀតឈ្មោះអាត វិត ភេទប្រុសអាយុ២៤ឆ្នាំរងរបួសធ្ងន់ ខណៈពួកគេទាំង២នាក់នេះលួចឆ្លងដែនចូលទឹកដីថៃដើម្បីរកកាប់ឈើគ្រញូង។ ពលរដ្ឋខ្មែរទាំងពីរនាក់នេះ មានស្រុកកំណើតនៅភូមិឃុំនិងស្រុកជាមួយគ្នា ក្នុងខេត្តពោធិ៍សាត់។
ប្រភពដដែលឱ្យដឹងថា ពលរដ្ឋដែលរងរបួសត្រូវបានកម្លាំងសមត្ថកិច្ចថៃបញ្ជូនទៅសង្រ្គោះបន្ទាន់។ ចំណែកសាកសពពលរដ្ឋស្លាប់កំពុងស្ថិតនៅប្រទេសថៃនៅឡើយ ដោយសមត្ថកិច្ចកម្ពុជានិងថៃកំពុងសហការគ្នាធ្វើការងារនេះ។
អគ្គស្នងការនគរបាលជាតិបានដកស្រង់ប្រភពពីពលរដ្ឋថា ករណីសមត្ថកិច្ចថៃបាញ់សម្លាប់ពលរដ្ឋខ្មែរ ពុំមែនទើបតែកើតមានទេ សម្រាប់ឃុំថ្មដារស្រុកវាលវែង ខេត្តពោធិ៍សាត់ ប៉ុន្តែករណីនេះ តែងតែកើតមានជាហូរហែ កាលពីពេលកន្លងមក ដោយសារតែមានចលនាមេឈ្មួញរកស៊ីឈើគ្រញូងបំផុសបំផុលដល់ពលរដ្ឋខ្មែរឱ្យឆ្លងដែនចូលទៅទឹកដីថៃដើម្បីកាប់ឈើ និងមានការឃុបឃិតគ្នាពីសំណាក់សមត្ថកិច្ចខ្មែរនៅតាមព្រំដែនតែម្ដង។
អគ្គស្នងការនគរបាលជាតិបានទទួលសំណូមពរពីពលរដ្ឋឱ្យស៊ើបអង្កេតករណីនេះនិងស្រាវជ្រាវឱ្យស៊ីជម្រៅទៅលើមន្ត្រីកងកម្លាំងការពារព្រំដែនឲ្យបានល្អិតល្អន់ ទើបអាចកាត់បន្ថយភាពរងគ្រោះដោយសារក្រុមឈ្មួញឈើទាំងនោះ៕