26 C
Phnom Penh

អ្នក​រាយ​ការណ៍​ពិសេស​អ.ស.ប.​សម្តែង​ការ​ខកចិត្ត​ជា​ថ្មី​ទៀត​ ក្រោយ​តុលាការ​មិន​អនុញ្ញាត​ឲ្យ​ចូល​ជួប​លោក​កឹម សុខា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​រាយ​ការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​អ្នកស្រី​រ៉ូណា ស្មីត​បាន​បរាជ័យ​ជាថ្មី​ទៀត​ក្នុង​ការ​ទាមទារ​ជួប​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​លោក​កឹម សុខា ក្រោយ​ពេល​តុលាការ​រដ្ឋាភិបាល​លោក​ហ៊ុន សែន​មិន​អនុញ្ញាត។​

ក្រោយ​ជំនួប​ជាមួយ​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​នៅ​ថ្ងៃ​នេះ​អ្នក​​អ្នកស្រី​រ៉ូណា ស្មីត​បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​ដោយ​សម្តែង​នូវ​ការ​ខក​ចិត្ត​ព្រោះ​អ្នក​ស្រី​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ជួប​លោក​កឹម សុខា​ដែល​កំពុង​ជាប់​ឃុំនៅ​ក្នុង​ផ្ទះនោះ​ឡើយ។​ អ្នកស្រី​លើក​ឡើង​ថា​  ក្នុង​នាម​ជាមន្ដ្រី​ជំនាញ​ដែល​តែង​តាំង​ដោយ​អង្គការ​សហ​ប្រជាជាតិ​ លោក​ស្រី​គប្បី​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ជួប​គ្រប់​ភាគី​ទាំង​អស់​ រួម​ទាំង​លោក​កឹម សុខា​ផង​ដែរ។​

មន្ត្រី​តំណាង​អង្គការ​សហ​ប្រជាជាតិ​ដដែល​បង្ហាញ​ការ​សោក​ស្តាយ​ព្រោះតែ​មិន​បាន​ជួប​ប្រធាន​គណបក្ស​ប្រឆាំង​លោក​កឹម សុខា។​

អ្នក​នាំពាក្យ​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​និង​ជា​អ្នក​នាំពាក្យ​ក្រសួង​យុត្ដិធម៌​ផង​គឺ​លោក​ជិន ម៉ាលីន​បាន​ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា ​ការ​បដិសេធ​នេះ​គឺ​ដោយសារ​ចៅក្រម​ស៊ើប​សួរ​បាន​លើក​ឡើង​ថា ​សំណុំ​រឿង​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​នីតិវិធី​ស៊ើប​អង្កេត​នៅ​ឡើយ​ដោយមិន​អនុញ្ញាត​ឱ្យ​អ្នក​អ្នកស្រី​ រ៉ូណា ស្មីត​ចូល​ជួប​លោក​កឹម សុខា​បាន​នោះ​ទេ។​

ក្រោយ​ពេល​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ លោក​កឹម សុខា​ត្រូវ​បាន​ចាប់​ខ្លួន ​និង​ឃុំ​ខ្លួន​ទាំង​នៅ​ពេល​​នៅ​ក្នុង​ពន្ធនាគារ​និង​នៅ​ក្នុង​ផ្ទះ​ជាង​១​ឆ្នាំ​មក​នេះ ​អ្នកស្រី​ រ៉ូណា ស្មីត​បាន​ស្នើ​ជួប​ចំនួន​៣​លើក​រួច​មក​ហើយ​ប៉ុន្តែ​ត្រូវ​បាន​តុលាការ​បដិសេធ​រហូត​ក្រោម​ហេតុផល​ថា​ ករណី​នេះ​មិន​ទាន់​បញ្ចប់​ការ​ស៊ើប​អង្កេត ​ដែល​ជា​ហេតុផល​ដដែលៗ។​

លោក​កឹម សុខា​ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ឃុំ​ខ្លួន​កាលពី​យប់​ថ្ងៃ​ទី​៣​ ខែ​កញ្ញា​ឆ្នាំ​២០១៧ ​ហើយ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង​ និង​ផ្ទេរ​មក​ឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះ​នារាជ​ធានី​ភ្នំពេញ​វិញ​កាលពី​ខែ​កញ្ញា​ឆ្នាំ​ ២០១៨​ក្រោម​ការ​ចោទ​ពី​លោក​ហ៊ុន សែន​ថា​ ក្បត់ជាតិ។​

ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ​ មិន​នៅ​ទាន់​បាន​បើក​សវនាកា​រកាត់​ទោស​នៅ​ឡើយ​ ដោយ​សារ​មិន​ទាន់​កំណត់​ថា​ លោក​កឹម សុខា​មាន​ទោស​អ្វី​នោះ​ឡើយ​ ប៉ុន្តែ​តុលាការ​កំពូល​បែរ​ជា​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ​នៅមុន​ការ​បោះឆ្នោត​ជាតិ​ជ្រើស​រើស​តំណាង​រាស្ត្រ​ទៅ​វិញ។​

កាលពី​ដើម​ឆ្នាំ​២០១៩​ស្ថានទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​បាន​អះអាងថា​ លោក​កឹម សុខា​ជា​មនុស្ស​ស្អាតស្អំ​និង​ត្រូវ​បាន​ឃុំ​ខ្លួន​ទាំង​អយុត្តិធម៌​ ហើយ​ទាមទារ​ឲ្យ​ទម្លាក់​បទ​ចោទ​ប្រកាន់​ទាំង​ឡាយ​ទៅ​លើ​រូប​លោក​និង​ទាមទារ​ឱ្យ​ដោះ​លែង​ប្រធាន​គណបក្ស​ប្រឆាំង​មួយ​នេះ​ថែម​ទៀត​ផង៕​

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស