34 C
Phnom Penh

អតីត​ចៅសង្កាត់​អូរចារ​ខេត្ត​បាត់ដំបង​របស់​គណបក្ស​សង្រ្គោះ​ជាតិ ​មិន​ពេញ​ចិត្ត​នឹង​ដីកា​កោះហៅ​របស់​តុលាការ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​ចៅ​សង្កាត់​អូរចារ​​ខេត្ត​បាត់ដំបង​កញ្ញា​ស៊ិន ចាន់ពៅរ៉ូហ្សិត​ អះអាង​ថា​ កញ្ញា​មិន​ដែល​ធ្វើ​សកម្ម​ភាព​ប្រឆាំង​នឹង​សាលដីកា​របស់​តុលាការ​កំពូល​នោះ​ឡើយ។​

កញ្ញា​ស៊ិន ចាន់ពៅរ៉ូហ្សិត​បាន​សរសេរ​នៅ​លើ​ទំព័​រហ្វេសប៊ុក​របស់​កញ្ញា​នៅថ្ងៃ​នេះ​ថា​ កញ្ញា​មិន​ពេញ​ចិត្ត​សាលដីកា​តុលាការ​ដែល​កោះហៅ​កញ្ញា​ឱ្យ​ចូល​បំភ្លឺ​នៅ​ខែ​ឧសភា​ខាង​មុខ​ឡើយ​ ប៉ុន្តែ​កញ្ញា​ក៏​គ្មាន​សមត្ថ​ភាព​អី​ទៅ​ប្រឆាំង​នឹង​សាលដីកា​នោះ​ដែរ។​

ការ​លើក​ឡើង​នេះ​ធ្វើ​ឡើង​ ក្រោយ​ពេល​តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​បាត់ដំបង​លោក​គី ប៉ុណ្ណារ៉ា​កាលពី​ថ្ងៃ​ទី​២៤​ខែ​មេសា​បាន​ចេញ​ដីកា​កោះ​មួយ​ដោយ​បង្គាប់​ឲ្យ​កញ្ញា​រ៉ូហ្សិត​ ចូល​ខ្លួន​បំភ្លឺ​នៅ​តុលាការ​ នាព្រឹក​ថ្ងៃ​ទី​៩​ខែ​ឧសភា។ ​ដីកា​នោះ​បញ្ជាក់​ថា​ ការ​កោះហៅ​នេះ​ក្នុង​នាម​កញ្ញា​រ៉ូហ្សិត​ជា​ជន​សង្ស័យ ​ដើម្បី​សាកសួរ​ពី​ដំណើរ​រឿង​ប្រឆាំង​នឹង​សាលដីកា​តុលាការ​កំពូល​កាលពី​ថ្ងៃ​ទី​១៦​វិច្ឆិកា​ឆ្នាំ​២០១៧។​

កាលពី​ថ្ងៃ​ទី​១៦​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧​គឺ​ជា​ថ្ងៃ​ដែល​តុលាការ​កំពូល​ក្នុង​របស់​រដ្ឋាភិបាល​លោក​ហ៊ុន សែន​សម្រេច​​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​និង​ហាម​មន្ត្រី​បក្ស​នេះ​ចំនួន​១១៨​រូប​ មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈ​ពេល​៥​ឆ្នាំ ​ព្រម​ទាំង​ដក​ហូត​តំណែង​មន្ត្រី​បក្ស​នេះ​តាំង​ពី​ថ្នាក់​ឃុំ ​សង្កាត់​រហូត​ដល់​ថ្នាក់​តំណាង​រាស្ត្រ​ប្រគល់​ឱ្យ​បក្ស​កាន់​អំណាច​ឬ​ បក្ស​ដែល​មិន​ជាប់​ឆ្នោត​ផ្សេង​ទៀត​ផង​ដែរ។​

កញ្ញា​រ៉ូហ្សិត​បាន​ចោទ​ជា​សំណួរ​ថា ​ក្នុង​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​កន្លង​មក​នេះ​តើ​សកម្ម​ភាព​ណាខ្លះ​ដែល​តុលាការ​អាច​បញ្ជាក់​ថា​ កញ្ញា​បាន​ប្រឆាំង​នឹង​សាលក្រម​នោះ?​

អតីត​ចៅ​សង្កាត់​អូរចារ​រូប​នេះ​ បាន​លើក​ឡើង​ពី​សកម្ម​ភាព​របស់​ខ្លួន​មួយ​ចំនួន​ថា​ កញ្ញា​ជា​ចៅ​សង្កាត់​ជាប់ឆ្នោត​ដែល​បាន​ទទួល​ការ​គាំទ្រ​ពី​ពលរដ្ឋ​កាលពី​ខែ​មិថុនា​ឆ្នាំ​២០១៧​បាន​សុខ​ចិត្ត​ប្រគល់​ត្រា​ជូន​ទៅ​រដ្ឋបាល​ក្រុង​វិញ​ក្រោយ​ពេល​តុលាការ​រំលាយ​គណបក្ស​ប្រឆាំង។​

លើស​ពី​នេះ ​កញ្ញា​បាន​មក​ប្រកប​របរ​លក់​នំ​បញ្ចុក​រហូត​ដល់​តំណាង​​រាស្ត្រ​បក្សកាន់​អំណាច​លោក​ឈាង វុន​ចោទ​ហាង​កញ្ញា​ថា​ ជា​កន្លែង​ឧទ្ទាម​ទៅ​ទៀត​ ដែល​ធ្វើ​ឲ្យ​ហាង​របស់​កញ្ញា​លក់​លែង​ដាច់​មួយ​លើក​រួច​មក​ហើយ។​

បន្ទាប់​មក​អតីត​មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​ បាន​ងាក​មក​ប្រកប​របរ​លក់​កាបូប​អនឡាញ ​ហើយ​កញ្ញា​អះអាង​ថា​ កញ្ញា​ធ្លាប់​បាន​ជួប​ជុំ​ធម្មតា​ជាមួយ​អតីត​មិត្ត​រួម​ការងារ​ក្នុង​លក្ខណៈ​នឹក​រលឹក​ប៉ុណ្ណោះ។​
កញ្ញា​បន្ត​ថា ​ក្នុង​នាម​ជា​ពលរដ្ឋ​ធម្មតា​ កញ្ញា​មាន​សិទ្ធិ​បញ្ចេញ​មតិ​អំពី​នយោបាយ​ដូច​ដែល​បាន​ចែង​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ ព្រោះ​កញ្ញា​មិន​ត្រូវ​បាន​ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​នោះ​ទេ ​ប៉ុន្តែ​កញ្ញា​ថា ​កញ្ញា​ក៏​​មិន​បាន​ធ្វើ​នយោបាយ​អ្វី​ដែរ​ ព្រោះ​គណបក្ស​ប្រឆាំង​មិន​ទាន់​ត្រឡប់​មក​វិញ។​

កញ្ញា​បញ្ជាក់​ទៀត​ថា​ កញ្ញា​មិន​ដែល​ជួប​ជុំ​ពលរដ្ឋ​ថ្លែង​សារ​នយោបាយ​ម្តង​ណា​ឡើយ​ចាប់តាំង​ពី​គណបក្ស​ប្រឆាំង​ត្រូវ​បាន​គេ​រំលាយ ​ហើយ ​ក៏មិន​ដែល​នាំ​ពលរដ្ឋ​ឲ្យ​ធ្វើ​បាតុកម្ម​ម្តង​ណា​ដែរ។ ​យ៉ាង​នេះ​ក្តី ​អតីត​ចៅ​សង្កាត់​អូរចារ​រូប​នេះ​មិន​បាន​បញ្ជាក់​ថា​ កញ្ញា​នឹង​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​តាម​ដីកា​របស់​តុលាការ​ឬ​យ៉ាង​ណា​នោះ​ទេ។​

សកម្ម​ភាព​ធ្វើ​ទុក្ខ​បុកម្នេញ​អតីត​មន្ត្រី​និង​សកម្ម​ជន​បក្ស​ប្រឆាំង​តាម​រូបភាព​បែប​នេះ​កើត​ឡើង​ជា​បន្ត​បន្ទាប់​ ក្រោយ​ពេល​លោក​ហ៊ុន សែន​គំរាម​ថា ​នឹង​មិន​ឱ្យ​ក្រុម​នេះ​មាន​ជីវិត​ទៀត​នោះ​ទេ​ ដោយ​ត្រូវ​កម្ចេច​ឱ្យ​សាប​សូន្យ ​ជាពិសេស​ចំពោះ​អ្នក​ហ៊ាន​ងើប​ឡើង​តវ៉ា​ឬ​ បញ្ចេញ​មតិ។​ លោក​បាន​បញ្ជា​ឲ្យ​មន្រ្តី​ក្រោម​ឱវាទ​របស់​លោក​ថា ​បើ​ងើប​មួយ​វ៉ៃ​មួយ​ងើប​ពីរ​វ៉ៃ​ពីរ ​តាម​រយៈ​ការ​យក​លេស​អំពី​ការ​អនុវត្ត​ច្បាប់៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស