40.3 C
Phnom Penh

បុរស​ម្នាក់​អំពាវនាវ​ឱ្យ​អ្នកស្រី​រ៉ូណាស្មីត​ជួយ​រក​យុត្តិធម៌​ដល់​កូន​ដែល​ស្លាប់​នៅ​ពន្ធនាគារ​ខេត្ត​កំពង់ចាម​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ម្នាក់​អំពាវនាវ​ឱ្យ​អ្នកស្រី​រ៉ូណាស្មីត​ជួយ​រក​យុត្តិធម៌​ដល់​កូន​ដែល​ស្លាប់​នៅ​ពន្ធនាគារ​ខេត្ត​កំពង់ចាម​ដោយ​លោក​លើក​ឡើង​ថា​ ករណី​កូន​របស់​ខ្លួន​ស្លាប់​ដោយ​អាថ៌​កំបាំង​និង​ស្លាប់​ដោយ​មាន​ស្លាក​ស្នាម​នៃ​ការ​វាយ​ដំ​ជាច្រើន​ផង​ដែរ។​

ក្នុង​វីដេអូ​ដែល​ផ្សព្វផ្សាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​អតីត​មេ​បក្ស​ប្រឆាំង​កាលពី​ថ្ងៃ​ម្សិលមិញ​ ​ឪពុក​លោក​ទិត្យរ៉ន​គឺ​លោក​អ៊ាមទិត្យ​ អាយុ​៦២​ឆ្នាំ​បាន​អំពាវនាវ​ឲ្យ​អ្នក​រាយ​ការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​អ្នកស្រី​រ៉ូណាស្មីត​ដែល​កំពុង​ធ្វើ​ទស្សន​កិច្ច​នៅ​កម្ពុជា​ជួយ​រក​យុត្តិធម៌​​ឲ្យ​គ្រួសារ​គាត់​ និង​កូន​របស់​គាត់។​

ការ​អំពាវ​នាវ​នេះ​ធ្វើ​ឡើង​ស្រប​ពេល​អ្នកស្រី​រ៉ូណាស្មីត​បាន​មក​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា​ចំនួន​១១​ថ្ងៃ​ដើម្បី​ពិនិត្យ​មើល​ និង​ប្រមូល​របាយ​ការណ៍​នានា​ស្តីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​ផង​ដែរ។​

លោក​អ៊ាមទិត្យ​អះអាង​ថា​ កូន​របស់​ខ្លួន​ត្រូវ​បាន​សមត្ថ​កិច្ច​ប៉ុស្តិ៍​ទួល​ព្រះ​ឃ្លាំង​ស្រុក​ស្ទឹងត្រង់​ ខេត្ត​កំពង់ចាម​ ចាប់​ខ្លួន​កាលពី​ថ្ងៃ​ទី​១៥​ខែ​មេសា​ហើយ​ស្រាប់​តែ​នៅ​ថ្ងៃ​ទី​១៨​ខែ​មេសា​ខាង​ពន្ធនាគារ​បាន​ហៅ​មក​ប្រាប់​សាច់​ញាតិ​លោក​ថា​ កូន​ប្រុស​របស់​លោក​បាន​ស្លាប់​នៅ​ពន្ធនាគារ​ខេត្ត​កំពង់ចាម​ទៅ​ហើយ​ ស្រប​ពេល​កូន​របស់​លោក​គ្មាន​ជំងឺ​សោះ​ឡើយ​ពី​មុន​មក។​ លោក​ថា​គ្រួ​សារ​ក៏​បាន​ទៅ​ទទួល​សព​ពី​ពន្ធនាគារ​នៅ​ថ្ងៃ​ទី​១៩​ខែ​មេសា។​

រូបភាព​សព​លោក​ទិត្យរ៉ន​បង្ហាញ​អំពី​ស្នាម​ជាំ​ភ្នែក​ និង​បែក​លើ​ភ្នែក​ខាង​ស្តាំ​ព្រម​ទាំង​ស្នាម​ជាំ​ក​និង​នៅ​ខ្នង​ជាដើម។​ឪពុក​ជន​រងគ្រោះ​ក៏​បាន​បញ្ជាក់​ថា​សព​កូន​របស់​ខ្លួន​ក៏​បាន​បាក់​ក​ថែម​ទៀត​ផង។​

ទោះជា​យ៉ាងណា​នៅ​ថ្ងៃនេះ​ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​កំពង់ចាម​លោក​ហួតវុទ្ធី​បាន​បំភ្លឺ​ថា​​ជន​ដែល​ស្លាប់​ក្នុង​ពន្ធនាគារ​លោក​ទិត្យរ៉ន​នោះ​ជា​មនុស្ស​ញៀន​ស្រា​ស​ផឹក​មួយ​ថ្ងៃ​មិន​តិច​ជាង​កន្លះ​លីត្រ​ អស់​រយៈ​ពេល​២​ឆ្នាំ​មក​ហើយ​ចាប់​តាំង​ពី​គេ​បាន​រត់​គេច​ខ្លួន​ ដែល​បាន​ប្រព្រឹត្ត​បទ​ល្មើស​ពី​មុន​មក។​

ព្រះរាជ​អាជ្ញា​បញ្ជាក់​ថា​លោក​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​បើក​ការ​ស៊ើប​អង្កេត​ជា​បន្ទាន់​បន្ទាប់ពី​ទទួល​បាន​សេចក្តី​រាយ​ការណ៍​ថា​ មាន​ទណ្ឌិត​ស្លាប់​ក្នុង​មន្ទីរ​ឃុំឃាំង​ដោយ​បាន​បញ្ជា​ឲ្យ​ជំនាញ​ចុះ​ទៅ​ស្រាវ​ជ្រាវ​និង​បញ្ជាក់​ពីមូលហេតុ​ស្លាប់​របស់​បុគ្គល​ឈ្មោះ​ទិត្យ​រ៉ន​នេះ។​

ក្រោយ​ការ​ស្រាវ​ជ្រាវ​ ព្រះ​រាជ​អាជ្ញា​ដដែល​សន្និដ្ឋាន​ថា​ បុគ្គល​ឈ្មោះ​ទិត្យរ៉ន​នេះ​មិន​បាន​ស្លាប់​ដោយ​សារ​ឃាត​កម្ម​ ឬ​អំពើ​ទារុណ​កម្ម​ណាមួយ​ក្នុង​បន្ទប់​ឃុំ​បណ្ដោះ​អាសន្ន​ឡើយ។​ ផ្ទុយ​ទៅ​វិញ​លោក​ថា​ ​គឺ​ជាការ​ដួល​បោក​ក្បាល​ទៅ​នឹង​ជ្រុង​អាង​ទឹក​ក្នុង​បន្ទប់​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ ហើយ​បណ្តាល​ឱ្យ​មាន​របួស​ធ្ងន់​ និង​រហូត​បណ្តាល​ឱ្យ​បុរស​រូប​នេះ​ស្លាប់​តែម្តង។​

ទោះជា​យ៉ាង​នេះ​ក្តី​ ​អតីត​ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស​លោក​សមរង្ស៊ី​កាលពី​ថ្ងៃ​ម្សិលមិញ​ បាន​ហៅ​ករណី​បុរស​ម្នាក់​ស្លាប់​ក្នុង​ពន្ធនាគារ​នៅ​ខេត្ត​កំពង់ចាម​លោក​ទិត្យរ៉ន​នេះ​ថា​ ជា​រឿង​ឃាតកម្ម​នយោបាយ​ថ្មី​មួយ​ទៀត​នៅ​កម្ពុជា។​លោក​អះអាង​ថា​ ជនរង​គ្រោះ​ឈ្មោះ​ទិត្យរ៉ន​អាយុ​៣៧​ឆ្នាំ​ត្រូវ​បាន​នគរបាល​ធ្វើ​ឃាត​ថ្ងៃ​១៨​មេសា​ឆ្នាំ​២០១៩​នៅ​ពន្ធនាគារ​ខេត្ត​កំពង់ចាម​ឬ​ពន្ធនាគារ​មាត់​ឃ្មង់​ ប៉ុន្តែ​លោក​សមរង្ស៊ី​មិន​បាន​បង្ហាញ​ភស្តុតាង​លម្អិត​នៃ​ការ​ស្លាប់​នេះ​ដែល​ពាក់ព័ន្ធ​ឬ​បង្ក​ពី​សមត្ថ​កិច្ច​ទេ​ ហើយ​លោក​ក៏​មិន​បាន​បង្ហាញ​ថា​ ករណី​នេះ​ពាក់ព័ន្ធ​ឃាតកម្ម​នយោបាយ​បែប​ណា​ដែរ៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស