28.4 C
Phnom Penh

សមត្ថ​កិច្ច​ឃាត់ខ្លួន​ជនជាតិ​ចិន​ម្នាក់​សង្ស័យ​ពាក់​ព័ន្ធ​ការ​ប្រើប្រាស់​គ្រាប់​បែក​ច្នៃ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថ​កិច្ច​ក្រុង​ភ្នំពេញ​បាន​ឃាត់​ខ្លួន​ជនជាតិ​ចិន​ម្នាក់​ក្រោយ​ពេល​ពួក​គេ​បាន​រក​ឃើញ​គ្រាប់បែក​កែ​ច្នៃ​ជាច្រើន​គ្រាប់​នៅ​ក្នុង​កាបូប​របស់​បុរស​រូប​នោះ​ដែល​ស្ពាយ​ដើរ​នៅ​ទី​សាធារណៈ​នៅ​ខណ្ឌ​ពោធិ៍សែនជ័យ​រាជធានី​ភ្នំពេញ​ដោយ​សមត្ថ​កិច្ច​សង្ស័យ​ថា​ ជាការ​ប៉ុនប៉ង​បំ​ផ្ទុះនៅ​ផ្ទះ​មិត្ត​ភក្តិ​របស់​ខ្លួន។​

យ៉ាង​នេះ​ក្តី​ករណី​នេះ​ស្នងការ​នគរ​បាល​រាជធានី​ភ្នំពេញ​លោក​សថេត​បញ្ជាក់​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​នេះ​ថា​គ្រាប់​បែក​កែ​ច្នៃ​ទាំង​នោះ​មិនមែន​ជា​គ្រាប់​បែក​ពិត​ប្រាកដ​នោះ​ទេ។​

លោក​បាន​ប្រាប់​សាធារណ​ជន​ថា​ខាង​មន្ត្រី​ជំនាញ​បាន​ស្រាវជ្រាវ​ករណី​នេះ​ដោយ​រក​ឃើញ​​ថា​ គ្រាប់បែក​កែច្នៃ​ដែល​ជនជាតិ​ចិន​បម្រុង​យក​ទៅ​ដាក់​ផ្ទះ​មិត្ត​ភក្តិ​នោះ​មិនមែន​ជា​គ្រាប់​បែក​ឡើយ​ដោយ​សារ​ពិនិត្យ​មើល​នៅ​ក្នុង​បំពង់​ទាំងអស់​នោះ​ឃើញ​សុទ្ធ​តែ​ខ្សាច់​និង​មិន​មាន​រំសេវ​ទេ។​

បញ្ហា​ជនជាតិ​ចិន​នៅ​កម្ពុជា​ សង្គម​ស៊ីវិល​នៅ​តែ​បង្ហាញ​ក្តី​បារម្ភ​ថា​ មាន​មួយ​ចំនួន​ចូល​មក​រស់នៅ​កម្ពុជា​បែប​អនា​ធិបតេយ្យ​និង​បង្ក​ផលប៉ះ​ពាល់​ដល់​ម្ចាស់​ស្រុក​ដូច​ជា​បញ្ហា​ចាប់​ជំរិត​តាម​អ៊ិនធឺណេត​ ប្លន់​ជួញ​ដូរ​ថ្នាំ​ញៀន​ពេស្យាចារ​ប្រព្រឹត្ត​ល្បែង​ស៊ីសង់​និង​បើក​បរ​បង្ក​គ្រោះ​ថ្នាក់​ដល់​ពល​រដ្ឋ​ខ្មែរ​ជាដើម។​

សង្គម​ស៊ីវិល​ក៏​ស្នើ​ឱ្យមាន​វិធាន​ការ​ច្បាប់​ម៉ឹងម៉ាត់​ទៅ​លើ​ជន​អន្តោ​ប្រវេសន៍​នៅ​កម្ពុជា​ពិសេស​ជន​ជាតិ​ចិន​ដើម្បី​ធានា​សន្តិសុខ​សុវត្ថិ​ភាព​ជូន​ពលរដ្ឋ​ទូទៅ។​

របាយ​ការណ៍​របស់​អគ្គ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍​​ក៏​បង្ហាញ​ផង​ដែរ​ថា​គិត​ត្រឹម​ខែ​តុលា​ឆ្នាំ​២០១៨​ជនជាតិ​ចិន​ដែល​ប្រព្រឹត្ត​ខុស​ច្បាប់​នៅ​កម្ពុជា​មាន​ចំនួន​៣៧៣​នាក់​ក្នុង​នោះ​ស្រី​មាន​៦៦​នាក់​ភាគ​ច្រើន​ប្រព្រឹត្ត​បទ​ល្មើស​២​ប្រភេទ​គឺ​បទ​ល្មើស​គំរាម​ជំរិត​និង​ឆបោក​តាម​ប្រព័ន្ធ​ទូរ​គមនាគមន៍​(VOIP)៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស