32.5 C
Phnom Penh

លោក​សម រង្ស៊ី​បន្ត​ចាញ់​ក្តី​នៅ​តុលាការ​ក្រុង​ភ្នំពេញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​សម រង្ស៊ី​បន្ត​ចាញ់​ក្តី​នៅ​តុលាការ​ក្រុង​ភ្នំពេញ​ចំនួន​ពី​សំណុំ​រឿង​ទៀត​នៅ​ថ្ងៃ​ទី​២​ ខែ​ឧសភា​នេះ។ ​ចៅ​ក្រម​ជំនុំ​ជម្រះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ លោក​រស់ ពិសិដ្ឋ​បាន​ប្រកាស​សាល​ក្រម​ផ្តន្ទា​ទោស​លោក​សម រង្ស៊ី​ដាក់​ពន្ធនាគារ​៨​ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​២០​លាន​រៀល​ចូល​ជា​ថវិកា​ជាតិ​ ក្នុង​សំណុំ​រឿង​ញុះញង់​ឲ្យ​កង​ទ័ព​កុំ​ស្តាប់​បទ​បញ្ជា​និង​ប្រមាថ​ព្រះ​មហា​ក្សត្រ។​

អ្នក​នាំ​ពាក្យ​សាលាដំបូង​រាជ​ធានី​ភ្នំពេញ ​លោក​អ៊ី រិន​ឲ្យ​ដឹង​ថា ​នៅ​ក្នុង​សវនាការ​នៅ​ថ្ងៃ​នេះ​ មាន​ចៅ​ក្រម​ជំនុំ​ជម្រះ​លោក​រស់ ពិសិដ្ឋ ​តំណាង​អយ្យការ​លោក​ប្លង់ សុផល ​លោក​សំ សុគង់​ជា​មេធាវី​របស់​លោក​សម រង្ស៊ី​និង​មេធាវី​ តំណាង​របស់​អគ្គ​បញ្ជាការ​កងទ័ព​គឺ​មេធាវី​លោក​វង្ស ភក្តី​ដែល​តំណាង​ឱ្យ​ដើម​បណ្តឹង​ផង​ដែរ។​

កង​យោធពល​ខេមរ​ភូមិន្ទ​បាន​ដាក់​ពាក្យ​ប្តឹង​លោក​សម រង្ស៊ី​ទៅ​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ពាក់​ព័ន្ធ​នឹង​ករណី​ញុះញង់​កុំ​ឲ្យ​យោធិន​ស្តាប់​បង្គាប់​រដ្ឋាភិបាល​លោក​ហ៊ុន សែន​ ធ្វើ​ឲ្យ​ខូច​ទឹក​ចិត្ត​កងទ័ព​និង​ប្រមាថ​ថ្នាក់​ដឹកនាំ​កង​យោធពល​ខេមរ​ភូមិន្ទ ​កាល​ពី​ថ្ងៃ​ទី​៧​ខែ​ធ្នូ​ឆ្នាំ​២០១៧​កន្លង​ទៅ។​

រី​ឯ​ករណី​ប្រមាថ​ព្រះ​មហា​ក្សត្រ ​លោក​សម រង្ស៊ី​ក៏​ត្រូវ​បាន​រដ្ឋ​អំណាច​នៃ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ប្តឹង​ទៅ​តុលាការ​កាលពី​អំឡុង​ខែ​មិថុនា​ឆ្នាំ​២០១៨​ក្រោយ​ពេល​លោក​ចាត់​ទុក​ថា​ ព្រះ​រាជសារ​របស់​ព្រះ​មហា​ក្សត្រ​ដែល​អំពាវ​នាវ​ឲ្យប្រជា​ពលរដ្ឋ​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី​២៩​ខែ​កក្កដា​ឆ្នាំ​២០១៨​កន្លង​ទៅ​ជា​លិខិត​ក្លែងក្លាយ ​ឬក៏​ជា​លិខិត​ធ្វើ​ឡើង​ក្រោម​ការ​សម្លុត​ និង​គាប​សង្កត់។​

កាលពី​ថ្ងៃ​ទី​៥​ធ្នូ​ឆ្នាំ​២០១៧ ​អតីត​ប្រធាន​គណបក្ស​ប្រឆាំង​លោក​សម រង្ស៊ី ​ អំពាវ​នាវ​ឲ្យ​កងទ័ព​បង្វែ​កាណុង​កាំភ្លើង​ទៅ​កាន់​រាជ​រដ្ឋាភិបាល​ ដោយ​បង្គាប់​ឲ្យ​កងទ័ព​ ឈប់​គាំទ្រ​លោក​ហ៊ុន សែន​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក។​ ក្រោយ​មក​នៅ​ថ្ងៃ​ទី​៧​ខែ​ធ្នូ​ឆ្នាំ​២០១៧ ​​កង​យោធពល​ខេមរ​ភូមិន្ទ​ បាន​ដាក់​ពាក្យ​ប្តឹង​អតីត​ប្រធាន​បក្ស​ប្រឆាំង​រូប​នេះ​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ពាក់​ព័ន្ធ​នឹង​ករណី​ ញុះញង់​កុំ​ឲ្យ​យោធិន​ស្តាប់​បង្គាប់​រាជ​រដ្ឋាភិបាល​ស្រប​ច្បាប់​ ធ្វើឲ្យ​ខូចទឹក​ចិត្ត​កង​ទ័ព​ និង​ប្រមាថ​ថ្នាក់​ដឹក​នាំ​កង​យោធ​ពល​ខេមរ​ភូមិន្ទ។​ ​ពាក្យ​បណ្តឹង​នោះ​បាន​ចាត់​ទុក​ការ​អំពាវ​នាវ​របស់​លោក​សម រង្ស៊ី​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​រដ្ឋ។​

ការ​សម្រេច​របស់​តុលាការ​លោក​ហ៊ុន សែន​នេះ ​គេ​មិន​ទាន់​ឃើញ​មាន​ប្រតិកម្ម​ពី​លោក​សម រង្ស៊ី​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​នៅ​ឡើយ​ រហូត​មក​ទល់​ពេល​នេះ។​

យ៉ាង​នេះ​ក្តី​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​២៩​មេសា​ ​ លោក​សម រង្ស៊ី​​នៅ​តែ​បន្ត​អំពាវ​នាវ​ឲ្យ​កងទ័ព​ពិសេស​មេទ័ព​ស្នេហា​ជាតិ​ទាំងអស់​ ទោះជា​ពាក់​ផ្កាយ​ប៉ុន្មាន​លើ​ស្មា​ក៏​ដោយ​ ព្រម​ទាំង​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ លោក​ស ខេង​ផង​ដែរ ​ត្រូវ​រួម​គ្នា​ជា​ធ្លុង​មួយ​ដើម្បី​កម្ចាត់​លោក​ហ៊ុន សែន​ឲ្យ​ខាង​តែ​បាន​ក្នុង​ឆ្នាំ​២០១៩​នេះ។​

លោក​សម រង្ស៊ី​អះអាង​ថា​ គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​តំណាង​ឲ្យ​ឆន្ទៈ​ប្រជា​ពល​រដ្ឋ​ខ្មែរ​ជាង​ពាក់​កណ្តាល​នគរ​ត្រៀម​ខ្លួន​គាំទ្រ​ពេញ​ទំហឹង​ចំពោះ​ចលនា​កង​កម្លាំង​ប្រដាប់​អាវុធ​ស្នេហា​ជាតិ​ ដែល​កំពុង​តែ​រៀបចំ​គម្រោង​ស្រោច​ស្រង់​ជាតិ។​

សារ​ព័ត៌មាន​The Cambodia Daily​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​លោក​សមរង្ស៊ី​ដែរ​ ប៉ុន្តែ​ទូរស័ព្ទ​របស់​លោក​គ្មាន​អ្នក​ទទួល។​ ទោះជាយ៉ាង​ណា​ក៏​ដោយ​ កន្លង​មក​លោក​សមរង្ស៊ី​តែង​អះអាង​ថា​ លោក​មិ​នចាប់​អារម្មណ៍​នឹង​ចំណាត់​កា​របស់​តុលាការ​នៅ​កម្ពុជា​នោះ​ឡើយ ​ដោយ​លោក​ចាត់​ទុក​ថា​ តុលាការ​មួយ​នេះ​ជា​តុលាការ​ដែល​ស្ថិត​ក្រោម​បញ្ជា​ផ្ទាល់​ពី​លោក​ហ៊ុន សែន​ឬជា​តុលាការ​តេឡេ​ប៉ុណ្ណោះ៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស