28 C
Phnom Penh

ពលរដ្ឋ​ខ្មែរ​ក្រោម​នៅ​តែកាន់​ទុក្ខ​អ្នក​ស្នេហា​ជាតិ​ខ្មែរ​ក្រោម​ដែល​បាន​ស្លាប់​ដោយ​សារ​កងទ័ព​វៀតណាម​ដែល​ដឹក​នាំ​ដោយ​មេបញ្ជាការ ឡេ ឌឹកអាញ់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ​ខ្មែរ​ក្រោម​នៅ​តែ​ចងចាំ​អំពី​ភាព​សាហាវ​ឃោរ​ឃៅ​របស់​ក្រុម​កងទ័ព​​វៀតណាម​ដែល​ដឹក​នាំ​ដោយ​មេ​បញ្ជាការ​ឡេ ឌឹកអាញ់​ដែល​បាន​បាញ់​សម្លាប់​អ្នក​ស្នេហា​ជាតិ​ខ្មែរ​ក្រោម​ជា​ច្រើន​នាក់។​

លោក​ទ្រឹង មាណារិន​ដែល​ជា​នាយក​ផែន​ការ​របស់​សហ​ព័ន្ធ​ខ្មែរ​ក្រោម​ក្នុង​រដ្ឋ​ New Jersey​សហ​រដ្ឋ​អាមេរិក​បាន​ប្រាប់​សារ​ព័ត៌មាន​The Cambodia Daily​ ថា ​ពលរដ្ឋ​ខ្មែរ​នៅ​​កាន់​ទុក្ខ​ចំពោះ​ការ​ពលី​ជីវិត​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម​ដែល​ក្រុម​យោធា​របស់​ឡេ ឌឹកអាញ់​បាញ់​សម្លាប់​កាលពី​ជាង​៤០​ឆ្នាំ​មុន។​

ឧត្តម​សេនីយ៍​ឡេ ឌឹកអាញ់​ជា​មេ​បញ្ជាការ​កងទ័ព​ប្រជាជន​វៀតណាម​ ដែល​ទទួល​ខុស​ត្រូវ​ក្នុង​ផែនការ​វាយ​លុក​លុយ​ទន្រ្ទាន​ឈ្លាន​ពាន​ រំលំ​របប​ខ្មែរ​ក្រហម​ ហើយ​យក​ស្រុក​ខ្មែ​រត្រួត​ត្រា​កាន់​កាប់​ក្នុង​ឆ្នាំ​១៩៧៩​បាន​ទទួល​មរណភាព​ដោយ​ជរាភាព ​កាលពី​ថ្ងៃ​ទី​២២​ខែ​មេសា​កន្លង​ទៅ​ក្នុង​អាយុ​៩៨​ឆ្នាំ។​

តាម​ការ​ចុះ​ផ្សាយ​ក្នុង​កាសែត​អង់គ្លេស ​The Guardian​នៅ​ថ្ងៃ​ទី​៣០​មេសា​ ក្នុង​វ័យ​កុមារ​ ឡេ ឌឹកអាញ់​កើត​រោគអុត​ដែល​ បណ្តាល​ឲ្យ​ពិការ​ភ្នែក​ម្ខាង។​ ក្នុង​យុវ វ័យ​ នា​សម័យ​អាណានិគមន៍​បារាំង​សែស​លោក​រៀន​ខាង​វិស្វកម្ម។​

សម័យ​តស៊ូ​ទាមទារ​ឯក​រាជ្យ​ពី​បារាំង​ឡេ ឌឹកអាញ់​មាន​ឋានៈ​ជា​មេ​បញ្ជាការ​កង​វរសេនា​តូច​ ហើយ​នៅ​ឆ្នាំ​១៩៦២​បាន​ឡើង​ទៅ​ធ្វើ​ការ​នៅ​អគ្គ​សេនាធិការ​ដ្ឋាន​ ជា​នាយ​ប្រតិបត្តិ​ការ​សឹក។ ​លោក​បាន​បម្រើ​ការ​ក្នុង​កងអង្គ​ភាព​របស់​ឧត្តម​សេ នីយ៍​ វ៉ាន់ ទៀង យុង​ដើម្បី​រៀបផែន​ការ​វាយ​លុក​ផ្តាច់​ព្រ័ត្រ​កាន់​កាប់​ក្រុង​ព្រៃនគរ​ ឆ្នាំ​១៩៧៥។​

ឧត្តម​សេនីយ៍​ឡេ ឌឹកអាញ់​បញ្ជា​កម្លាំង​វាយ​លុក​ស្រុក​ខ្មែរ​នៅ​ថ្ងៃ​ទី​២៨​ខែ​ធ្នូ​១៩៧៨​ក្នុង​ឋានៈ​ជា​មេ​បញ្ជាការ​យោធ​ភូមិ​ភាគ​ទី​៤។​

លោក​បញ្ជា​កងទ័ព​ត្រួត​ស្រុក​ខ្មែរ​ជិត​២​សែន​នាក់ ​ហើយ​រស់​នៅ​ស្រុក​ ខ្មែរ​រយៈ​ពេល​៧​ឆ្នាំ។ ​លោក​កម្មាភិបាល​ជាន់​ខ្ពស់​ទទួល​បន្ទុក​កិច្ចការ​ត្រួត​ត្រា​ ស្រុក​ខ្មែរ​ឲ្យ​ការិយាល័យ​នយោបាយ​គណៈ​កម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយ​និស្ត​វៀតណាម​ គឺ​លោក​ឡេ ឌឹកថ។​

ក្រោយ​ពី​ចេញ​ពី​ស្រុក​ខ្មែរ​បន្តិច ​លោក​បាន​សរសេរ​កត់​ត្រា​ទុក​ថា៖​ យុទ្ធ​សម្ព័ន្ធ​ភាព​ក្នុង​ចំណោម​ប្រទេស​ឥណ្ឌូ​ចិន​ទាំង​៣​(វៀតកណាម​ កម្ពុជា​លាវ) ​ក្លាយ​ជា ​ច្បាប់​នៃ​ការ​រស់​រាន​ជីវិត​ទៅ​មុខ​និង​ ការ​អភិវឌ្ឍ​សម្រាប់​ប្រទេស​នីមួយៗ​ដោយ​ឡែកៗ​ពី​គ្នា ​និង​ប្រទេស​ទាំង​៣​រួម​គ្នា​ផង​ដែរ។​ នៅ​ឆ្នាំ​១៩៩២​ លោក​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​ហើយ​នៅ​ឆ្នាំ​១៩៩៦​លោក​មាន​ជម្ងឺ​ស្លាប់​មួយ​ចំហៀង​ខ្លួន៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស