30 C
Phnom Penh

លោក​សមរង្ស៊ី​បន្ទោស​ព្រះ​មហា​ក្សត្រ​ថា​ មិន​ដែល​ចេះ​គិត​អំពី​សុខទុក្ខ​របស់​ពលរដ្ឋ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​លោក​សម រង្ស៊ី​អះអាង​ថា ​ព្រះ​មហា​ក្សត្រ​ទន់​ជ្រាយ​គ្មាន​ប្រយោជន៍​ដល់​ជាតិ​ទេ។​

លោក​សមរង្ស៊ី​បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ទី​៣​ខែ​ឧសភា​ គឺ​មួយ​ថ្ងៃ​ក្រោយ​ពេល​តុលាការ​ក្រុង​ភ្នំពេញ​កាត់ទោស​លោក​ឲ្យ​ជាប់​ទោស​៨​ឆ្នាំ​ក្នុង​សំណុំ​រឿង​ប្រមាថ​ព្រះ​មហា​ក្សត្រ​និង​ញុះញង់​កុំ​ឲ្យ​យោធិន​ស្ដាប់​បង្គាប់។​

អតីត​មេ​ដឹកនាំ​បក្ស​ប្រឆាំង​ដែល​លោក​ហ៊ុន សែន​ហាម​មិន​ឲ្យ​ចូល​ស្រុក​រូប​នេះ​បាន​បន្ទោស​ព្រះ​មហា​ក្សត្រ​ថា​ ជាអ្នក​បណ្តែត​បណ្តោយ​​ឲ្យ​លោក​ហ៊ុន សែន​អាច​យក​ព្រះ​អង្គ​ធ្វើ​ជា​ចំណាប់​ខ្មាំង​ដូច​សព្វ​ថ្ងៃ​នេះ ​ហើយ​ថា​ ព្រះ​មហា​ក្សត្រ​ទន់ជ្រាយ​បែប​នេះ​ គឺគ្មាន​ប្រយោជន៍​ទាល់​តែសោះ​សម្រាប់​ប្រទេស​ជាតិ​ ហើយ​មាន​តែធ្វើ​ឲ្យខូច​ខាត​ផល​ប្រយោជន៍​ជាតិ​ទៅ​វិញ។​

លោក​សមរង្ស៊ី​បាន​បន្ទោស​ធ្ងន់ៗ​ដល់​ព្រះ​មហា​ក្សត្រ​ថា​ ព្រះអង្គ​សំងំ​តែ​សុខ​ក្នុង​វាំង ​ឬ​នៅ​ប្រទេស​ចិន​ ហើយ​មិន​ដែល​ឈឺ​ឆ្អាល​អំពី​ទុក្ខ​វេទនា​របស់​ប្រជា​រាស្ត្រ​នោះ​ឡើយ​ ហើយ​ក៏មិន​ដែល​ចេញមុខ​ការពារ​ប្រជា​រាស្ត្រ​រង​គ្រោះណា​មួយ​នោះ​ដែរ។​

រី​ឯ​ការ​ចោទ​ប្រកាន់​ថា​ លោក​ជា​អ្នក​«ញុះញង់​កុំ​ឲ្យ​យោធិន​ស្ដាប់​បង្គាប់​ និង​ធ្វើ​ឲ្យខូច​ទឹក​ចិត្ត​កង​ទ័ព»​គឺ​លោក​នៅ​តែ​បន្ត​លើក​ទឹក​ចិត្ត​កង​កម្លាំង​ប្រដាប់​អាវុធ​ថែម​ទៀត​ សូម​ឲ្យ​ឈប់​ស្តាប់ ​និង​ឈប់​ការពារ​លោក​ហ៊ុន សែន​ហើយ​ត្រូវ​បែរ​ទាំង​ទឹក​ចិត្ត​ ទាំង​ចុង​កាំភ្លើង​មក​ការពារ​ប្រជារាស្ត្រ​វិញ​ដើម្បី​ចូល​រួម​ចលនា​ស្រោច​ស្រង់​ជាតិ​ កម្ចាត់​របប​ផ្តាច់ការ​សព្វ​ថ្ងៃ​នៅ​កម្ពុជា។​

លោក​សម រង្ស៊ី​ចាត់ទុក​ថា ​តុលាការ​ទីក្រុង​ភ្នំពេញ​ បាន​កាត់​ក្តី​ឲ្យ​លោក​ជាប់​ពន្ធនាគារ​៨​ឆ្នាំ​ លើ​សំណុំ​រឿង​ថ្មី​ពីរ​កាល​ពី​ម្សិលមិញ​នេះ​គឺ​ជា​កិត្តិយស​របស់​លោក​ទៅ​វិញ​ទេ។​ លោក​ថា​ ជា​កិត្តិយស​នេះ​ព្រោះ ​ដោយសារ​លោក​គ្រាន់តែ​ធ្វើ​សកម្ម​ភាព​នយោបាយ​ដោយ​សន្តិវិធី​ ដែល​នេះ​បង្ហាញ​ថា​ លោក​កំពុងតែ​ដើរ​លើ​ផ្លូវ​ត្រូវ​ ក្នុង​ការ​ខិតខំ​ទាមទារ​សេរីភាព​ជូន​ពល​រដ្ឋ​ខ្មែរ៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស