មន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាលអះអាងថា សេរីភាពសារព័ត៌មាននៅកម្ពុជាមានការរកចម្រើនគួរឲ្យកត់សម្គាល់ ខណៈពេលរដ្ឋទទួលបានព័ត៌មានពីគ្រប់ភាគីពាក់ព័ន្ធ។
រដ្ឋមន្ត្រីក្រសួងព័ត៌មានលោកខៀវ កញ្ញារីទ្ធអះអាងថា វិស័យសារព័ត៌មាននៅកម្ពុជាមានភាពទូលំទូលាយក្នុងការផ្តល់ដំណឹងពិតដល់ប្រជាពលរដ្ឋដោយសេរី។
ការអះអាងរបស់រដ្ឋមន្រ្តីក្រសួងព័ត៌មានរូបនេះ ធ្វើឡើងនៅក្នុងពិធីអបអរទិវាសេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០១៩ នៅថ្ងៃសុក្រ ទី៣ខែឧសភា នេះ។
ជាងនេះទៅទៀតលោកខៀវ កាញារីទ្ធបានអំពាវនាវឱ្យអ្នកសារព័ត៌មានទាំងអស់ត្រូវបំពេញការងាររបស់ខ្លួនប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ រក្សានូវភាពថ្លៃថ្នូរ ហើយមិនត្រូវប្រព្រឹត្តអំពើខុសច្បាប់ ដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃសារព័ត៌មាននោះឡើយ។
ប៉ុន្តែសម្ព័ន្ធអ្នកកាសែតអាស៊ីអាគ្នេយ៍ SEAPA អះអាងថា កម្ពុជាកំពុងប្រើច្បាប់បង្ក្រាបអ្នកកាសែតហើយវាធ្វើឲ្យប៉ះពាល់ដល់សិទ្ធិក្នុងការបញ្ចេញមតិ និងសេរីភាពសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ។
ចាប់តាំងពីឆ្នាំ២០១៨មក យ៉ាងហោចណាស់មានអ្នកកាសែត៧នាក់ហើយ ក្នុងនោះមានអតីតអ្នកកាសែតអាស៊ីសេរីពីរនាក់ អតីតអ្នកកាសែត The Cambodia Daily ម្នាក់អ្នកកាសែតអនឡាញ៣នាក់ និងអ្នកកាសែតអូស្ត្រាលីម្នាក់ត្រូវបានរដ្ឋាភិបាលប្រើប្រាស់ច្បាប់ប្រឆាំងនឹងពួកគេ។
អង្គការសេរីភាពព័ត៌មានឈ្មោះReporters Without Borderកាលពីខែមេសា ឆ្នាំ២០១៩បានឲ្យចំណាត់ថ្នាក់សេរីភាពសារព័ត៌មាននៅកម្ពុជាជាប់លេខរៀងទី១៤៣ក្នុងចំណោមប្រទេសចំនួន១៨០លើពិភពលោក។ការទទួលបានចំណាត់ថ្នាក់ធ្លាក់ចុះពេលនេះ បង្ហាញថា សេរីភាពសារព័ត៌មាននៅកម្ពុជាបានធ្លាក់ចុះទៅរកភាពកាន់តែអាក្រក់៣ ឆ្នាំជាប់ៗគ្នា។
ក្រោយការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧រដ្ឋាភិបាលចាប់ផ្តើមធ្វើទុក្ខបុកម្នេញស្ថាប័នសារព័ត៌មានឯករាជ្យមួយចំនួនជាបន្តបន្ទាប់ ដោយចាប់ផ្តើមពីកាសែតThe Cambodia Dailyដែលត្រូវបង្ខំចិត្តបិទការិយាល័យផ្សាយរបស់ខ្លួននៅភ្នំពេញ កាលពីថ្ងៃទី៣ខែកញ្ញា ២០១៧ក្រោមហេតុផលមិនបានបង់ពន្ធរយៈពេល១០ឆ្នាំ ដែលមានទឹកប្រាក់៦លាន៣សែនដុល្លារសហរដ្ឋអាមេរិក។
ក្រោយគ្នាបន្តិចស្ថានីយ៍ផ្សាយបន្តព័ត៌មានវិទ្យុអាស៊ីសេរី វិទ្យុសំឡេងសហរដ្ឋអាមេរិក VOA វិទ្យុសំឡេងប្រជាធិបតេយ្យ VOD និងវិទ្យុផ្សេងៗជាច្រើនទៀត ត្រូវបានបិទក្រោមហេតុផលមិនគោរពតាមកិច្ចព្រមព្រៀងជាមួយក្រសួងព័ត៌មាន។
របាយការណ៍ដដែលលើកឡើងថា ការបំបាត់សំឡេងឯករាជ្យជាបន្តបន្ទាប់ ធ្វើឱ្យពលរដ្ឋកម្ពុជាទទួលបានតែព័ត៌មានដែលផ្សព្វផ្សាយដោយរោងចក្រផលិតព័ត៌មានរបស់ក្រុមលោកហ៊ុន សែនដូចជា Fresh Newsជាដើម៕