38 C
Phnom Penh

ក្រសួង​យុត្តិធម៌​ពិនិត្យ​សំណើ​សុំ​បន្ធូរ​បន្ថយ​ និង​លើក​លែង​ទោស​ទណ្ឌិត​ក្នុង​បុណ្យ​វិសាខ​បូជា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​លោក​អង្គ វង្សវឌ្ឍនា​កំពុង​ដឹក​នាំ​កិច្ច​ប្រជុំ​ ដើម្បី​ត្រួត​ពិនិត្យ​លើ​សំណើ​សុំ​បន្ធូរ​បន្ថយ​ និង​លើក​លែង​ទោស​ដល់​ទណ្ឌិត​ សម្រាប់​បុណ្យ​វិសាខ​បូជា​នៅ​ថ្ងៃ​ទី​​៦​ខែ​ឧសភា​ឆ្នាំ​២០១៩​នេះ ។​

កិច្ច​ប្រជុំ​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​ក្រសួង​ទទួល​បាន​ សំណើ​ពី​ពន្ធនាគារ​រាជ​ធានី-ខេត្ត​ចំនួន​២២​និង​មណ្ឌល​អប់រំ​កែ​ប្រែចំ​នួន​៣​ ក្នុង​ការ​សុំ​បន្ធូរ​បន្ថយ​និង​លើក​លែង​ទោស​ដល់​ទណ្ឌិត​ ក្នុង​បុណ្យ​វិសាខ​បូជា​ខាង​មុខ។​

របាយ​ការណ៍​របស់​ក្រសួង​យុត្តិ​ធម៌​បង្ហាញ​ថា​ ក្នុង​ឱកាស​បុណ្យ​វិសាខ​បូជា​ខាងមុខ​នេះ ​គណៈ​កម្មការ​រាជ​ធានី-ខេត្ត​ ពន្ធនាគារ​រាជ​ធានី-ខេត្ត​ និង​មណ្ឌល​អប់​រំកែប្រែ ​បាន​ធ្វើ​លិខិត​ស្នើ​អនុគ្រោះ​ទោស​ដល់​ទណ្ឌិត​ សរុប​២៥២​រូប​ក្នុង​នោះ​ស្រី​១៦​រូប។​

ជា​គោល​ការណ៍​ច្បាប់​ទណ្ឌិត​អាច​ស្នើ​សុំ​ឱ្យ​មាន​ការ​បន្ធូរ​បន្ថយ​ និង​លើក​លែង​ទោស​បាន​ ក្នុង​លក្ខ​ខណ្ឌ​ដែល​ទណ្ឌិត​នោះ​បាន​អនុវត្ត​ទោស​២​ភាគ​៣​ ហើយ​ទណ្ឌិត​អាច​ស្នើ​សុំ​បាន​ក្នុង​ពិធី​បុណ្យ​ប្រពៃណី​ជាតិ​ដូច​ជា​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ ពិធី​បុណ្យ​វិសាខ​បូជា​ និង​ពិធី​បុណ្យ​អុំទូក​បណ្ដែត​ប្រទីប​ សំពះ​ព្រះខែ ​និង​អក​អំបុក។​ បុណ្យ​វិសាខ​បូជា​នឹង​ត្រូវ ​ប្រារព្ធ​ថ្ងៃ​ទី​១៨​ខែ​ឧសភា​ខាង​មុខ។​

ថ្ងៃ​១៥​កើត​ ខែ​ពិសាខ​ គឺជា​ថ្ងៃ​មួយ​ដែល​ពុទ្ធ​សាសនិក​ជន​នៅ​ទូទាំង​សកល​លោក​បាន​នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​ដ៏​សំខាន់​មួយ​ គឺ​វិសាខ​បូជា។​ សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​ផ្នែក​សិទ្ធិ​មនុស្ស​ស្នើ​ទៅ​ក្រសួង​យុត្តិធម៌​គួរ​ផ្តល់​អាទិភាព​ដល់​ទណ្ឌិត​ដែល​ជាប់​ឃុំ​ព្រោះ​បញ្ហា​ដីធ្លី​ បញ្ហា​នយោបាយ​ និង​ទណ្ឌិត​ជា​ស្រ្តី។​

ទាក់ទង​ទៅ​នឹង​នីតិវិធី​នៃ​ការ​បន្ធូរ​បន្ថយ ​និង​លើកលែង​ទោស​ដល់​ទណ្ឌិត​នេះ​ សមត្ថ​កិច្ច​បាន​ពិនិត្យ​លក្ខណៈ​សម្បត្តិ​ទណ្ឌិត​ទាំង​នោះ​រួច​ហើយ​នឹង​ធ្វើ​សេចក្តី​សម្រេច​ចុង​ក្រោយ​ដាក់​ជូន​ទៅ​លោក​ហ៊ុន សែន​សម្រេច​ជា​មុន ​ហើយ​បន្ទាប់​មក​នឹង​ថ្វាយ​ដល់​ព្រះ​មហា​ក្សត្រ​ ដើម្បី​សុំ​លើក​លែង​ទោស ​និង​បន្ធូរ​បន្ថយ​ទោស៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស