28 C
Phnom Penh

តំណាង​រាស្រ្ត​បក្ស​ប្រឆាំង​បបួល​លោក​ហ៊ុនសែន​ភ្នាល់​គ្នា​ក្នុង​សំណុំ​រឿង​ចៅ​សង្កាត់​អូរចារ​កញ្ញា​ស៊ិន ចាន់ពៅរ៉ូហ្សេត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្រប​ពេល​ដែល​តុលាការ​ខេត្ត​បាត់ដំបង​ចេញ​ដីការ​កោះ​ហៅ​ចៅ​សង្កាត់​អូរចារ​ កញ្ញា​ស៊ិន ចាន់ពៅរ៉ូហ្សេត​និង​មន្រ្តី​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​នេះ​ជា​បន្ត​បន្ទាប់​ឲ្យ​ចូល​ខ្លួន​បំភ្លឺ​នៅ​តុលាការ​ជុំវិញ​សកម្ម​ភាព​នយោបាយ​របស់​ពួក​គេ។​

តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​លោក​សួន សូរីដា​ បាន​សរសេរ​លើ​ហ្វេសប៊ុក​របស់​លោក​ថ្ងៃ​ទី​៧​ខែ​ឧសភា​នេះ​ ដោយ​បបួល​លោក​ហ៊ុន សែន​ភ្នាល់​ជាមួយ​លោក។ ​លោក​បន្ត​ថា ​តុលាការ​លោក​ហ៊ុន សែន​មិន​ហ៊ាន​ចាប់​កញ្ញា​ស៊ិន ចាន់ពៅរ៉ូហ្សិត​ទេ ​នៅ​ដែល​ពេល​តុលាការ​ដំបូង​ខេត្ត​បាត់ដំបង​កោះ​ហៅ ​ពី​ថ្ងៃ​៩​ដល់​ថ្ងៃ​១៦​ឧសភា​២០១៩​ខាង​មុខ​នេះ។ ​

លោក​អះអាង​ថា ​ប្រសិន​បើ​លោក​ហ៊ុន សែន​ចាញ់ ​នោះ​លោក​ហ៊ុន សែន​មិន​ចាំបាច់​កាត់​ក​របស់​លោក​នោះ​ទេ​គឺ​គ្រាន់តែ​ចុះ​ចេញ​ពី​តំណែង​ជា​នាយក​រដ្ឋ​មន្ត្រី​ទុក​ឱ្យ​លោក​សម រង្ស៊ី​ដឹកនាំ​ម្តង​ទៅ​បាន​ហើយ។​

ប៉ុន្តែ​ប្រសិន​បើ​លោក​សួន សូរីដា​ចាញ់​លោក​ហ៊ុន សែន​​វិញ​ នោះ​លោក​សម រង្ស៊ី​ នឹង​ព្រម​ចូល​ខ្លួន​ទៅ​ស្រុក​ខ្មែរ​ឱ្យ​លោក​ហ៊ុន សែន​ចាប់​ដាក់​គុក។​

តុលាការ​បាន​ចេញ​ដីកា​កោះ​ហៅ​មន្ត្រី​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ដែល​ជាប់​ឆ្នោត​ របស់​គណ​បក្ស​សង្គ្រោះ​ជាតិ ​និង​មន្ត្រី​ក្រុម​ប្រឹក្សា​ស្រុក​ និង​ខេត្ត​របស់​បក្ស​នេះ​ចំនួន​២៦​រូប​ឲ្យ​ចូល​ទៅ​បំភ្លឺ​ជា​បន្ត​បន្ទាប់​ចាប់​ពី​ថ្ងៃ​ទី​៨​ខែ​ឧសភា​ត​ទៅ​ ពីបទ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ប្រឆាំង​សាល​ដីកា​របស់​តុលាការ​កំពូល​ដែល​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។​

ចំណាត់​របស់​តុលាការ​នៅ​ពេល​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​អតីត​ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​អំពី​គំរោង​វិល​ត្រឡប់​ចូល​ទៅ​កាន់​ប្រទេស​កម្ពុជា​វិញ​ ដែល​នឹង​មាន​មន្រ្តី​ថ្នាក់​មូលដ្ឋាន​ជា​ច្រើន​កំពុង​រៀបចំ​យុទ្ធ​សាស្រ្ត​ទទួល​ និង​ក្រោយ​ពី​លោក​សោ ចាន់ដេត ​សមាជិក​ព្រឹទ្ធ​សភាពី​ខាង​គណបក្ស​សម រង្ស៊ី​អះអាង​ថា​ មន្រ្តី​ថ្នាក់​មូលដ្ឋាន​របស់​លោក​បាន​ត្រៀម​ខ្លួន​រៀបចំ​កម្លាំង​ដើម្បី​រង់​ចាំ​ទទួល​លោក​សមរង្ស៊ី។​

អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ប្រកាស​ថា​ ពួក​គេ​ត្រៀម​ខ្លួន​ទៅ​ឃ្លាំ​មើល​នៅ​មុខ​សាលាដំបូង​ខេត្ត ​ដើម្បី​ផ្ដល់​កម្លាំង​ចិត្ត​ដល់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​នោះ។​ ក្រុម​មន្រ្តី​ជាន់​ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​អះអាង​ថា​ ពួក​គេ​កំពុង​ត្រៀម​មេធាវី​ដើម្បី​ការពារ​ក្តីជូន​មន្ត្រី​បក្ស​ថ្នាក់​មូលដ្ឋាន​ទាំង​នោះ៕​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស