34 C
Phnom Penh

មន្ត្រី​គណបក្ស​សង្រ្គោះ​ជាតិ​ខេត្ត​បាត់ដំបង​ នឹង​ចូល​បំភ្លឺ​នៅ​តុលាការ​តាម​ការ​កោះហៅ​ ខណៈ​សមត្ថ​កិច្ច​ត្រៀម​កម្លាំង​ទប់ទល់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​មន្ត្រី​គណបក្ស​សង្រ្គោះ​ជាតិ​ខេត្ត​បាត់ដំបង​ ដែល​មាន​ឈ្មោះ​ក្នុង​ការ​ចូល​បំភ្លឺ​នៅ​សាលា​ដំបូង​នៅ​ថ្ងៃ​ស្អែក​មួយ​ចំនួន​នឹង​ចូល​បំភ្លឺ​តាម​ការ​គ្រោង​ទុក​ ស្រប​ពេល​ដែល​សមត្ថ​កិច្ច​ខេត្ត​នេះ​បាន​បញ្ជាក់​ថា ​ពួកគេ​ត្រៀម​កម្លាំង​ទប់ទល់​នៅ​ខាង​មុខ​សាលា​ដំបូង​រួច​ទៅ​ហើយ។​

សារ​ព័ត៌មាន​ដែល​ស្និត​នឹង​លោក​ហ៊ុន សែន​Fresh News​នៅថ្ងៃ​នេះ​បាន​ដក​ស្រង់​សម្តី​របស់​ស្នងការ​នគរបាល​ខេត្ត​បាត់​ដំបង​លោក​អ៊ុច សុខុន​ចុះ​ផ្សាយ​ថា​  កម្លាំង​សមត្ថ​កិច្ច​របស់​លោក​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ការ​ពារ​សន្តិសុខ​ នៅ​មុខ​សាលា​ដំបូង​ខេត្ត​បាត់ដំបង​ នៅ​ពេល​តុលាការ​បើក​ការ​សាកសួរ​អតីត​តំណាង​រាស្រ្ត ​និង​សកម្មជន​គណបក្ស​សង្រ្គោះ​ជាតិ។​

លោក​អះអាង​ថា ​ការ​ត្រៀម​កម្លាំង​ការពារ​នេះ​ធ្វើ​ឡើង​តាម​បទ​បញ្ជា​របស់​អគ្គស្នង​ការ​នគរ​បាល​ជាតិ ​និង​ជា​ក្មួយ​ប្រសារ​របស់​លោក​ហ៊ុន សែន​គឺ​ លោក​នេត សាវឿន ​និង​តាម​បញ្ជា​ផ្ទាល់​របស់​អភិបាល​ខេត្ត​បាត់ដំបង​ លោក​ងួន រតនៈ។​ ប្រភព​ដដែល​ក៏​បាន​បញ្ជាក់​ថា ​ការ​ត្រៀម​កម្លាំង​នោះ​ធ្វើ​ឡើង​​ក្រោយ​ពេល​សមត្ថ​កិច្ច​បាន​ទទួល​ព័ត៌មាន​សម្ងាត់​ថា​ ក្រុម​អ្នក​គាំទ្រ​អតីត​គណបក្ស​សង្រ្គោះ​​ជាតិ​មួយ​ចំនួន ​គ្រោង​លើក​គ្នា​តវ៉ា​ប្រឆាំង​នឹង​ការ​កោះ​ហៅ​នេះ។​

អតីត​សកម្ម​ជន​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ខេត្ត​បាត់ដំបង​ដែល​មាន​ឈ្មោះ​ក្នុង​ដីកា​កោះ​របស់​តុលាការ​លោក​ស៊ីម ឡៅ​មាន​ប្រសាសន៍​ថា​ លោក​នឹង​ចូល​បំភ្លឺ​តាម​ការ​កំណត់​របស់​តុលាការ​ ដោយ​ថា​ លោក​មិន​តក់​ស្លុត​ឡើយ។​

ចំណែក​អតីត​ចៅ​សង្កាត់​អូរចារ​កញ្ញា​ស៊ិន ចាន់ពៅ​រ៉ូហ្សិត​ បាន​លើក​ឡើង​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​កញ្ញា​កាល​ពី​ថ្ងៃ​ទី​៥​ខែ​ឧសភា​ថា​ កញ្ញា​​នៅតែ​មិន​អស់​ចិត្ត​ចំពោះ​ការ​ចេញ​ដីកា​កោះ​ហៅឱ្យ​កញ្ញា​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​នៅ​ថ្ងៃ​ទី​៩​ ខែ​ឧសភា​នេះ។ ​កញ្ញា​បញ្ជាក់​ថា ​តុលាការ​កំពូល​បាន​រំលាយ​បក្ស​របស់​កញ្ញា​ហើយ​ នឹង​បាន​ដក​តួនាទី​ដែល​ពល​រដ្ឋ​សង្កាត់​អូរចារ​ផ្តល់​ឲ្យ​ ព្រម​ទាំង​ធ្វើ​ទុក្ខ​បុកម្នេញ​ និង​គំរាម​កំហែង​មក​លើ​កញ្ញា​ស្ទើរ​គ្រប់​បែប​យ៉ាង​ ហើយ​ចុង​ក្រោយ​តុលាការ​ក៏​ចេញ​ដីកា​កោះ​ហៅ​កញ្ញា​ឲ្យ​ចូល​ខ្លួន​ឆើ្លយ​បំភ្លឺ​ថែម​ទៀត។ ​ ប៉ុន្តែ​កញ្ញា​អះអាង​ថា​  នឹង​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​តាម​ការ​ចង់​បាន​របស់​តុលាការ​ ដោយ​មិន​រួញរា​ហើយ​នៅតែ​តស៊ូ​បន្ត​ទៀត​ដើម្បី​សង្គម ​និង​ប្រទេស​ជាតិ​មួយ​នេះ។​

កាលពី​ចុង​ខែ​មេសា​តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​បាត់​ដំបង​ លោក​គឺ ប៊ុណ្ណារ៉ា​បាន​ចេញ​ដីកា​កោះ​ហៅ​អតីត​មន្ត្រី​និង​សកម្ម​ជន​គណបក្ស​សង្រ្គោះ​ជាតិ​ជា​បន្ត​បន្ទាប់​ឱ្យ​ចូល​បំភ្លឺ​ចាប់​ពី​ថ្ងៃ​៨​ឧសភា​ត​ទៅ​ពាក់​ព័ន្ធ​សំណុំ​រឿង​បំពាន​សាលដីកា​តុលាការ​កំពូល​ ដែល​ចេញ​កាល​ពី​ថ្ងៃ​ទី​១៦​ ខែ​វិច្ឆិកា​ឆ្នាំ​២០១៧។​

មក​ដល់​ពេល​នេះ ​មាន​អតីត​មន្ត្រី​ជាប់​ឆ្នោត​ និង​សកម្ម​ជន​បក្ស​ប្រឆាំង​នៅ​ខេត្ត​នេះ​ចំនួន​២៦​នាក់​ហើយ​ត្រូវ​បាន​តុលាការ​កោះ​ហៅ​ឱ្យចូល​បំភ្លឺ​ជុំវិញ​សំណុំ​រឿង​តែ​មួយ​នេះ៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស