37 C
Phnom Penh

លោក​ហ៊ុន សែន​ស្នើឱ្យ​អង្គ​ការ​សហ​ប្រតិបត្តិ​ការ​ឥស្លាម​ជួយ​ទិញ​អង្ករ​កម្ពុជា​ ខណៈ​អឺរ៉ុប​បាន​សម្រេច​យក​ពន្ធ​អង្ករ​ពី​កម្ពុជា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​ហ៊ុន សែន​បាន​ស្នើ​ឱ្យ​តំណាង​អគ្គ​លេខាធិការ​អង្គ​ការ​សហ​ប្រតិបត្តិ​ការ​ឥស្លាម​OIC​ជួយ​ទិញ​អង្ករ​កម្ពុជា​ឱ្យ​បាន​ច្រើន​ ព្រម​ទាំង​ទិញ​ទំនិញ​ផ្សេងៗ​ពី​កម្ពុជា ​ដោយ​ថា​ កម្ពុជា​មិន​ចង់​ឱ្យ​មាន​ទីផ្សារ​ចង្អៀត​នោះ​ឡើយ។​

ថ្លែង​ក្នុង​ពិធី​ពិសារ​អាហារ​ស្រាយ​បួស​​ខែរ៉ាម៉ាឌន ​ជាមួយ​បង​ប្អូន​ខ្មែរ-ឥស្លាម​ ជាង​៤​ពាន់​នាក់​នៅ​រសៀល​ថ្ងៃ​នេះ ​លោក​ហ៊ុន សែន​បាន​អំពាវ​នាវ​ឱ្យ​តំណាង​អគ្គ​លេខាធិការ​អង្គ​ការ​សហ​ប្រតិបត្តិ​ការ​ឥស្លាម​OIC​ចំនួន​៣​នាក់​ ដែល​មាន​វត្តមាន​ក្នុង​ពិធី​នេះ​និង​ថ្នាក់​ដឹកនាំ​ឥស្លាម​ទាំងអស់​ ដោយ​ឱ្យ​ពួក​គេ​ជួយ​ជំរុញ​ការ​ទិញ​ទំនិញ​គ្រប់​បែប​យ៉ាង ​ពិសេស​អង្ករ​ពី​កម្ពុជា​ឱ្យ​បាន​ច្រើន​ផង​ដែរ។​

ការ​អំពាវ​នាវ​របស់​លោក​ហ៊ុន សែន​នេះ ​​ធ្វើ​ឡើង​ក្រោយ​ពេល​សហគមន៍​អន្តរជាតិ​ដោយ​មាន​សហភាព​អឺរ៉ុប​និង​សហ​រដ្ឋ​អាមេរិក​ កំពុង​ព្រមាន​ដាក់​ទណ្ឌកម្ម​សេដ្ឋ​កិច្ច​តាម​រយៈ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA​និង​GSP​ពី​កម្ពុជា​ប្រសិន​បើ​រដ្ឋាភិបាល​លោក​ហ៊ុន សែន​មិន​ព្រមងាក​ទៅ​រក​គន្លង​ប្រជា​ធិបតេយ្យ​និង​ការ​គោរព​សិទ្ធិ​មនុស្ស​តាម​ការ​ទាមទារ​របស់ពួក​គេ​នោះ​ទេ។​

កាលពី​ខែ​មករា​សហភាព​អឺរ៉ុប​សម្រេច​យក​ពន្ធ​អង្ករ​នាំចូល​ពី​កម្ពុជា​ឡើង​វិញ​ ដោយ​គេ​មើល​ឃើញ​ថា​ នេះជា​ជំហ៊ាន​ដំបូង​សម្រាប់​ទណ្ឌកម្ម​អឺរ៉ុប​មក​លើ​រដ្ឋាភិបាល។​

យ៉ាង​នេះ​ក្តី​ជាការ​ទប់ទល់​បញ្ហា​អង្ករ​នេះ ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ប្រកាស​ទទួល​ទិញ​អង្ករ​ពី​កម្ពុជា​៤០​ម៉ឺន​តោន​ក្នុង​ឆ្នាំ​២០១៩​នេះ ​ហើយ​រដ្ឋាភិបាល​កុំម្មុយនីស្ត​វៀតណាម​ក៏​បាន​ប្រកាស​ទិញ​អង្ករ​ពី​កម្ពុជា​រាប់​ម៉ឺន​តោន​ផង​ដែរ។​

រី​ឯ​លោក​ហ៊ុន សែន​កន្លង​មក​ ក៏​បាន​ប្រកាស​ពី​កំណែ​ទម្រង់​ផ្ទៃ​ក្នុង​ ដោយ​ថា​ ដើម្បី​ពង្រឹង​ឯករាជ្យ​ភាព​សេដ្ឋ​កិច្ច​របស់​ខ្លួន​សម្រាប់​ទប់ទល់​នឹង​សហគមន៍​អន្តរជាតិ​ ប្រសិន​បើ​ពួក​គេ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​មែន​នោះ។​

ទោះបីជា​យ៉ាង​ក៏​ដោយ ​អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម​បាន​ព្រមាន​ថា​ ប្រសិន​បើ​រដ្ឋាភិបាល​បណ្តោយ​ឱ្យ​បាត់​បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​EBA ​របស់​អឺរ៉ុប​ និង​ GSP​របស់​អាមេរិក​នឹង​ធ្វើឱ្យ​កម្ពុជា​ខាតបង់​ប្រាក់​ប្រមាណ​១​ពាន់​លាន​ដុល្លារ​ក្នុង​១​ឆ្នាំៗ​ ហើយ​បញ្ហា​នេះ​នឹង​អាច​ឈាន​ទៅ​ជា​បញ្ហា​វិបត្តិ​សង្គម​ធ្ងន់ធ្ងរ​ទៀត​ផង៕​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស