អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សកម្ពុជាអ្នកស្រីរ៉ូណា ស្មីតឱ្យដឹងថា ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកស ខេងកាលពីថ្ងៃម្សិលមិញ អ្នកស្រីបានជជែកគ្នាច្រើនអំពីស្ថានភាពរបស់អ្នកគាំទ្រគណបក្សសង្រ្គោះជាតិ។
ជាងនេះទៅទៀតអ្នកស្រីរ៉ូណា ស្មីតក៏បានទាមទារឲ្យដោះលែងលោកកឹម សុខាពីការឃុំឃាំងក្នុងផ្ទះ និងស្នើឲ្យបិទការស៊ើបអង្កេត។
អ្នកស្រីបញ្ជាក់ថាទោះបីក្រសួងយុត្តិធម៌វិភាគថា លោកកឹម សុខាត្រូវបានដោះលែង តែដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការក៏ដោយ ក៏ប៉ុន្តែលោកកឹម សុខានៅតែស្ថិតក្នុងការឃុំឃាំងដដែល ដោយសារសេរីភាពដើរហើររបស់គាត់ត្រូវបានរឹតបន្តឹង និងពុំអាចជួបមនុស្សផ្សេងបាន ហើយក្រុមគ្រួសារត្រូវបានឃ្លាំមើលគ្រប់ពេល។
បេសកជនពិសេសរបស់អង្គការសហប្រជាជាតិរូបនេះក៏បានសម្តែងការព្រួយបារម្ភអំពីការថែទាំសុខភាពរបស់លោកកឹម សុខាហើយអ្នកស្រីក៏បានស្នើឲ្យមានការព្យាបាលសុខភាពរបស់លោកកឹម សុខា ថែមទៀត។
ទំព័រហ្វេសប៊ុករបស់អ្នករាយការណ៍ពិសេសនៅថ្ងៃនេះ បានលើកឡើងថា ជំនួបរបស់អ្នកស្រី រ៉ូណា ស្មីតជាមួយលោកស ខេងកាលពីថ្ងៃពុធ ក៏មានការជជែកគ្នាច្រើនអំពីការកសាងជំនឿទុកចិត្តរវាងសង្គមស៊ីវិល និងរដ្ឋាភិបាលដែរ។ ក្រៅពីនេះភាគីទាំងពីរ ក៏បានជជែកគ្នាអំពីសេរីភាពក្នុងការជួបប្រជុំ និងការធ្វើបាតុកម្មដោយសន្តិវិធីជាដើម ពិសេសគឺអំពីស្ថានភាពរបស់អ្នកគាំទ្រអតីតគណបក្សសង្រ្គោះជាតិតែម្តង។
ការជួបជជែកគ្នានេះ ធ្វើឡើងស្របពេលអាជ្ញាធរលោកហ៊ុន សែន ចាប់ផ្តើមធ្វើទុក្ខបុកម្នេញទៅលើអតីតមន្ត្រីនិងអ្នកគាំទ្រគណបក្សសង្រ្គោះជាតិជាបន្តបន្ទាប់។
ជាក់ស្តែងអតីតសមាជិកក្រុមប្រឹក្សាខេត្តគណបក្សប្រឆាំង លោកស៊ូ យានត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី២២មេសាតាមបណ្តឹងរបស់អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ដោយចោទពីបទជេរប្រមាថលោកនាយករដ្ឋមន្ត្រីហ៊ុន សែននិងញុះញង់ឱ្យប្រព្រឹត្តបទល្មើស ដោយការចាប់ខ្លួននេះត្រូវបានក្រុមគ្រួសារលោកស៊ូ យានថា ជារឿងនយោបាយ។
លើសពីនេះ តុលាការខេត្តបាត់ដំបង បានចេញដីកាកោះហៅអតីតមន្ត្រីនិងសកម្មជនគណបក្សសង្រ្គោះជាតិជាង២០រូបដើម្បីសាកសួរជុំវិញសំណុំរឿងបំពានសាលដីកាតុលាការកំពូល ដែលសម្រេចរំលាយគណបក្សប្រឆាំងមួយនេះ កាលពីថ្ងៃទី ១៦វិច្ឆិកា២០១៩។
អតីតមន្ត្រីនិងសកម្មជនបក្សប្រឆាំងនៅខេត្តបាត់ដំបងមួយចំនួនបានហៅការ កោះហៅរបស់តុលាការថា ជាសកម្មភាពគំរាមកំហែងផ្នែកនយោបាយ និងផ្ទុយពីច្បាប់រដ្ឋធម្មនុញ្ញ។ ចំណែកស្ថានភាពសេរីភាពក្នុងការជួបប្រជុំ និងទំនុកចិត្តរវាងរដ្ឋាភិបាលជាមួយសង្គមស៊ីវិល ត្រូវបានគេមើលឃើញថា នៅតែជាបញ្ហាប្រឈមដដែល។
កន្លងមកសង្គមស៊ីវិលធ្លាប់លើកឡើងថា ដៃគូទាំងពីរនេះធ្វើការងារមិនទាន់ចុះសម្រុងគ្នានៅឡើយ ដោយពួកគេនៅតែរងសម្ពាធ និងស្ថិតក្រោមការឃ្លាំមើលពីអាជ្ញាធរ លោកហ៊ុន សែនឥតឈប់ឈរពេលបំពេញការងារ។
បញ្ហានេះ កន្លងមក រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកស ខេងធ្លាប់បញ្ជាឱ្យមានកិច្ចសហការល្អជាមួយអង្គការក្រៅរដ្ឋាភិបាលប៉ុន្តែសេចក្តីណែនាំនោះគឺផ្ទុយគ្នាទៅនឹងសកម្មភាពជាក់ស្តែងរបស់អាជ្ញាធរថ្នាក់ក្រោម ហើយអាជ្ញាធរនៅតែបន្តតាមដានសកម្មភាពសង្គមស៊ីវិលស្ទើរគ្រប់ពេលវេលា៕