ជនជាតិចិនបានក្លាយជាទេសចរលេខ១ដែលមកលេងស្រុកខ្មែរច្រើនជាងជនជាតិដទៃក្នុងរយៈពេល៤ខែដើមឆ្នាំ២០១៩នេះ។ របាយការណ៍ពីក្រសួងទេសចរណ៍ផ្សាយឲ្យដឹងកាលពីថ្ងៃសុក្រ សប្តាហ៍មុនថា ទេសចរចិនមកស្រុកខ្មែរមានចំនួនជិត៧សែននាក់គិតពីខែមករា ដល់ខែមេសាពោលគឺកើនជាង៣៥%។
បើគិតអំពីចំនួនទេសចរបរទេសមកលេងស្រុកខ្មែរសរុបទេសចរចិនមានចំនួនលើសទេសចរដទៃគឺមានចំនួនជាង ៣៦%នៃទេសចរបរ ទេសសរុបប្រមាណជិត២លាននាក់ រាប់ពីខែមករាដល់ខែមីនា ២០១៩នេះ។
ទីភ្នាក់ងារព័ត៌ចិនស៊ីនហួរកាលពីពេលថ្មីៗនេះបានដកស្រង់សម្តីរដ្ឋមន្រ្តីក្រសួងទេសចរណ៍លោកថោង ខុនចុះផ្សាយថា កម្ពុជា រំពឹងនឹងទាក់ទាញទេសចរចិនឲ្យបាន៣លាននាក់ក្នុងឆ្នាំ២០២០ហើយឆ្នាំ២០២៥ឲ្យបាន៥លាននាក់។
ក្រៅពីទាក់ទាញទេសចរនិងរូបិយប័ណ្ណចិនដែលថា នឹងជួយដល់ សេដ្ឋកិច្ចជាតិ ទេសចរចិនក៏ក្លាយជាបញ្ហាឥតឈប់ឈរដល់សង្គមខ្មែរ ជាពិសេសនៅតាមទីក្រុងទេសចរកម្សាន្តមួយចំនួន ដូចជានៅខេត្តព្រះ សីហនុ កែប កំពត កោះកុងជាដើម។
អគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញចេញរបាយការណ៍កាលពីថ្ងៃទី៧ឧសភាថា៖ ជនជាតិចិនជាជនជាតិប្រព្រឹត្តឧក្រិដ្ឋកម្ម និង ជាជន រងគ្រោះដោយឧក្រិដ្ឋកម្មច្រើនជាងគេនៅស្រុកខ្មែរ ក្នុងរយៈពេល៤ខែដើមឆ្នាំ២០១៩នេះ បើពិនិត្យអំពីកំណើនអំពើឧក្រិដ្ឋកើតមានក្នុងចំណោមទេសចរបរទេស។
ក្នុងចំណោមជនល្មើសច្បាប់៣៤១នាក់ដែលប៉ូលិសចាប់បាន ២៤១នាក់ជាជនជាតិចិន៤៩នាក់ជាជនជាតិយួន២៦នាក់ ជាជនជាតិថៃ ៤នាក់ជាជនជាតិកូរ៉េខាងត្បូង និង៣នាក់ជាជនជាតិអាមេរិកាំង។
រហូតមកទល់ពេលនេះ ពលរដ្ឋខ្មែរសឹងតែកន្លះនគរទៅហើយបាន នាំគ្នាត្អូញត្អែរអំពីជនជាតិចិនដែលមានខ្លះមករកស៊ីលក់ដូរដូចខ្មែរម្ចាស់ប្រទេស កាត់មុខកាត់មាត់ មិនគោរពច្បាប់ទម្លាប់ ប្រពៃណីខ្មែរ បង្កចលាចលរំខានដល់សេចក្តីសុខរបស់ប្រជាពលរដ្ឋខ្មែរ ដូចជាប្រព្រឹត្តបទឧក្រិដ្ឋកម្មតាមប្រព័ន្ធInternetប្រើប្រាស់គ្រឿងញៀន ល្បែងស៊ីសង ផឹកស៊ីស្រវឹងដេញវ៉ៃកាប់ចាក់គ្នា ហើយខ្លះទៀតដើរស្រាតកណ្តាលវាលយ៉ាងអាណាធិបតេយ្យឥតខ្មាស់អៀន។ តាម ប្រទេសក្នុងសហគមន៍អាស៊ានមានតែស្រុកខ្មែរទេដែលជនជាតិចិនហ៊ានប្រព្រឹត្តដូច្នេះដោយឥតកោតក្រែង។
កាលពីចុងឆ្នាំ២០១៨ សមត្ថកិច្ចក្រសួងមហាផ្ទៃក៏ធ្លាប់បានបណ្តេញ ជនជាតិចិនចំនួន២៣២នាក់ ក្នុងនោះមានស្រី៣៨នាក់ ចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកគំរាមកំហែង និងជំរិតទារប្រាក់តាមប្រព័ន្ធទូរគមនាគមន៍វ៉យ(VOIP)ទៅកាន់ប្រទេសចិនវិញ។
របាយការណ៍នាយកដ្ឋានអន្តោប្រវេសន៍ឲ្យដឹងថា ចាប់តាំងពីឆ្នាំ ២០១៤មកសមត្ថកិច្ចបានឃាត់ខ្លួន និងបណ្ដេញជនបរទេសទៅប្រទេសកំណើតវិញសរុបចំនួនជិត១ម៉ឺន៥ពាន់នាក់ក្នុងនោះមានស្រីជាង២ពាន់៥រយនាក់ ហើយពួកគេភាគច្រើនជាជនជាតិចិន៕