លោកនាយករដ្ឋមន្រ្តីហ៊ុន សែន និងលោកខេ ភី សាម៉ា អូលី នាយករដ្ឋមន្រ្តីនៃប្រទេសនេប៉ាល់សច្ចាថា នឹងពង្រីកវិស័យទេសចរណ៍រវាងប្រទេសទាំងពីរឲ្យកាន់តែប្រសើរនិងមានការបង្កើតជើងហោះហើរ ផ្ទាល់រវាងប្រទេសទាំងពីរថែមទៀត។
ការប្តេជ្ញាចិត្តរវាងរដ្ឋាភិបាលទាំងពីរកម្ពុជា-នេប៉ាល់នេះធ្វើឡើងកាលពីថ្ងៃចន្ទម្សិលមិញក្នុងទីក្រុងភ្នំពេញ ខណៈប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរនេះជំរុញឱ្យមានកិច្ចព្រមព្រៀងទៅលើវិស័យដឹកជញ្ជូន និងវិស័យអាកាសចរណ៍ផងដែរ។
ទំនាក់ទំនងការទូតកម្ពុជានិងនេប៉ាល់បានចាប់ផ្តើមនៅឆ្នាំ១៩៦៤ ប៉ុន្តែទំនាក់ទំនងនេះ បានកាត់ផ្តាច់វិញនៅពេលកម្ពុជាមានសង្គ្រាមស៊ីវិលក្នុងស្រុក ជាពិសេសរបបប្រល័យពូជសាសន៍ខ្មែរក្រហម។
ក្រុមអ្នកឃ្លាំមើលនិយាយថាការជំរុញឲ្យមានកំណើនភ្ញៀវទេសចរបរទេសឱ្យមកទស្សនានៅកម្ពុជាគឺជាយុទ្ធសាស្រ្តមួយដែលរដ្ឋាភិបាលចង់ឲ្យមានការវិវឌ្ឍខាងផ្នែកសេដ្ឋកិច្ចស្របពេលដែលកម្ពុជាកំពុងប្រឈមនឹងការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA។
អ្នកវិភាគនយោបាយលោកឯម សុវណ្ណរ៉ាបានប្រាប់សារព័ត៌មាន The Cambodia Dailyនៅមុនការផ្សាយនេះបន្តិចថា ប្រទេសនេប៉ាល់ មិនមែនជាប្រទេសដែលមានសក្តានុពលខាងវិស័យទេសចរណ៍នោះទេ ហើយការបង្កើនវិស័យទេសចរណ៍រវាងប្រទេសទាំងពីរក៏មិនអាចទប់ទល់នឹងEBAនោះដែរ។ លោកបន្តថា កម្ពុជាមានប្រព័ន្ធអនុគ្រោះពន្ធប៉ុណ្ណឹងហើយ នៅតែមានពលករខ្មែរជាង១លាននាក់ចេញទៅធ្វើការនៅក្រៅប្រទេសដដែល៕