ប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោកសម រង្ស៊ីដែលតែងអះអាងថា នឹងចូលស្រុកខ្មែរក្នុងឆ្នាំ២០១៩នោះ បានបន្តអំពាវនាវឲ្យពលរដ្ឋនៅក្រៅចូលរួមផ្តួលរំលំរបបលោកហ៊ុន សែន។
លោកប្រកាសនៅលើហ្វេសហ៊ុករបស់លោកនៅថ្ងៃទី១៥ខែឧសភានេះដោយទទូចហៅពលរដ្ឋនៅក្រៅប្រទេសថា«យើងទៅស្រុកយើងវិញ ទៅផ្ទះយើងវិញ ទៅដណ្តើមយកប្រទេសយើងមកវិញ ពីជនក្បត់ជាតិហ៊ុន សែន»។
លោកសម រង្ស៊ីបន្តទៀតថា ការវិលទៅកម្ពុជាលើកនេះ ដើម្បីរៀបចំស្រុកខ្មែរឡើងវិញ ទៅជួយអ្នកក្រីក្រនិងអ្នកទន់ខ្សោយ ធ្វើយ៉ាងណាឲ្យកូនខ្មែរគ្រប់រូបរស់បានយ៉ាងសុខសាន្ត សម្បូរសប្បាយ និងថ្លៃថ្នូរ លើទឹកដីកំណើតរបស់ខ្លួនក្នុងសង្គមមួយប្រកបដោយសេរីភាពនិងយុត្តិធម៌។
ចំណែកអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោកសុខ ឥសានបានប្រាប់សារព័ត៌មានThe Cambodia Dailyនៅមុនការផ្សាយនេះបន្តិចថា លោកសម រង្ស៊ីជាមនុស្សនិយាយមិនទៀងទាត់ម្តងថានឹងចូលស្រុកចាប់លោកហ៊ុន សែនហើយម្តងទៀតប្រកាសឲ្យពលករនៅក្រៅប្រទេសវិលត្រឡប់ចូលស្រុកចាប់លោកហ៊ុន សែនទៅវិញ។
ចំណែកលោកហ៊ុន សែនវិញក៏មិននៅស្ងៀមដែរ លោកតែងព្រមាននឹងស្វាគមន៍លោកសម រង្ស៊ី យ៉ាងហិង្សាគឺត្រៀមទ័ពប្រើកាំភ្លើងធំបាញ់កម្ទេចនៅពេលលោកសម រង្ស៊ីចូលមកដល់ព្រំដែនកម្ពុជា។
កាលពីពេលថ្មីៗនេះ លោកហ៊ុន សែនក៏បានចេញលិខិតណែនាំដល់មន្រ្តីថ្នាក់ក្រោមរបស់លោកចុះអប់រំផ្សព្វផ្សាយដល់ពលរដ្ឋឲ្យដឹងពីគ្រោះថ្នាក់នៃការផ្តួលរំលំរដ្ឋាភិបាលរបស់លោក។
ក្រុមអ្នកឃ្លាំមើលនិយាយថា អាយ៉ៃឆ្លើយឆ្លងរវាងលោកហ៊ុន សែននិងលោកសម រង្ស៊ីកំពុងបង្វែការចាប់អារម្មណ៍របស់មហាជនទៅលើបញ្ហាEBAការឃុំខ្លួនលោកកឹម សុខាបញ្ហាអន្តោប្រវេសន៍ចិនដែលកំពុងអុកឡុកពេញប្រទេស បញ្ហាដាច់ភ្លើង បញ្ហាបរិស្ថានបញ្ហាព្រំដែនរវាងកម្ពុជាជាមួយបណ្តាប្រទេសជិតខាងនិងបញ្ហាជាច្រើនទៀត៕