កសិករដាំស្វាយកែវរមៀតនៅខេត្តព្រៃវែងនិងខេត្តស្វាយរៀងដែលជួបវិបត្តិគ្មានទីផ្សារ បានយកស្វាយរបស់ខ្លួនជាច្រើនតោនមកចាក់ចោលនៅមាត់ផ្លូវនិងបេះទម្លាក់គរទុកនៅក្រោមដើម។
រូបភាពកសិករចាក់ស្វាយចោលនេះត្រូវគេបង្ហោះចែកចាយតាមបណ្តាញសង្គមហ្វេសប៊ុកយ៉ាងព្រោងព្រាតនៅរយៈពេលប៉ុន្មានថ្ងៃជាប់គ្នានេះ។
កសិករដែលជួបបញ្ហានេះបានលើកឡើងថា ពួកគេសម្រេចចាក់ស្វាយចោលនិងបេះគរទុកក្រោមដើមដូច្នេះដោយសារឈ្មួញទិញតែផ្លែស្វាយធំៗ និងក្នុងតម្លៃទាប គឺ១គីឡូបានតែ៣០០រៀលប៉ុណ្ណោះ។
រីឯអ្នកជំនាញមកពីក្រសួងកសិកម្មនិងមន្ត្រីជំនាញមកពីសមាគមន៍ស្វាយលើកឡើងថា ការជួបបញ្ហារបស់កសិករបែបនេះអាចមកពីការដាំដុះរបស់កសិករមិនត្រូវតាមស្តង់ដារ ឬដោយការបាញ់ថ្នាំគីមីដែលហាមឃាត់។ ប៉ុន្តែទោះបែបនេះក្តីគេនៅមិនទាន់ឃើញក្រសួងពាក់ព័ន្ធចុះអន្តរាគមន៍ជួយកសិករដែលជួបបញ្ហានេះនៅឡើយទេ។ សារព័ត៌មានក្នុងស្រុកបានដកស្រងសម្តី រដ្ឋលេខាធិការក្រសួងកសិកម្ម លោកហ៊ាន វណ្ណហនចុះផ្សាយថា សកម្មភាពរបស់កសិករចាក់ស្វាយចោលនេះជាការបំផ្លាញខ្លួនឯង។
ទោះជាយ៉ាងណាក៏ដោយ លោកយ៉ង សាំងកុមារ ដែលជាអ្នកជំនាញខាងផ្នែកកសិកម្មយល់ឃើញថា ការលើកឡើងរបស់លោកហ៊ាន វណ្ណហនមន្រ្តីជាន់ខ្ពស់នៃក្រសួងកសិកម្មរូបនេះ មិនបានជួយអ្វីដល់កសិករនោះឡើយ។
លោកបន្តថា ក្នុងនាមជាមន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាល លោកត្រូវតែធានាអំពីការរកទីផ្សារ និងដោះស្រាយវិបត្តិ ទើបប្រសើរជាង។ ជាងនេះទៅទៀត លោកយ៉ង សាំងកុមារបានទាមទារឲ្យមានកិច្ចអន្តរាគមន៍ពីរដ្ឋាភិបាលដើម្បីជួយទប់ទល់វិបត្តិតម្លៃកសិផលធ្លាក់ចុះ ហើយថា បញ្ហានេះក្រសួងកសិកម្មនៅមិនទាន់បានបំពេញកាតព្វកិច្ចរបស់ខ្លួនឲ្យបានពេញលេញនៅឡើយទេ៕