ព្រះមហាក្សត្រព្រះរាជទានគ្រឿងឥស្សរិយយសថ្នាក់ជាតូបការជូនដល់ជូនជនបរទេសគឺលោកScott Neeson ដែលបានជួយសង្គ្រោះកុមារកម្ពុជាជាច្រើននាក់។
ហ្វេសប៊ុកឈ្មោះរ៉ូយ៉ាល់ឌុយកាំបូត(Royal du Cambodge) ដែលស្និទ្ធនឹងព្រះរាជវាំងចុះផ្សាយថ្ងៃទី១៦ខែឧសភាថា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីបានចាត់តំណាងរបស់ទ្រង់គឺសម្តេចស៊ីសុវត្ថិ ពង្សនារី មុនីពង្ស ដែលជាឧត្តមប្រឹក្សាផ្ទាល់របស់ព្រះអង្គព្រះរាជទានគ្រឿងឥស្សរិយយសថ្នាក់ជាតូបការជូនដល់ស្ថានិកអង្គការមូលនិធិកុមារកម្ពុជាគឺលោកScott Neeson។
ព្រះរាជប្រទាននេះធ្វើឡើងក្នុងពិធីអបអរសាទរខួបលើកទី ១៥ឆ្នាំនៃការបង្កើត អង្គការមូលនិធិកុមារកម្ពុជា។ ក្រៅពីព្រះរាជទានគ្រឿងឥស្សរិយយស ព្រះមហាក្សត្រទ្រង់បានប្រោសព្រះរាជទាននូវព្រះរាជូបត្ថម្ភជាថរិកាចំនួន១០លានរៀល ព្រមទាំងអង្ករចំនួន១០តោនដើម្បីជាការចូលរួមចំណែក និងកោតសរសើរសកម្មភាពមនុស្សធម៌ដល់អង្គការនេះដែរ។
ជាង១៥ឆ្នាំមកនេះ អង្គការមូលនិធិកុមារកម្ពុជាបានផ្ដល់ការសិក្សា ដោយមិនគិតថ្លៃដល់កុមារក្រីក្រក្នុងសហគមន៍ស្ទឹងមានជ័យជាង៣៣០០នាក់ក្នុងនោះកុមារ២៦០នាក់បានបន្តថ្នាក់ឧត្តមសិក្សា។ លើសពីនេះ ពលរដ្ឋជាង ៦ពាន់គ្រួសារបានទទួលផលពីកម្មវិធីសង្គ្រោះរបស់អង្គការរួមទាំង ការផ្ដល់ជូនអាហារពេលល្ងាចដោយមិនគិតប្រាក់ ការសាងសង់ផ្ទះជូនពលរដ្ឋចំនួន៤៦០ផ្ទះនិងការផ្គត់ផ្គង់ជីវភាពដល់គ្រួសារខ្វះខាតជាច្រើនទៀត៕