រដ្ឋាភិបាលក្រុងBerlinបានរំឭកថា កម្ពុជាមិនពិបាកកែលម្អបញ្ហាសិទ្ធិមនុស្សទេ ដើម្បីរក្សាបានជំនួយនិងEBA។
សេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអាល្លឺម៉ង់ប្រចាំទីក្រុងភ្នំពេញកាលពីថ្ងៃទី១៥ខែឧសភាឲ្យដឹងថា ប្រសិនបើរដ្ឋាភិបាលលោកហ៊ុន សែនអាចគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យទៅតាមច្បាប់អន្តរជាតិបានត្រឹមត្រូវ នោះកម្ពុជានឹងអាចរក្សាបាននូវជំនួយនានា និងការអនុគ្រោះខាងពាណិជ្ជកម្មពីសហភាពអឺរ៉ុបឬហៅថា EBAថែមទៀត។ជាងនេះទៅទៀត មន្ត្រីជាន់ខ្ពស់អាល្លឺម៉ង់បានលើកឡើងនៅក្នុងសេចក្ដីប្រកាសព័ត៌មាននោះថា អាល្លឺម៉ង់បានផ្ដល់កម្ចីជិត ៩០លានដុល្លារដល់កម្ពុជា សម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅទីជនបទក្នុងប្រទេសកម្ពុជា។
ជាងនេះទៅទៀត អាល្លឺម៉ង់ក៏បានផ្ដល់ជំនួយទំហំ ជាង៥៤លានដុល្លារ និងជាង ១១លានដុល្លារផ្សេងទៀតសម្រាប់គម្រោងលុបបំបាត់ភាពក្រីក្រផងដែរ។ រដ្ឋលេខាធិការក្រសួងសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ចនិងជាសមាជិកសហព័ន្ធអាល្លឺម៉ង់ លោកNobert BARTHLE បានជំរុញឲ្យរបបលោកហ៊ុន សែនងាកទៅគោរពសិទ្ធិមនុស្ស និងស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ ដែលជាមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្ដិការរវាងប្រទេសទាំងពីរ។
ការរំឭករបស់អាល្លឺម៉ងពីការកែលម្អបញ្ហាសិទ្ធិមនុស្សដើម្បីរក្សាបានជំនួយ និង EBAនៅពេលនេះមិនមែនជាលើកទី១ទេ ដែលប្រទេសជាសមាជិកសហភាពអឺរ៉ុបមួយនេះបានប្រាប់ទៅរដ្ឋាភិបាលកម្ពុជា។ ចំណែកប្រទេសក្នុងសហភាពអឺរ៉ុបផ្សេងទៀតក៏ធ្លាប់រំឭកបែបនេះដែរ ប៉ុន្តែមេដឹកនាំខ្មែរហាក់មិនបង្ហាញការចាប់អារម្មណ៍កែលម្អនោះទេ ហើយថែមទាំងនិយាយផ្គើន ឲ្យអន្តរជាតិកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធនេះថែមទៀតផង។
ប្រព័ន្ធ«អនុគ្រោះពន្ធទំនិញគ្រប់មុខលើកលែងគ្រឿងសព្វាវុធ»ហៅកាត់ថា EBA ធ្វើឲ្យកម្ពុជាបានរួចផុតពីកាតព្វកិច្ចពន្ធជិត៧រយលានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗចំពោះទំនិញនាំចេញទៅទីផ្សារអឺរ៉ុប។ កាលពីថ្ងៃទី១១ខែកុម្ភៈឆ្នាំនេះ សហភាពអឺរ៉ុបបានប្រកាសអំពីការចាប់ផ្ដើមដំណើរការដែលឈានទៅព្យួរជាបណ្ដោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធEBA បន្ទាប់ពីរកឃើញការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យ បញ្ហាសិទ្ធិមនុស្ស និងនីតិរដ្ឋនៅក្នុងរយៈពេល ១៨ខែចុងក្រោយមកនេះ៕