27 C
Phnom Penh

លោក​ហ៊ុន សែន​ណែនាំ​ឱ្យ​មន្ត្រី​របស់​ខ្លួន​យក​បញ្ហា​បដិវត្តន៍​ពណ៌​ប្រាប់​ពលរដ្ឋ​ដើម្បី​ទប់ស្កាត់​ការ​វិល​ចូល​ស្រុក​របស់​លោក​សម រង្ស៊ី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​លោក​ហ៊ុន សែន​បាន​ណែនាំ​ដល់​មន្ត្រី​ក្រុម​ការងារ​គណបក្ស​របស់​ខ្លួន​ទូទាំង​ប្រទេស​ឱ្យ​បង្កើន​ការ​ផ្សព្វ​ផ្សាយ​អំពី​ផល​វិបាក​នៃ​បដិវត្តន៍​ពណ៌​និង​ការ​វិល​ត្រឡប់​ចូល​ស្រុក​របស់​លោក​សម រង្ស៊ី​ប្រធាន​ស្តីទី​គណបក្ស​សង្រ្គោះជាតិ។  ​ការណែនាំ​របស់​លោក​ហ៊ុន សែន​គឺ​ដើម្បី​គ្រប់គ្រង​សភាព​ការណ៍​នានា​នៅ​តាម​មូលដ្ឋាន។​

លិខិត​របស់​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​លោក​ហ៊ុន សែន​កាលពី​ថ្ងៃទី​ ៧​ ឧសភា​ ដែល​The Cambodia Daily​ទើប​ទទួល​បាន​នៅ​ថ្ងៃ​នេះ​បាន​ឱ្យ​ដឹង​ថា​ ដើម្បី​គ្រប់គ្រង​សភាព​ការណ៍​នានា​នៅ​មូលដ្ឋាន​ឱ្យ​បាន​ល្អ​ប្រសើរ​ប្រធាន​ក្រុម​ការងារ​គណបក្ស​នៅ​ទូទាំង​ប្រទេស​ត្រូវ​រៀបចំ​វេទិកា​សាធារណៈ​ដោយ​ផ្សព្វផ្សាយ​អំពី​ផលវិបាក​នៃ​ការ​ផ្តួល​រំលំ​រដ្ឋាភិបាល ​ឬ​សកម្ម​ភាព​បដិវត្តន៍​ពណ៌ ​ព្រម​ទាំង​ផល​វិបាក​នៃ​ការ​វិល​ត្រឡប់​របស់​លោក​សម រង្ស៊ី​ដល់​ពលរដ្ឋ​ឱ្យ​បាន​ញឹកញាប់។​

លោក​ហ៊ុន សែន​ដែលជា​អតីត​មន្ត្រី​កម្មាភិបាល​ជាន់ខ្ពស់​របប​ខ្មែរ​ក្រហម​​ថែម​ទាំង​ណែនាំ​ឱ្យ​មន្ត្រី​របស់​ខ្លួន​បង្កើន​ការ​យក​ចិត្ត​ទុកដាក់​និង​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ​ ឱ្យ​មាន​ប្រសិទ្ធ​ភាព ​និង​ទាន់​ពេល​វេលា​ចៀស​វាង​ មាន​បាតុភាព​ណា​មួយ​កើត​ឡើង។​

ការ​លើក​ឡើង​របស់​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ពេល​នេះ​ធ្វើ​ឡើង​ក្រោយ​ពេល​លោក​សម រង្ស៊ី ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស​បាន​ប្រកាស​ម្តង​ហើយ​ម្តង​ទៀត​អំពី​ផែនការ​វិល​ត្រឡប់​ចូល​ស្រុក​វិញ​របស់​ខ្លួន​ ដោយ​លោក​ថា​ ដើម្បី​ទៅ​ដណ្តើម​យក​ប្រទេស​ពី​ជន​ក្បត់​ជាតិ ​​ហ៊ុន សែន​មក​វិញ។​ លើស​ពី​នេះ ​លោក​ក៏​ធ្លាប់​លើក​ឡើង​ថា​ ដើម្បី​រៀបចំ​ស្រុក​ខ្មែរ​ឡើង​វិញ​ ដោយ​ទៅជួយ​អ្នក​ក្រីក្រ​និង​អ្នក​ទន់​ខ្សោយ​ធ្វើយ៉ាង​ណា​ឲ្យ​កូន​ខ្មែរ​គ្រប់រូប រស់​បាន​យ៉ាង​សុខ​សាន្ត ​សម្បូរ​សប្បាយ ​និង​ថ្លៃថ្នូរ​ លើ​ទឹក​ដី​កំណើត​របស់​ខ្លួន​ ក្នុង​សង្គម​មួយ​ ប្រកប​ដោយ​សេរីភាព​ និង​យុត្តិធម៌។​

លើស​ពី​នេះ​ទៀត​ លោក​សម រង្ស៊ី​ធ្លាប់​បាន​អំពាវនាវ​ជាច្រើន​លើក​ច្រើន​សារ​ដល់​កងទ័ព​ និង​កង​កម្លាំង​ទាំងអស់​ឱ្យ​ចូល​រួម​ប្រឆាំង​នឹង​អំណាច​របស់​លោក​ហ៊ុន សែន​ក្នុង​ន័យ​ផ្តួល​រំលំ​ត្រកូល​ហ៊ុន​តែ​ម្តង។​

យ៉ាង​ណា​ក្តី ​អ្នក​វិភាគ​ជាច្រើន​ធ្លាប់​បង្ហាញ​ក្តី​បារម្ភ​ថា​ ប្រសិន​បើ​ការ​ទាមទារ​អំណាច​ទាំង​ឡាយ​ណា​ដែល​នាំ​ទៅ​ដល់​ការ​ប្រើ​ប្រាស់​កម្លាំង​ទ័ព​ ឬនាំ​ប្រទេស​ទៅ​រក​ភ្លើង​សង្គ្រាម​នឹង​មិន​អាច​ឱ្យ​កម្ពុជា​បាន​សុខ​ឡើយ​ប៉ុន្តែ​នឹង​អូស​ទាញ​ឱ្យ​កម្ពុជា​ត្រូវ​ដើរ​ថយ​ក្រោយ​រាប់​សិប​ឆ្នាំ​ទៀត​ជាក់​ជា​មិន​ខាន៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស