28.4 C
Phnom Penh

រដ្ឋាភិបាល​នៅ​មិន​ទាន់​ប្រតិកម្ម ​ចំពោះ​ក្តី​កង្វល់​របស់​ស្ថានទូត​អាមេរិក​អំពី​ស្ថាន​ភាព​នយោបាយ​នៅ​កម្ពុជា​ឡើយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាង​មន្ត្រី​រដ្ឋាភិបាល​ឬ​តំណាង​ការិយាល័យ​នាំពាក្យ​រដ្ឋាភិបាល​នៅ​មិន​ទាន់​បញ្ចេញ​ប្រតិកម្ម​នានា​ដើម្បី​ឆ្លើយ​ចំពោះ​ការ​លើក​ឡើង​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ជុំវិញ​បញ្ហា​ស្លាប់​កូន​ប្រុស​អតីត​មន្ត្រី​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​មូលដ្ឋាន​ក្នុង​ខេត្ត​កំពង់ចាម ​ដែល​ស្លាប់​នៅ​ក្នុង​ពន្ធនាគារ​យ៉ាង​អាថ៌​កំបាំង។​

បន្ថែម​ពី​នេះ​អាមេរិក​បង្ហាញ​ការ​ព្រួយ​បារម្ភ​​ចំពោះ​ការ​ចេញ​ដីកា​កោះហៅ​អតីត​មន្ត្រី​និង​សកម្ម​ជន​គណបក្ស​សង្រ្គោះ​ជាតិ​ជាតិ​ជិត​១​រយ​នាក់​ព្រម​ទាំង​បញ្ហា​បន្ត​ឃុំ​ខ្លួន​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​លោក​កឹម សុខា​ទាំង​អយុត្តិធម៌​ផង​ដែរ។​

មន្ត្រី​រដ្ឋាភិបាល​នៅ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ណាមួយ​ជុំវិញ​បញ្ហា​ទាំង​នេះ​ឡើយ ​​តែ​​ជា​ទម្លាប់​របស់​រដ្ឋាភិបាល​កន្លង​មក​តែង​មាន​ប្រតិកម្ម​ភា្លមៗ​ ជា​លិខិត​ឬ ​ការ​ឆ្លើយ​តប​របស់​ខ្លួន​ជុំវិញ​បញ្ហា​ទាំង​នេះ ​ពិសេស​ប្រតិកម្ម​ឆ្លើយ​តប​នឹង​ទូត​ប្រទេស​មហា​អំណាច​លោក​សេរី​នេះ​តែ​ម្តង។​

កាលពី​ថ្ងៃទី​១៨​ខែ​ឧសភា​ ស្ថានទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​បាន​លើក​ឡើង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា ​សហ​រដ្ឋ​អាមេរិក​ សម្តែង​នូវ​កង្វល់​យ៉ាង​ខ្លាំង​ចំពោះ​ការ​ស្លាប់​របស់​​ទិត្យ​ រ៉ន​ ដែល​ជា​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជា​កូន​មន្ត្រី​គណបក្ស​ប្រឆាំង​មួយ​នេះ​នៅ​ឃុំទួល​ព្រះ​ឃ្លាំង​ ស្រុក​ស្ទឹងត្រង់​ ខេត្ត​កំពង់​ចាម​ ខណៈ​លោក​ស្ថិត​ក្រោម​ការ​ឃុំឃាំង​របស់​នគរបាល។ ​ជាមួយ​គ្នា​នេះ​ អាមេរិក​ក៏​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​ជា​បន្ទាន់​មួយ​ចំពោះ​ហេតុការណ៍​ដែល​ឈាន​ទៅ​ដល់​ការ​ចាប់​ខ្លួន​ និង​ការ​ស្លាប់​របស់​លោក​ទិត្យ រ៉ន។​

លើសពី​នេះ ​សហ​រដ្ឋ​អាមេរិក​ក៏​បាន​បង្ហាញ​ក្តី​កង្វល់​ផង​ដែរ​ ចំពោះ​នីតិ​វិធី​របស់​តុលា​ការ​ នាពេល​ថ្មីៗ​នេះ​ ដែល​បង្កើត​ឡើង​ប្រឆាំង​នឹង​សមាជិក​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ប្រមាណ​៦៥​នាក់។​

ប្រទេស​មហា​អំណាច​មួយ​នេះ​បាន​ស្នើ​ដល់​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​លុប​បំបាត់​នូវ​ការ​រឹតត្បិត​លើ​មនុស្ស​ទាំង​អស់​ក្នុង​ប្រទេស​កម្ពុជា​និង​ឲ្យដោះលែង​អ្នក​ទោស​ទាំង​ឡាយ​ណា​ ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​តាម​អំពើចិត្ត​ និង​ខុស​ច្បាប់​ រួម​ទាំង​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​លោក​ កឹម​ សុខា​ផង​ដែរ។ ​សហ​រដ្ឋ​អាមេរិក​បាន​អំពាវនាវ​ជាថ្មី​ទៀត​ដល់​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​មាន​ការ​គាំទ្រ​នូវ​លទ្ធិ​ប្រជា​ធិបតេយ្យ​សេរី​ពហុបក្ស​ពិត​ប្រាកដ​ ដោយ​ធ្វើ​យ៉ាង​ណា​ ឲ្យ​សកម្ម​ភាព​និង​ច្បាប់​របស់​ខ្លួន​ គោរព​ទៅ​តាម​កាតព្វ​កិច្ច​សិទ្ធិ​មនុស្ស​របស់​កម្ពុជា ​ស្ថិត​ក្រោម​ច្បាប់​អន្តរជាតិ។​

ទាំង​សហ​រដ្ឋ​អាមេរិក​ និង​សហភាព​អឺរ៉ុប​បាន​ព្រមាន​ចំៗ​ម្តង​ហើយ​ម្តង​ទៀត​ ចំពោះ​រដ្ឋាភិបាល​លោក​ហ៊ុន សែន​ដែល​​ដើរ​ប្រាស​ចាក​ពី​គន្លង​ប្រជា​ធិបតេយ្យ។​

សហ​រដ្ឋ​អាមេរិក​និង​អឺរ៉ុប​បាន​ព្រមាន​រួច​ហើយ​ថា​ ប្រសិន​បើ​រដ្ឋាភិបាល​ឯកបក្ស​មួយ​នេះ​មិន​ព្រម​វិល​ទៅ​រក​គន្លង​ប្រជា​ធិបតេយ្យ​និង​ការ​គោរព​សិទ្ធិ​មនុស្ស​ពិត​ប្រាកដ​ទេ​ នោះ​កម្ពុជា​នឹង​ទទួល​រង​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​ពួក​គេ​ក្នុង​ពេល​ឆាប់ៗ​មិន​ខាន ​ប៉ុន្តែ​ការ​គំរាម​ទាំង​នេះ​រដ្ឋាភិបាល​លោក​ហ៊ុន សែន​បាន​បង្ហាញ​ជំហរ​រួច​ហើយ​ថា​ នឹង​មិន​ឱន​ក្បាល​ដើម្បី​ជំនួស​ឬ​ការ​រួច​ផុស​ពី​ទណ្ឌកម្ម​សេដ្ឋ​កិច្ច​ ព្រម​ទាំង​មិន​ញញើត​ចំពោះ​ការ​ដាក់​ទណ្ឌកម្ម​ពី​អន្តរ​ជាតិ​ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស