មន្ត្រីរាជការព្រះសង្ឃនិងពលរដ្ឋនៅរាជធានីភ្នំពេញនាំគ្នាប្រារព្ធទិវាចងចាំថ្ងៃ២០ ឧសភាដើម្បីរំឭកដល់អ្នកស្លាប់នៅក្នុងរបបខ្មែរក្រហម។ ពិធីនេះ ត្រូវបានប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ឧសភា។
ការប្រារព្ធទិវានេះក៏មានការសម្តែងសិល្បៈធ្វើត្រាប់តាមសកម្មភាព កាប់សម្លាប់របស់ពួកខ្មែរក្រហមទៅលើប្រជាជនក្នុងរបបកម្ពុជាប្រជាធិបតេយ្យផងដែរ។
អភិបាលរាជធានីភ្នំពេញលោកឃួង ស្រេងសរសេរលើហ្វេសប៊ុករបស់លោកថា ការប្រារព្ធទិវាចងចាំនេះគឺដើម្បីរំឭកឡើងវិញនូវការឈឺចាប់ក្នុងរបបវាលពិឃាត ដែលពលរដ្ឋកម្ពុជាបានទទួលរងនូវការកាប់សម្លាប់និងការធ្វើទារុណកម្មយ៉ាងឃោរឃៅក្នុងរបបប្រល័យពូជសាសន៍។ លោកបន្តថា ពលរដ្ឋកម្ពុជា ទូទាំងប្រទេសបានចងចាំជានិច្ច និងបានចាត់ទុកទិវាជាតិ២០ឧសភាជាថ្ងៃចងកំហឹង និងរំឭកវិញ្ញាណក្ខន្ធពលរដ្ឋខ្មែរដែលត្រូវបានសម្លាប់និងទទួលរងទារុណកម្មយ៉ាងព្រៃផ្សៃក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
រីឯក្រុមមន្ត្រីរដ្ឋាភិបាលក្រុងភ្នំពេញ និងអាជ្ញាធរខេត្តមួយចំនួនទៀតបានរៀបចំការប្រារព្ធពិធីនេះដែរ និងអំពាវនាវឲ្យទប់ស្កាត់កុំឲ្យរបបខ្មែរក្រហមវិលត្រឡប់មកវិញ។
«ទិវាជាតិនៃការចងចាំ»ត្រូវបានរដ្ឋាភិបាលដាក់បញ្ចូលជាថ្ងៃបុណ្យជាតិ កាលពីថ្ងៃ២០ខែកុម្ភៈឆ្នាំ២០១៨ដើម្បីរំឭកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យចម្លោះពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩ដែលរបបនេះបានកាប់សម្លាប់យ៉ាងរង្គាលនូវពលរដ្ឋខ្មែរជិត២លាននាក់៕