30 C
Phnom Penh

លោក​ព្រហ្ម ម៉ាញ​អំពាវ​នាវ​លោក​ហ៊ុន សែន​ជួយ​អន្ត​រាគមន៍​ករណី​ចោរ​ចូល​លួច​លុយ​អស់​ជាង​៥​ម៉ឺន​ដុល្លារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សិល្ប​ករ​ជើង​ចាស់​ផ្នែក​អាយ៉ៃ ​លោក​ព្រហ្ម ម៉ាញ ​អំពាវ​នាវ​លោក​ហ៊ុន សែន​ជួយ​អន្តរាគមន៍​ករណី​ចោរ​ចូល​លួច​លុយ​អស់​ជាង​៥ម៉ឺន​ដុល្លារ។​

លោក​ព្រហ្ម​ម៉ាញ​លើក​ឡើង​បែប​នេះ​ ​ខណៈ​សមត្ថ​កិច្ច​មូលដ្ឋាន​មិន​ទាន់​បង្ហាញ​តម្រុយ​ណាមួយ​ដល់​រូប​លោក​ក្នុង​ការ​ស៊ើប​អង្កេត​នេះ​នៅ​ឡើយ។​ ក្នុង​វីដេអូ​ដែល​ត្រូវ​បង្ហោះ​ចែកចាយ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ប៉ុន្មាន​ថ្ងៃ​មក​នេះ ​លោក​ព្រហ្ម ម៉ាញ​រំពឹង​ថា​  រឿងរ៉ាវ​របស់​លោក​ពេល​ដឹង​ដល់​លោក​ហ៊ុន សែន​ហើយ​អាច​នឹង​មាន​សង្ឃឹម​ថា​ សមត្ថ​កិច្ច​នឹង​នាំយក​ជនដៃ​ដល់​មក​ផ្តន្ទាទោស​តាម​ច្បាប់។​

កាលពី​យប់​ថ្ងៃទី១៧​ខែ​ឧសភា​ឆ្នាំ​២០១៩​ កន្លង​ទៅ​សមត្ថ​កិច្ច​អះអាង​ថា ​ចោរ​បាន​ចូល​គាស់​ផ្ទះ​លោក​ព្រហ្ម ម៉ាញ ​ក្នុង​ខណ្ឌ​ទួលគោក​ ក្រុង​ភ្នំពេញ ​ដោយ​បាន​រុករើ​ ក្នុង​បន្ទប់​ យក​លុយ​អស់​ប្រមាណ​៥​ម៉ឺន​ដុល្លារ​ ខណៈ​ដែល​លោក​មិន​នៅ​ក្នុង​ផ្ទះ។ ​លោក​ព្រហ្ម ម៉ាញ​ឲ្យ​ដឹង​ថា​  លុយ​ទាំង​នេះ​ជា​កម្លាំង​ញើស​ឈាម​ដែល​លោក​ខំ​សន្សំ​ទុក​រាប់​ឆ្នាំ​មក​ហើយ។​

យ៉ាង​ណា​ក្តី ​រហូត​មក​ទល់​ថ្ងៃ​ទី​២១​ ខែ​ឧសភា ​គេ​មិន​ទាន់​ឃើញ​លោក​ហ៊ុន សែន​ឆ្លើយតប​នឹង​សំណើ​របស់​លោក​ព្រហ្ម ម៉ាញ​នៅ​ឡើយ​ទេ។ ​លោក​ព្រហ្ម ម៉ាញ​​ដែល​ពូកែ​សំនួន​វោហាសព្ទ​ចម្រៀង​អាយ៉ៃ​ឆ្លើយ​ឆ្លង​និង​ជំនាញ​សិល្បៈ​បូរាណ​មួយ​ចំនួន​ទៀត​ ធ្លាប់​សម្តែង​ការ​រិះគន់​ថា ​ផែនការ​ក​៥​បាន​ធ្វើ​ពលរដ្ឋ​ខ្មែរ​រាប់​ម៉ឺន​ស្លាប់​ដោយ​សារការ​ជាន់​មីន​ ដែល​វៀតណាម​ជា​អ្នក​រៀបចំ។​

លោក​ធ្លាប់​សុំ​សិទ្ធិ​រស់​នៅ​សហ​រដ្ឋ​អាមេរិក​មួយ​រយៈ​ ប៉ុន្តែ​ក្រោយ​មក​លោក​សម្រេច​ចិត្ត​មក​រស់​នៅ​ប្រទេស​កម្ពុជា​វិញ​ ហើយ​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​លោក​ហ៊ុន សែន​និង​មន្រ្តី​ជាន់ខ្ពស់​មួយ​ចំនួន​នៃ​រដ្ឋាភិបាល​លោក​ហ៊ុន សែន​ថែម​ទៀត។​

នៅរយៈ​ពេល​ចុង​ក្រោយ​នេះ​ ខណៈ​ពលរដ្ឋ​ខ្មែរ​នៅ​សហ​រដ្ឋ​អាមេរិក​ធ្វើ​បាតុកម្ម​ប្រឆាំង​វត្ត​មាន​លោក​ហ៊ុន សែន​ នៅ​លើ​ទឹក​ដី​សហ​រដ្ឋ​អាមេរិក​ ពេល​នោះ ​លោក​ព្រហ្ម ម៉ាញ​ក៏​បាន​បង្ហាញ​វត្តមាន​គាំទ្រ​លោក​ហ៊ុន សែន​​នៅ​លើទឹក​ដី​សហ​រដ្ឋ​អាមេរិក​ដែរ៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស