មន្រ្តីជាន់ខ្ពស់របស់បក្សកាន់អំណាចនៅកម្ពុជាអះអាងថា សេចក្តីស្នើច្បាប់របស់សមាជិកព្រឹទ្ធសភាអាមេរិកាំងស្តីពីការទទួលខុសត្រូវរបស់កម្ពុជានិងការវិលត្រឡប់វិញនូវការវិនិយោគឆ្នាំ២០១៩ ហៅកាត់ថា CARI Actនិងគ្មានឥទ្ធិពលអ្វីដល់កម្ពុជានោះឡើយ។
អ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជាលោក សុខ ឥសានបានប្រាប់សារព័ត៌មានThe Cambodia Dailyថា ការបង្កើតច្បាប់ទាំងឡាយរបស់សមាជិកព្រឹទ្ធសភាអាមេរិកាំងគ្រាន់តែជាសិទ្ធិរបស់ពួកគេប៉ុណ្ណោះប៉ុន្តែសេចក្តីព្រាងច្បាប់នេះនឹងអាចមិនអនុវត្តទៅលើប្រទេសមួយទៀតបាននោះឡើយ។ អ្នកនាំពាក្យរូបនេះអះអាង ប្រសិនបើសេចក្តីព្រាងច្បាប់នេះចូលជាធរមានមែន នោះ វាមិនមានអ្វីដែលធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងកម្ពុជា និងអាមេរិកនោះឡើយ។
ប្រតិកម្មរបស់លោកសុខ ឥសានធ្វើឡើងបន្ទាប់ពីសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកាំងកាលពីសប្តាហ៍មុនបានដាក់ចេញនូវសេចក្តីស្នើច្បាប់ថ្មីមួយដែលទាមទារឱ្យដោះលែងនិងទម្លាក់ចោលការចោទប្រកាន់លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ឃុំឃាំងក្នុងផ្ទះ ហើយមួយចំនួនទៀតកំពុងនិរទេសខ្លួននៅក្រៅប្រទេស។ សេចក្តីស្នើច្បាប់នេះមានឈ្មោះថា ច្បាប់ស្តីពីការទទួលខុសត្រូវរបស់កម្ពុជានិងការវិលត្រឡប់វិញនូវការវិនិយោគឆ្នាំ២០១៩ឬហៅកាត់ថា CARI Act។
សេចក្តីព្រាងច្បាប់នេះត្រូវបានស្នើឡើងវិញជាថ្មីដោយសមាជិកព្រឹទ្ធសភាចំនួន៣រូបដែលមកពីគណបក្សសាធារណរដ្ឋនិងគណបក្សប្រជាធិបតេយ្យគឺលោក Lindsey Graham លោកDick Durbin និងលោកMarco Rubioកាលពីសប្តាហ៍មុន។
សេចក្តីស្នើច្បាប់របស់សមាជិកព្រឹទ្ធសភាអាមេរិកាំងនេះទាមទារឱ្យមានការដោះលែងលោកកឹម សុខាពីការឃុំឃាំងក្នុងផ្ទះដោយឥតលក្ខខណ្ឌ ទម្លាក់ចោលបទចោទប្រកាន់ព្រហ្មទណ្ឌនានាប្រឆាំងនឹងលោកសម រង្ស៊ី និងអ្នកប្រឆាំងរដ្ឋាភិបាលជាច្រើនរូបទៀតព្រមទាំងទាមទារឲ្យមានការទម្លាក់ចោលការចោទប្រកាន់អតីតអ្នកសារព័ត៌មានរបស់វិទ្យុអាស៊ីសេរីចំនួនពីរនាក់ថែមទៀត។ សេចក្តីស្នើច្បាប់ឈ្មោះCARI Act នេះក៏នឹងមានឥទ្ធិពលក្នុងការ បង្កកទ្រព្យសម្បត្តិមន្ត្រីរដ្ឋាភិបាលកម្ពុជាដែលតម្កល់ទុកក្នុងសហរដ្ឋអាមេរិក និងការប្រឆាំងជំទាស់រាល់ប្រាក់កម្ចីរបស់អាមេរិកទៅកម្ពុជាផងដែរ៕