29.3 C
Phnom Penh

គោ​ឧសភរាជ​បរិភោគ​សណ្តែក ​ពោត​ ស្រូវ​ ច្រើន​បង្ហាញ​ថា​ ដំណាំ​ទាំង​នេះនឹង​ទទួល​បា​នល្អ​នៅ​ឆ្នាំ​នេះ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះ​រាជពិធី​ច្រត់​ព្រះ​នង្គ័ល​ឆ្នាំ​នេះ​បង្ហាញ​ថា ​ផល​ស្រូវ​ពោត​ និង​សណ្តែក​ទទួល​បាន​ល្អ។​

ក្នុង​ព្រះ​រាជ​ពិធី​ច្រត់​ព្រះ​នង្គ័ល ​ដែល​ប្រារព្ធ​ឡើង​នៅទី​រួម​ខេត្ត​តាកែវ​កាល​ពី​ព្រឹកមិញ​នេះ ​ប្រព្រឹត្ត​ទៅ​ដោយ​មាន​ការ​ភ្ជួរ​ជា​និមិត្ត​រូប​ចំនួន​បី​ជុំ​ក្នុង​ទី​ព្រះ​ស្រែ​នៅ​ក្នុង​បរិវេណ​កីឡាដ្ឋាន​គិរី​វង់​សុខ​សែន​ជ័យ។   គោ​ឧសភរាជ​បាន​បរិភោគ​សណ្តែក​៩៥​ភាគ​រយ​ ពោត​៩០​ភាគ​រយ​និង​ស្រូវ ៨៥​ភាគ​រយ​ដែល​ជា​ការ​បរិភោគ​ច្រើន​ជាង​គេ​ ក្នុង​ចំណោម​​អាហារ​៧​មុខ ​រួម​មាន ​ស្រូវ​ ពោត​ សណ្តែក ​ល្ងរ​ ស្មៅ ​ទឹក ​និង​ស្រា។​​

យោង​តាម​លទ្ធផល​នៃ​ការ​បរិភោគ​នោះ ​ ព្រាហ្មណ៍​នៃព្រះ​រាជ​គ្រូ​ប្រចាំ​ព្រះ​បរម​រាជ​វាំង ​ដែល​បាន​ទស្សន៍​ទាយ​ទៅ​តាម​ក្បូន​  បុរាណ បាន​ឲ្យ​ដឹង​ថា ​ស្រូវ​ពោត​សណ្តែក​នឹង​ទទួល​បាន​ផល​ច្រើន​នៅ​ឆ្នាំនេះ។​

ព្រះ​រាជ​ពិធី​ច្រត់​ព្រះ​នង្គ័ល​ឆ្នាំ​នេះ​ប្រារព្ធ​ឡើង​ ក្រោម​ព្រះ​រាជា​ធិបតីភាព​ ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​បរមនាថ​នរោត្តម​សីហមុនី​ ព្រះ​មហា​ក្សត្រនៃ​ព្រះ​រាជាណាចក្រ​កម្ពុជា។​​ ក្នុង​ព្រះ​រាជ​ពិធី​នេះ​​ អភិបាល​ខេត្ត​តាកែវ​លោក​អ៊ូច ភា​​បាន​ធ្វើជា​ស្តេច​មាឃ​  រី​ឯ​ភរិយា​របស់​លោក​ធ្វើ​មេ​ហួរ។​

ទោះជាយ៉ាង​ណា​ក៏​ដោយ​ ពិធី​នេះ​គេ​មិន​ឃើញ​លោក​ហ៊ុន សែន​ចូល​រួម​ទេ ​ប៉ុន្តែ​ជំនួស​ដោយ​វត្តមាន​របស់​លោក​ស ខេង​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ ​និង​មន្រ្តី​ជាន់ខ្ពស់​នៃ​របប​ក្រុង​ភ្នំពេញ​មួយ​ចំនួន​ទៀត។​

ទំព័រ​ហ្វេសប៊ុក​របស់លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​នៅ​ថ្ងៃ​នេះ​បាន​លើក​ឡើង​ថា​ព្រះ​រាជ​ពិធី​ច្រត់ព្រះនង្គ័ល​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃ​នេះ​ជា​រៀង​រាល់​ឆ្នាំ​ក្នុង​ខែ​ពិសាខ។ ​ព្រះ​រាជ​ពិធី​នេះ​គឺ​សំខាន់​បំផុត​បន្ទាប់​ពី​ព្រះ​រាជា​អភិសេក​ដែល​ជា​ពិធី​មួយ​ស្ថិត​ក្នុង​ចំណោម​ពិធី​ផ្សេងៗ​ជា​ច្រើន​ទៀត​ប្រចាំ​ឆ្នាំ។​ ​

ព្រះ​រាជ​ពិធី​ច្រត់​ព្រះ​នង្គ័ល​គឺ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ផ្សង​មើល​ប្រផ្នូល​របស់​ស្រុក​ទេស ​ទៅ​តាម​ការ​បរិភោគ​របស់ ​«គោ​ឧសភរាជ»។​ម្យ៉ាង​ទៀត​ក៏​ជា​ការ​ដាស់​តឿន​ក្រើន​រំឭក​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​ពឹង​ផ្អែក​លើ​ការ​ធ្វើ​កសិកម្ម​ជា​ចម្បង​នោះ​ឱ្យបាន​ដឹង​ថា ​រដូវ​ធ្វើ​ស្រែ​ចម្ការ​បាន​ចូល​មក​ដល់​ហើយ៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស