សំឡេងផ្ទុះនៅលើអាកាសលាន់ឮកក្រើកតំបន់ព្រំដែនកម្ពុជាឡាវក្នុងខេត្តស្ទឹងត្រែងមានការធ្លាក់បំណែកអំបែងដែកពីលើអាកាសដែលគេសង្ស័យយានអវកាសផ្ទុះធ្លាក់។
ហេតុការណ៍នេះកើតឡើងនៅឃុំអូរ ឃុំអូរស្វាយ និងឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ព្រឹកថ្ងៃទី២៣ខែឧសភាដែលធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋក្នុងតំបន់ ហើយសមត្ថកិច្ចកំពុងបញ្ជូន បំណែកអំបែងទាំងនោះទៅសមត្ថកិច្ចជំនាញថ្នាក់ជាតិនៅភ្នំពេញដើម្បីធ្វើស្រាវជ្រាវពិនិត្យបន្ត។
ស្នងការនគរបាលខេត្តស្ទឹងត្រែងលោកឧត្តមសេនីយ៍ទោម៉ៅ តារាឲ្យក្រុមអ្នកសារព័ត៌មានដឹងថា បំណែកដែកធ្លាក់គឺធ្លាក់ចំតំបន់ព្រំដែនកម្ពុជា-ឡាវ។ ប៉ុន្តែលោកថា សមត្ថកិច្ចមិនទាន់ស្រាវជ្រាវដឹងពីមូលហេតុនេះនៅឡើយទេ។
នាយប៉ុស្តិ៍ឃុំអូរស្វាយលោកហម សាវ៉នបាននិយាយថា សំឡេងផ្ទុះពីលើអាកាសលាន់រង្គើដី ហើយហេតុការណ៍នេះបានកើតឡើង ក្រោយមានមេឃភ្លៀងមួយមេធំ លាយឡំជាមួយនឹងខ្យល់កន្ទ្រាក់កាលយប់ថ្ងៃទី២២ ខែឧសភា។ លោកបន្តថា ការធ្លាក់បំណែកដែកនេះ មិនបានធ្វើឲ្យប៉ះពាល់អាយុជីវិតដល់មនុស្សឬសត្វពាហនៈ ឬខូចខាតទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋនោះឡើយ។
សារព័ត៌មានក្នុងស្រុកបានដកស្រង់សម្តីសមត្ថកិច្ចនៅព្រំដែនចុះផ្សាយថា អាជ្ញាធរឡាវបានជូនដំណឹងមកអាជ្ញាធរកម្ពុជាថា សំឡេងផ្ទុះនោះគឺជាយានអវកាសរបស់ប្រទេសចិនហោះឡើងទៅលើហើយបានផ្ទុះជាបំណែកធ្លាក់មកលើខេត្តចំនួន៥នៅភាគខាងត្បូងនៃប្រទេសឡាវនិងធ្លាក់ឆ្លងចូលមកខេត្តស្ទឹងត្រែងនៃប្រទេសកម្ពុជាដែលជាប់ព្រំដែនជាមួយប្រទេសឡាវ៕