38 C
Phnom Penh

រដ្ឋាភិបាល​បាន​ចេញ​វិធានការ​ដោះ​ស្រាយ​បញ្ហា​បង្ហូរ​ទឹក​កខ្វក់​ចូល​សមុទ្រ​ក្នុង​ខេត្ត​ព្រះ​សីហនុ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាល​តាម​រយៈ​ក្រុម​ការងារ​អន្តរ​ក្រសួង​បាន​ដាក់​ចេញ​វិធាន​ការ​បន្ទាន់​មួយ​ចំនួន​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ពាក់​ព័ន្ធ​ការ​បង្ហូរ​ទឹក​ស្អុយ​ចូល​សមុទ្រ​ក្នុង​ខេត្ត​ព្រះ​សីហនុ។ ​

ការ​ដាក់​ចេញ​នូវ​វិធាន​ការ​នេះ​គឺ​ធ្វើ​ឡើង​ក្នុង​កិច្ច​ប្រជុំ​អន្ដរ​ក្រសួង​មួយ ​កាលពី​ថ្ងៃ​ទី​២១​ខែ​ឧសភា​ដែល​មាន​ការ​ចូលរួម​ និង​ដឹក​នាំ​ដោយ​រដ្ឋមន្ដ្រី​មក​ពី​ក្រសួង​ពាក់ព័ន្ធ​មួយ​ចំនួន ​ព្រម​ទាំង​អាជ្ញាធរ​ខេត្ត​ព្រះ​សីហនុ​ផង​ដែរ។ ​

សេចក្ដី​ប្រកាស​ព័ត៌មាន​ដែល​ចេញ​ផ្សាយ​ក្រោយ​កិច្ច​ប្រជុំ​របស់​គណៈ​កម្មាធិការ​អន្ដរ​ក្រសួង​នេះ​អះអាង​ថា ​បញ្ហា​កាក​សំណល់​និង​ការ​បង្ហូរ​ទឹក​កខ្វក់​ចូល​ក្នុង​សមុទ្រ​នា​ខេត្ត​ព្រះ​សីហនុ​កើន​ឡើង​ស្រប​ពេល​ដែល​ខេត្ត​មួយ​នេះ​មាន​ការ​អភិវឌ្ឍ​ផ្នែក​ឧស្សហ​កម្ម ​និង​ទេសចរណ៍​ខ្លាំង​ក្លា​​ប៉ុន្តែ​ទទួល​ស្គាល់​ថា​ ការ​បង្ហូរ​ទឹក​កខ្វក់​ចូល​ទៅ​សមុទ្រ​គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន ​និង​ទេសភាព​តំបន់​ឆ្នេរ​សមុទ្រ​ប្រាកដ​មែន។​

គណៈ​កម្មាធិការ​អន្ដរ​ក្រសួង​ បាន​សម្រេច​ដាក់​ចេញ​នូវ​វិធាន​ការ​បន្ទាន់​មួយ​ចំនួន​ដូច​ជា ​ការ​រៀបចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​និង​ការ​ធ្វើ​ទំនើប​កម្ម​ស្ថានីយ៍​សម្អាត​ទឹក​កខ្វក់​ដែល​អាច​ច្រោះ​ទឹក​កខ្វក់​បាន​៣​ម៉ឺ ម៉ែត្រ​គូប​ក្នុង​មួយ​ថ្ងៃ។​

នៅ​ដើម​ឆ្នាំ​២០១៩​នេះ​ ក្រុម​សកម្ម​ជន​បរិស្ថាន​របស់​អង្គការ​មាតា​ធម្មជាតិ​បាន​រក​ឃើញ​ទីតាំង​បង្ហូរ​ទឹក​ស្អុយ​ចូល​សមុទ្រ​យ៉ាង​ហោច​ណាស់​៥​កន្លែង ​រួម​មាន​នៅឆ្នេរ​អូរឈើទាល ​នៅ​ឆ្នេរ​អូរត្រេះ ​ទីតាំង​មួយ​ចំនួន​នៅ​កោះរ៉ុង​សន្លឹម ​កោះរ៉ុង​ និង​នៅ​ឆ្នេរ​ឯករាជ្យ។​

ទីតាំង​បង្ហូរ​ទឹក​ស្អុយ​ចូល​សមុទ្រ​មួយ​ចំនួន​ត្រូវ​បាន​អាជ្ញាធរ​ចាត់​វិធាន​ការ​ ដូច​ជា​ទីតាំង​មណ្ឌល​កម្សាន្ត ​និង​កាស៊ីណូ​មួយ​ឈ្មោះ ​ជីងទីង​នៅ​កោះរ៉ុង​សន្លឹម​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​អះអាង​ថា​ បាន​បិទ​តែ​ម្តង​ក្រោយ​ពេល​រក​ឃើញ​ថា​ ទីតាំង​មួយ​នេះ​បាន​ប្រើ​ប្រាស់​អាជ្ញា​ប័ណ្ណ​ហួស​សុពលភាព​សាងសង់​លើ​ដី​សាធារណៈ​របស់​រដ្ឋ​ដោយ​ខុសច្បាប់​នៅ​លើ​ឆ្នេរសមុទ្រ ​និង​បាន​បង្ហូរ​ទឹក​ស្អុយ​ចូល​សមុទ្រ។​

យ៉ាង​នេះ​ក្តី ​តាម​រយៈ​វីដេអូ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​អង្គការ​មាតា​ធម្មជាតិ​កាលពី​ថ្ងៃ​ម្សិលមិញ​ សកម្ម​ជន​ស្រឡាញ់​បរិស្ថាន​លោក​ម៉េង ហេង​បាន​រក​ឃើញ​ថា​ ទីតាំង​មណ្ឌល​កម្សាន្ត​ និង​កាស៊ីណូ​ជីងទីង​មួយ​នេះ ​នៅតែ​បន្ត​រក​ស៊ី​បាន​ដដែល ​ដោយ​មិន​មាន​ការ​បិទ​ដូចការ​លើក​ឡើង​របស់​អាជ្ញាធរ​ខេត្ត​នោះ​ឡើយ​ ព្រម​ទាំង​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ខ្មែរ​អាច​ចូល​លេង​ល្បែង​នៅ​ទី​នោះ​បាន​ទៀត​ផង។​

សកម្ម​ជន​បរិស្ថាន​រូប​នេះ ​លើក​ឡើង​ថា​ ទីតាំង​មណ្ឌល​កម្សាន្ត​និង​កាស៊ីណូ​នេះ​មិន​ត្រឹមតែ​មិន​បាន​បិទ​ទេ ​ប៉ុន្តែ​លោក​ថា​ ទីតាំង​នេះ​អាច​ទំនង​ត្រូវ​បាន​គេ​រៀបចំ​ឱ្យ​ក្លាយ​ជា​ទីតាំង​ស្រប​ច្បាប់​ ពាក់​ព័ន្ធ​ការ​សាងសង់​សំណង់​ដោយ​ខុស​ច្បាប់​នៅ​លើដី​សាធារណៈ​របស់​រដ្ឋ​ ដែល​ជា​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​នោះ៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស