សំណុំរឿងហូបនំបញ្ចុកនៅមិនទាន់បិទបញ្ចប់នៅឡើយទេ បើទោះជាតុលាការមិនទាន់បន្តកោះហៅអតីតសកម្មជនគណបក្សសង្រ្គោះជាតិទៅសាកសួរបន្ថែមទៀតអំពីរឿងដែលពួកគេហូបនំបញ្ចុកក្តី ប៉ុន្តែពេលនេះសកម្មជនអតីតបក្សប្រឆាំងនៅខេត្តបន្ទាយមានជ័យវិញ រិះគន់ថា សមត្ថកិច្ចខេត្តនេះទៅអុកឡុកពួកគេពេលកំពុងជួបជុំគ្នាហូប នំបញ្ចុក។
ការលើកឡើងបែបនេះ ខណៈអតីតសកម្មជនគណបក្សប្រឆាំងនៅជួបជុំគ្នាហូបនាំបញ្ចុក ប៉ុន្តែសមត្ថកិច្ចក្នុងមូលដ្ឋានជាច្រើននាក់លើកគ្នាទៅកន្លែងជួបជុំរបស់ពួកគេដែលធ្វើឲ្យសកម្មជនទាំងនោះមិនអាចហូបនំបញ្ចុកជុំគ្នាបាន និងសម្រេចចិត្តចែកផ្លូវគ្នាទៅផ្ទះរៀងៗខ្លួន។
ហ្វេសប៊ុកឈ្មោះជាតិខេមរាបានបង្ហោះរូបក្រុមប៉ូលិសដែលចុះទៅអុកឡុកពួកគេថ្ងៃទី២៣ ខែឧសភានេះ ដោយរៀបរាប់ថា ប៉ូលិសទាំងនោះមានគ្នាជាង៥០នាក់ដឹកនាំដោយអធិការស្រុកស្វាយចេក បានចុះទៅគំរាមកំហែងកម្មវិធីសូត្រមន្តមួយដែលអ្នកភូមិ ប្រីយ ឃុំទ្រាស ដែលគ្នាជាង១០០នាក់រួមគ្នាធ្វើ។ ប្រភពដដែលបន្តទៀតថា សកម្មភាពនេះដូចក្នុងសមរភូមិអ៊ីចឹង គឺប៉ូលិសបានព័ទ្ធគ្រប់ច្រកក្នុងភូមិមានទាំងស្លៀកស៊ីវិល ឯកសណ្ឋានហើយព្រមានពលរដ្ឋមិនឲ្យថតឡើយ។
សារព័ត៌មានThe Cambodia Dailyនៅមិនទាន់អាចសុំការបំភ្លឺពីអាជ្ញាធរខេត្តបន្ទាយមានជ័យជុំវិញការចោទប្រកាន់នេះនៅឡើយទេ នៅថ្ងៃទី២៣ខែឧសភានេះ។ វាមិនមែនជាលើកទី១ទេ ដែលសមត្ថកិច្ចខេត្តនេះចេញធ្វើទុក្ខបុកម្នេញលើពលរដ្ឋដែលហូបនំបញ្ចុកជុំគ្នាដូច្នេះ។ កាលពីពេលថ្មីៗនេះអាជ្ញាធរក្រុងប៉ោយប៉ែតក៏បានទៅសាកសួរអតីតមន្រ្តីនិងសកម្មជនបក្សប្រឆាំងធ្វើពិធីនិងជួបជុំគ្នាហូបនំបញ្ចុកដូចគ្នានេះដែរ។
ចំណែកអតីតសមាជិកគណៈកម្មការប្រតិបត្តិខេត្តកំពង់ធំគណបក្សសង្រ្គោះជាតិម្នាក់ទៀតគឺលោកថៃ ធីមឱ្យដឹងថា ការជួបជុំពិសារនំបញ្ចុកក្នុងពិធីសូត្រមន្តនៅផ្ទះអតីតជំទប់ទី២ឃុំស្វាយភ្លើងក្នុងស្រុកបារាយណ៍កាលពីថ្ងៃម្សិលមិញក៏មានការរំខានខ្លះដែរពីសំណាក់មន្ត្រីសមត្ថកិច្ចប្រមាណ២០នាក់។ ក្រៅពីនេះការជួបជុំពិសារនំបញ្ចុកនៅឃុំទ្រៀល ក៏មានការចូលទៅសាកសួរពីសំណាក់អធិការនគរបាលស្រុកបារាយណ៍ និងការតាមថតរូបអ្នកចូលរួមផងដែរ។
លោកថៃ ធីមបញ្ជាក់ថា ការជួបជុំគ្នាក្នុងពិធីសូត្រមន្តនិងពិសារនំបញ្ចុកទាំងនោះពួកគាត់មិនបានថ្លែងសារនយោបាយអ្វីនោះឡើយដោយគ្រាន់តែនឹករឭកគ្នានិងការចូលរួមតាមប្រពៃណីប៉ុណ្ណោះ។
លោកបន្តថា បច្ចុប្បន្នមានអតីតមន្ត្រីនឹងសកម្មជនបក្សប្រឆាំងខេត្តនេះចំនួន៣៥នាក់ហើយ ដែលត្រូវបានសមត្ថកិច្ចមូលដ្ឋានកោះហៅមកសាកសួរ ដោយបញ្ជាក់ថាជាការសាកសួររឿងផ្ទាល់ខ្លួន។
អតីតមន្ត្រីបក្សឆាំងរូបនេះយល់ថា សកម្មភាពរបស់សមត្ថកិច្ចទាំងនេះគឺជាការគំរាមកំហែង បំភិតបំភ័យផ្នែកនយោបាយហើយជាការបំបិទសិទ្ធិសេរីភាពរបស់ពួកគាត់ ដែលជាពលរដ្ឋសាមញ្ញមិនជាប់បម្រាមណាមួយក្នុងការធ្វើនយោបាយនោះឡើយ។
កាលពីថ្ងៃម្សិលមិញនៅលើបណ្តាញទំនាក់ទំនងតេឡេក្រាម អ្នកនាំពាក្យគណបក្សកាន់អំណាច លោកសុខ ឥសានបានលើកឡើងថា ការកោះហៅទៅសាកសួរគឺជានីតិវិធីដើម្បីរកយុត្តិធម៌។ លោកបន្តថា ក្នុងរបបប្រល័យពូជសាសន៍គឺគ្មានអ្នកណានឹកឃើញពីសិទ្ធិសេរីភាពនោះទេ។ ជាងនេះទៅទៀតលោកថា វិទ្យុឯករាជ្យគឺជាវិទ្យុដែលផ្សាយឲ្យមានការញុះញង់វាយប្រហាររាជរដ្ឋាភិបាល ប្រមាថជាតិសាសន៍ឯង។ អ្នកនាំពាក្យរូបនេះអះអាងថា ការហូបចុកដើម្បីបបួលគ្នាប្រព្រឹត្តល្មើសច្បាប់មិនមែនជាសិទ្ធិនោះទេ ហើយថា គណបក្សសង្គ្រោះជាតិត្រូវបានរំលាយដោយតុលាការកំពូលរួចហើយ ហើយគ្មានជនណាមួយមានសិទ្ធិបបួលគ្នាគាំទ្រនោះឡើយ។
ប៉ុន្តែកាលពីថ្ងៃទី១៨ខែឧសភា ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានបង្ហាញក្តីកង្វល់ចំពោះនីតិវិធីរបស់តុលាការ នាពេលថ្មីៗនេះ ប្រឆាំងនឹងអតីតសមាជិករបស់គណបក្សសង្គ្រោះជាតិប្រមាណ៦៥នាក់។ប្រទេសមហាអំណាចមួយនេះបានស្នើឲ្យរដ្ឋាភិបាលកម្ពុជាលុបបំបាត់នូវការរឹតត្បិតលើមនុស្សទាំងអស់ក្នុងប្រទេសកម្ពុជានិងឲ្យដោះលែងអ្នកទោសទាំងឡាយណា ដែលត្រូវបានឃុំខ្លួនតាមអំពើចិត្តនិងខុសច្បាប់ រួមទាំងប្រធានគណបក្សសង្រ្គោះជាតិលោកកឹម សុខាផងដែរ។
សហរដ្ឋអាមេរិកបានអំពាវនាវជាថ្មីទៀតឲ្យរដ្ឋាភិបាលកម្ពុជាមានការគាំទ្រនូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សពិតប្រាកដ ដោយធ្វើយ៉ាងណាឲ្យសកម្មភាពនិងច្បាប់របស់កម្ពុជាគោរពទៅតាមកាតព្វកិច្ចសិទ្ធិមនុស្សរបស់កម្ពុជាស្ថិតក្រោមច្បាប់អន្តរជាតិ៕