28.4 C
Phnom Penh

សាកលវិទ្យា​ល័យ​South-East Asia​សោក​ស្តាយ​ចំពោះ​និស្សិត​របស់​ខ្លួន​ម្នាក់​ដែល​ច្រៀង​រិះគន់​សង្គម​សព្វថ្ងៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាកល​វិទ្យាល័យ​South-East Asia​បាន​ចេញ​មុខ​ច្រាន​ចោល​រាល់​អត្ថន័យ​របស់​បទ​ចម្រៀង​មាន​ចំណង​ជើង​ថា​«សង្គមនេះ»​ដែល​ច្រៀង​ដោយ​និស្សិត​របស់​ខ្លួន​ម្នាក់​ឈ្មោះ​ឈុន ឌីម៉ី​ដោយ​អះអាង​ថា​មិនមែន​ជា​គោល​ជំហរ​របស់​សាកល​វិទ្យាល័យ​ខ្លួន​ឡើយ។​

សេចក្តី​ថ្លែង​ការណ៍​របស់​សាកល​វិទ្យាល័យ​នេះ​កាល​ពី​ថ្ងៃ​ទី​២១​ឧសភា​ដែល​The Cambodia Daily​ទើប​ទទួល​បាន​នៅថ្ងៃ​នេះ​បាន​ឱ្យ​ដឹង​ថា​ គណៈ​គ្រប់គ្រង​និង​អ្នក​បម្រើ​ការងារ​នៅ​សាកល​វិទ្យាល័យ​នេះ​មាន​ការ​សោក​ស្តាយ​ចំពោះ​ទង្វើ​របស់​និស្សិត​ឈ្មោះ​ឈុន ឌីម៉ី​ដែល​បាន​ច្រៀង​ចម្រៀង​មាន​ចំណង​ជើង​ថា​«សង្គមនេះ»​ដែល​ប៉ះពាល់​ដល់​កិត្តិយស​របស់​រដ្ឋាភិបាល។ ​លើស​ពី​នេះ ​ខ្លឹម​សារ​នៃ​បទ​ចម្រៀង​នោះ​គឺ​ផ្ទុយ​ពី​គោល​នយោបាយ ​យុទ្ធសាស្ត្រ​ចតុ​កោណ​ និង​ផែនការ​អភិវឌ្ឍន៍​ជាតិ ​ក្រោម​ការ​ដឹកនាំ​ដ៏​ត្រឹម​ត្រូវ​របស់​លោក​ហ៊ុន សែន។​

សេចក្តី​ថ្លែង​ការណ៍​ដដែល​អះអាង​ថា ​ជា​ជំហរ​របស់​សាកល​វិទ្យា​មួយ​នេះ ​គ្រប់​មុខ​វិជ្ជា ​គ្រប់​កម្រិត​សិក្សា ​គឺ​មិន​បាន​បញ្ចូល​ខ្លឹមសារ​សម្រាប់​រិះគន់​រដ្ឋាភិបាល​លោក​ហ៊ុន សែន​និង​ថ្នាក់​ដឹកនាំ​ប្រទេស​ណា​មួយ​នៅ​លើ​ពិភព​លោក​នោះ​ឡើយ​ ដោយ​ថា​ ទង្វើ​របស់​និស្សិត​ឈុន ឌីម៉ី​គឺជា​ទង្វើ​ដែល​កើត​ចេញ​ពី​គំនិត​ខ្លួន​តែ​ប៉ុណ្ណោះ។​

តារា​ចម្រៀង​រ៉េប​ឈ្មោះ​ឈុន ឌីម៉ី ​ឬ​ហៅ​ថា​ឌីម៉ី ខេមបូ​(Dymey-Cambo)​ដែល​ជា​និស្សិត​ឆ្នាំទី​១​ នៃ​សាកល​វិទ្យាល័យ​South-East Asia​បាន​តែង​និពន្ធ​បទ​ចម្រៀង​មួយ​បទ​កាល​ខែ​មេសា​ដែល​មាន​ចំណង​ជើង​ថា«សង្គមនេះ»​ដោយ​ចម្រៀង​នោះ​ចែក​ចេញ​ជា​ពីរ​វគ្គ។​

អត្ថន័យ​បទ​ចម្រៀង​នេះ​បាន​រៀបរាប់​អំពី​រឿងរ៉ាវ​អាក្រក់​ជាច្រើន​នៅ​ក្នុង​សង្គម​ដែល​ដឹក​នាំ​ដោយ​លោក​ហ៊ុន សែន​កន្លង​មក ​ដូចជា​ ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ ការ​ធ្វើបាប​ពលរដ្ឋ​ក្រីក្រ ​តាម​រយៈ​អ្នក​មាន​លុយ​មាន​អំណាច​ជិះជាន់​ការ​រំលោភ​យក​ដីធ្លី។​ ការ​គាប​សង្កត់​លើ​អ្នក​ចេះ​ដឹង​ រួមទាំង​ការ​បាញ់​កាប់​សម្លាប់​អ្នក​ចេះ​ដឹង​ និង​អ្នក​ស្នេហាជាតិ​ជា​ហូរហែ​និង​រៀបរាប់​អំពី​បញ្ហា​ជន​អន្តោ​ប្រវេសន៍​រស់​នៅ​យ៉ាង​អនាធិបតេយ្យ​នៅលើ​ទឹក​ដី​កម្ពុជា។​

លើស​​ពី​នេះ​​បទ​ចម្រៀង​នោះ​ក៏បាន​ចោទ​ជា​សំណួរ​ថា​តើ​ពេល​ណា​ទើប​ពលរដ្ឋ​ខ្មែរ​បាន​សេចក្តី​សុខ​ សេរីភាព​ និង​សន្តិភាព​ពិត​ប្រាកដ?​ បទ​ចម្រៀង​ដដែល​នេះ​ក៏បួង​សួង​សុំ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទទួល​បាន​សេចក្តី​សុខ​សន្តិភាព ​សេរីភាព​ពេញ​លេញ​ផង​ដែរ។​

កាលពី​ថ្ងៃ​ម្សិលមិញ ​តាម​បណ្តាញ​ទំនាក់​ទំនង​តេឡេក្រាម​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ​លោក​សុខ ឥសាន​បាន​អះអាង​ថា​  «ការ​តែង​និពន្ធ​ ការ​សរសេរ​ ការ​ច្រៀង​ប្រមាថ​ជាតិ​សាសន៍​ឯង​គឺ​មិន​មែន​ជា​សិទ្ធិ​ទេ»។​

យ៉ាងនេះ​ក្តី​នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណ​នេយ្យ​ភាព​សង្គម​កម្ពុជា ​លោក​សន ជ័យ​យល់​ថា​ សេចក្តី​ថ្លែង​ការណ៍​របស់​សាកល​វិទ្យាល័យ​South-East Asia​​គឺ​ជា​ការ​លាង​សម្អាត​ខ្លួន​ដោយ​មិន​ចង់​ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ។​

លោក​ថា ​ការ​សម្តែង​មតិណា​មួយ​គឺ​ជា​សិទ្ធិ​បុគ្គល​ហើយ​ក៏​ជា​ការ​ទទួល​ខុសត្រូវ​របស់​បុគ្គល​ដែរ​ ដោយ​ថា​ សាលា​នេះ​មិន​គួរ​បង្ហាញ​ជំហរ​របស់​ខ្លួន​ដូចនេះ​ឡើយ​ ដែល​នឹង​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​សម្រេច​ចិត្ត​របស់​សិស្ស​ឬ​និស្សិត​ក្នុង​ការ​ចូល​រៀន​នៅ​សាលា​របស់​ខ្លួន​ផង​ដែរ៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស