34.8 C
Phnom Penh

សមត្ថ​កិច្ច​ខេត្ត​ស្វាយរៀង​ចាប់​ខ្លួន​អ្នក​លេង​ហ្វេសប៊ុក​ម្នាក់​ដែល​បង្ហោះ​ការ​ប្រមាថ​អង្គ​ព្រះ​មហា​ក្សត្រ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថ​កិច្ច​ខេត្ត​ស្វាយរៀង​ចាប់​ខ្លួន​អ្នក​លេង​ហ្វេសប៊ុក​ម្នាក់​ដែល​បង្ហោះការ​ប្រមាថ​អង្គ​ព្រះ​មហា​ក្សត្រ។ ​ម្ចាស់​គណនី​facebook​ដែល​ត្រូវ​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ទី​២៣​ឧសភា​នេះ​ ឈ្មោះ​គឹម បញ្ញា​(Kim Panha)​ដោយ​ត្រូវ​ចោទ​ថា​ បាន​បង្ហោះ​សារ ជេរ​ប្រមាថ​អង្គ​ព្រះ​មហា​ក្សត្រ ​និង​ថ្នាក់​ដឹកនាំ​របប​ក្រុង​ភ្នំពេញ។​

សមត្ថ​កិច្ច​ឲ្យ​ដឹង​ថា ​ជន​សង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ​កាលពី​អំឡុង​ឆ្នាំ​២០១៨​ខ្លួន​បាន​ចូល​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​កាស៊ីណូ​មួយ​នៅ​ខេត្ត​ស្វាយរៀង​ពេល​នោះ​ខ្លួន​បាន​ទិញ​ទូរសព្ទ​Smart Phone​មួយ​គ្រឿង​ រួច​​ក៏​បង្កើត​ហ្វេសប៊ុក​ និង​បាន​បង្ហោះ ​ជេរ​ព្រះ​មហា​ក្សត្រ ​និង​លោក​ហ៊ុន សែន​តាម​ហ្វេសប៊ុក​របស់​ខ្លួន។​

ក្រោយ​ទទួល​ចម្លើយ​សារ​ភាព​រួច ​សមត្ថ​កិច្ច​នគរបាល​ខេត្ត​ស្វាយរៀង​បាន​បញ្ជូន​ជ​នសង្ស័យ​រូប​នេះ​ទៅ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នៅ​ពន្ធនាគារ​ខេត្ត។​ នេះ​មិន​មែន​ជា​លើក​ទី​១​ទេ​ដែល​សមត្ថ​កិច្ច​ចាប់​ខ្លួន​ពលរដ្ឋ​ករណី​ប្រមាថ​ព្រះ​មហា​ក្សត្រ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក។​ ក្រម​ព្រហ្ម​ទណ្ឌ​មាត្រា​៤៣៧​ស្ទួន​ដែល​ទើប​បាន​ធ្វើ​វិសោធន​កម្ម​រួច​ចែង​ថា​  អ្នក​ប្រមាថ​ព្រះ​មហា​ក្សត្រ​​អាច​ប្រឈម​នឹង​ទោស​ជាប់​ពន្ធនាគារ​ពី​១​ឆ្នាំ​ទៅ​៥​ឆ្នាំ ​និង​ពិន័យ​ជា​ទឹក​ប្រាក់​ពី​២​លាន​រៀល ​ទៅ​១០​លាន​រៀល។​

កាលពី​ថ្ងៃ​ទី​២​ខែ​ឧសភា​កន្លង​ទៅ ​ ចៅ​ក្រម​ជំនុំ​ជម្រះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ លោក​រស់ ពិសិដ្ឋ​ក៏​បាន​ប្រកាស​សាលក្រម​ផ្តន្ទា​ទោស​លោក​សម រង្ស៊ី​ដាក់​ពន្ធនាគារ​៨​ឆ្នាំ ​និង​ពិន័យ​ជា​ប្រាក់​២០​លាន​រៀល​ចូល​ជា​ថវិកា​ជាតិ​ ក្នុង​សំណុំ​រឿង​ញុះញង់​ឲ្យ​កងទ័ពកុំ​ស្តាប់​បទ​បញ្ជា ​និង​ប្រមាថ​ព្រះ​មហា​ក្សត្រ​ផង​ដែរ។​

មួយ​ថ្ងៃ​ក្រោយ​មក​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក​សមរង្ស៊ី​បាន​រិះគន់​ធ្ងន់ៗ​ថា​ ព្រះ​មហា​ក្សត្រ​ទន់​ជ្រាយ​គ្មាន​ប្រយោជន៍​ដល់​ជាតិ​ទេ។​ជាង​នេះ​ទៅទៀត​ លោក​បាន​បន្ទោស​ព្រះ​មហា​ក្សត្រ​ថា ​ជាអ្នក​បណ្តែត​បណ្តោយ​ឲ្យ​លោក​ហ៊ុន សែន​យក​ព្រះអង្គ​ធ្វើ​ជា​ចំណាប់​ខ្មាំង​ ហើយ​​ថា​ ព្រះ​មហា​ក្សត្រ​ទន់​ជ្រាយ​បែប​នេះ​គឺគ្មាន​ប្រយោជន៍​ទាល់​តែ​សោះ​សម្រាប់​ប្រទេស​ជាតិ​គឺ​មាន​តែ​ធ្វើ​ឲ្យ​ខូចខាត​ផល​ប្រយោជន៍​ជាតិ​ទៅ​វិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស