យុវជននិងជានិស្សិតឆ្នាំទី១នៃសាលវិទ្យាល័យSouth East Asiaដែលជាម្ចាស់បទចម្រៀង«សង្គមនេះ»ដែលច្រៀងរៀបរាប់រិះគន់សង្គមសព្វថ្ងៃថា មានភាពស្មោកគ្រោកច្រើននោះ បានសម្តែងការសោកស្តាយដោយថា ចម្រៀងរបស់ខ្លួននោះធ្វើឱ្យប៉ះពាល់កិត្តិយសនិងគោលការណ៍ផ្ទៃក្នុងរបស់សាលា។
យុវជនឈុន ឌីម៉ីបានបង្ហាញការសោកស្តាយចំពោះបទចម្រៀងរបស់ខ្លួនដែលមានចំណងជើងថា«សង្គមនេះ»ហើយក៏គាំទ្រចំពោះ សេចក្តីថ្លែងការណ៍របស់សាលាកាលពីថ្ងៃទី២១ឧសភាដែរ។
យុវជនរូបនេះប្រាប់ទៅសាធារណជនទាំងអស់ឱ្យឈប់យល់ច្រឡំចំពោះសេចក្តីថ្លែងការណ៍របស់សាកលវិទ្យាល័យ South East Asiaនិងបង្ហាញការគាំទ្រទាំងស្រុងចំពោះបទបញ្ជាផ្ទៃក្នុងផែនការយុទ្ធសាស្ត្រនិងកម្មវិធីសិក្សារបស់សាលាមួយនេះផងដែរ។
កាលពីថ្ងៃទី២១ឧសភា សាកលវិទ្យាល័យSouth-East Asiaបានចេញសេចក្តីថ្លែងការណ៍មួយ ដោយច្រានចោលរាល់អត្ថន័យរបស់បទចម្រៀងមានចំណងជើងថា«សង្គមនេះ»ដែលច្រៀងដោយនិស្សិតរបស់ខ្លួនម្នាក់ឈ្មោះឈុន ឌីម៉ីថា មិនមែនជាគោលជំហររបស់សាកលវិទ្យាល័យខ្លួនឡើយ។
សេចក្តីថ្លែងការណ៍ដដែលបង្ហាញការសោកស្តាយចំពោះទង្វើរបស់និស្សិតឈ្មោះឈុន ឌីម៉ីដែលបានច្រៀងចម្រៀងមានចំណងជើងថា«សង្គមនេះ»ដែលធ្វើប៉ះពាល់ដល់កិត្តិយសរបស់រដ្ឋាភិបាល។ លើសពីនេះខ្លឹមសារនៃបទចម្រៀងនោះគឺផ្ទុយពីគោលនយោបាយ យុទ្ធសាស្ត្រចតុកោណនិងផែនការអភិវឌ្ឍន៍ជាតិក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់លោកហ៊ុន សែន។ សាកលវិទ្យាល័យ South East Asiaអះអាងថា គ្រប់មុខវិជ្ជា គ្រប់កម្រិតសិក្សាគឺមិនបានបញ្ចូលខ្លឹមសារសម្រាប់រិះគន់រដ្ឋាភិបាលលោកហ៊ុន សែននិងថ្នាក់ដឹកនាំប្រទេសណាមួយនៅលើពិភពលោកនោះឡើយ ហើយថា ចម្រៀងរបស់និស្សិតឈុន ឌីម៉ីគឺជាចម្រៀងដែលកើតចេញពីគំនិតខ្លួនឯងតែប៉ុណ្ណោះ។
ប៉ុន្តែក្រុមសង្គមស៊ីវិលមួយចំនួនបានលើកឡើងថា ការចេញសេចក្តីថ្លែងការណ៍នេះហាក់ប្រាសចាកពីគោលការណ៍នៃការបង្រៀនសិស្ស និស្សិត ដោយមានបញ្ចូលចំណុចជាច្រើន តម្រូវឱ្យមានការជជែក វែកញែក ការគិតពិចារណាការមើលឃើញពីភាពល្អ អាក្រក់ចំពោះការដឹកនាំរបស់ប្រទេសជាតិនីមួយៗ ដើម្បីឆ្ពោះទៅកាន់ចំណុចប្រសើរក្នុងការរស់នៅផងដែរ។ តារាចម្រៀងរ៉េបឈ្មោះ ឈុន ឌីម៉ី ឬហៅថាឌីម៉ី ខេមបូ(Dymey-Cambo)ដែលជានិស្សិតឆ្នាំទី១ ផ្នែកព័ត៌មានវិទ្យានៃសាកលវិទ្យាល័យ South East Asia បានតែងនិពន្ធបទចម្រៀងមួយបទកាលខែមេសា ដែលមានចំណងជើងថា«សង្គមនេះ»ហើយចម្រៀងនោះចែកចេញជាពីរវគ្គថែមទៀត។
អត្ថន័យបទចម្រៀងនេះបានរៀបរាប់អំពីរឿងរ៉ាវអាក្រក់ជាច្រើននៅក្នុងសង្គមដែលដឹកនាំដោយលោកហ៊ុន សែនកន្លងមក ដូចជាការប្រព្រឹត្តអំពើពុករលួយ ការធ្វើបាបពលរដ្ឋក្រីក្រ តាមរយៈអ្នកមានលុយមានអំណាចជិះជាន់ និងការរំលោភយកដីធ្លី។ ការគាបសង្កត់លើអ្នកចេះដឹង រួមទាំងការបាញ់កាប់សម្លាប់អ្នកចេះដឹង និងអ្នកស្នេហាជាតិជាហូរហែ និងរៀបរាប់អំពីបញ្ហាជនអន្តោប្រវេសន៍រស់នៅយ៉ាងអនាធិបតេយ្យនៅលើទឹកដីកម្ពុជា។ បទចម្រៀងដដែលនេះក៏បួងសួងសុំឱ្យពលរដ្ឋខ្មែរ សង្គមខ្មែរទទួលបានសេចក្តីសុខ សន្តិភាពសេរីភាពពេញលេញទៀតផង៕