29 C
Phnom Penh

លោក​ហ៊ុន សែន​ទៅ​ប្រទេស​ជប៉ុន​ ខណៈ​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​នៅ​ទីនោះ​រង់ចាំ​ធ្វើ​បាតុកម្ម​ចាំ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេ​ដឹកនាំ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​បាន​​ចេញ​ពី​កម្ពុជា​នៅថ្ងៃ​ទី​២៨​ខែ​ឧសភា​នេះ​ទៅប្រទេស​ជប៉ុន​ ខណៈ​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​នៅ​ទីនោះ​រង់​ចាំ​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក។​

លោក​ហ៊ុន សែន​បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា​​ លោក​ដឹក​នាំ​គណៈ​ប្រតិភូ​ជាន់ខ្ពស់​របស់​លោក​ដើម្បី​ចូល​រួម​សន្និសីទ​អន្តរជាតិ​លើក​ទី​២៥​ស្ដីពី​«អនាគត​របស់​អាស៊ី»​ ហើយ​លោក​នឹង​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ នៅ​ថ្ងៃ​ទី​៣១​ឧសភា​នេះ។ ​

លោក​ហ៊ុន សែន​ឲ្យ​ដឹង​ទៀត​ថា​  នៅ​ក្នុង​កំឡុង​ពេល​ស្នាក់​នៅ​ប្រទេស​ជប៉ុន ​លោក​មាន​គម្រោង​ជួប​ទ្វេភាគី​ជាមួយ​នាយក​រដ្ឋមន្រ្តី​ជប៉ុន​លោក​Shinzo Abe​ដើម្បី​ពិភាក្សា​លើ​បញ្ហា​ទ្វេភាគី​ទាំង​ក្នុង​កម្រិត​តំបន់​និង​អន្តរជាតិ។​

ក្រៅពី​នេះ​លោក​ក៏​ធ្វើ​ជា​សាក្សី​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​សារ​ចំនួន​២​ស្តីពី​ការ​ផ្តល់​ជំនួយ​ឥត​សំណង​របស់​ជប៉ុន​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ដែល​ជប៉ុន​គ្រោង​ផ្ដល់​ឲ្យ​កម្ពុជា​នូវ​ទឹក​ប្រាក់​សរុប​ជាង​ ៥០០​លាន​យ៉េន។ ​ហើយ​លោក​នឹង​ជួប​ពិភាក្សា​ជាមួយ​តំណាង​ក្រុ​មហ៊ុន​របស់​ជប៉ុន​ជាច្រើន​ផ្សេង​ទៀត។​

យ៉ាង​ណា​ក៏​ដោយ  ​លោក​ហ៊ុន សែន​ក៏​មិន​បាន​បង្ហាញ​ការ​ឆ្លើយ​តប​ណាមួយ​ចំពោះ​ការ​ព្រមាន​ធ្វើ​បាតុកម្ម​ប្រឆាំង​រូប​លោក​នៅ​ប្រទេស​ជប៉ុន​ដែល​ជា​ការ​រៀបចំ​របស់​សកម្មជន​គណបក្ស​សង្រ្គោះ​ជាតិ​នោះ​ទេ។​

ប៉ុន្តែ​អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច​លោក​សួស យ៉ារ៉ា​បាន​ចាត់​ទុក​ក្រុម​ដែល​រៀបចំ​ការ​តវ៉ា​នេះ​ជាក្រុម​ខុស​ច្បាប់​របស់​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​រំលាយ​ចោល។

ប្រធាន​ចលនា​យុវជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ប្រទេស​ជប៉ុន​និង​ជា​អ្នក​នាំ​ដឹកនាំ​បាតុកម្ម​ម្នាក់​គឺ​លោក​ហៃ វណ្ណា​ឲ្យ​ដឹង​ថា​ ពួក​លោក​មិន​ស្វាគមន៍​លោក​ហ៊ុន សែន ​ហើយ​ការ​ធ្វើ​បាតុកម្ម​នេះ​ ជា​សារ​ប្រាប់​ទៅ​ប្រទេស​ជប៉ុន​ និង​សហគមន៍​អន្តរជាតិ​ថា ​លោក​ហ៊ុន សែន​មិន​មែន​ជា​នាយក​រដ្ឋមន្រ្តី​ស្រប​ច្បាប់​ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត​ដោយ​សេរី ​និង​យុត្តិធម៌​នោះ​ទេ។​

លោក​ហៃ វណ្ណា​ឲ្យ​ដឹង​ទៀត​ថា ក្រុម​យុវជន​ដែល​ស្រឡាញ់​ប្រជា​ធិបតេយ្យ​នឹង​ចូល​រួម​តវ៉ា​ប្រឆាំង​វត្តមាន​ហ៊ុន សែន​លើក​ទី​១​ធ្វើ​នៅ​ក្នុង​ទីក្រុង​តូក្យូ​នៅ​សួន​Hibiya ​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​៣០​ខែ​ឧសភា​ ឆ្នាំ​២០១៩។​

តាម​គម្រោង​ក្រុម​បាតុករ​គ្រោង​ធ្វើ​បាតុកម្ម​នៅ​ទីតាំង​បី​សំខាន់​គឺ​នៅ​មុខ​សណ្ឋាគារ​ដែល​រៀបចំ​សន្និសីទ​មុខ​វិមាន​រដ្ឋសភា​ និង​នៅ​មុខ​ក្រសួង​ការ​បរទេស​របស់​ជប៉ុន៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស