27 C
Phnom Penh

រដ្ឋាភិ​បាល​សម្រេច​ដំឡើង​ប្រាក់​បំណាច់​ឱ្យ​​ចៅក្រម ​និង​ព្រះរាជ​អាជ្ញា​បន្ថែម​ទៀត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាល​ឯកបក្ស​របស់​លោក​ហ៊ុន សែន​អាណត្តិ​ទី​៦​នេះ​បាន​សម្រេច​កែប្រែ​និង​ដំឡើង​ប្រាក់​បំណាច់​ឱ្យ​មន្ត្រី​ចៅក្រម ​និង​ព្រះ​រាជអាជ្ញា ​ចន្លោះ​ពី​៣០​ម៉ឺន​ទៅ​៥០​ម៉ឺន​រៀល​បន្ថែម​ទៀត។​ ​​

កាល​ពី​ថ្ងៃ​ទី​ ២៤ ​ខែ​ឧសភា​ រដ្ឋាភិបាល​បាន​ចេញ​អនុ​ក្រឹត្យ​មួយ​ ដោយ​បាន​បញ្ជាក់​ថា​ ការ​ដំឡើង​ប្រាក់​បំណាច់​ឱ្យ​មន្ត្រី​ជាន់ខ្ពស់​តុលាការ​នេះ​ត្រូវ​បាន​ចាប់​ផ្តើម​អនុវត្ត​តាំងពី​ថ្ងៃ​ទី​១ ខែ​មេសា​ មក​ម៉្លេះ។​

អនុក្រឹត្យ​នោះ​បញ្ជាក់​ថា ​ប្រាក់​បំណាច់​សម្រាប់​ប្រធាន​​តុលា​ការ​កំពូល​ និង​អគ្គ​ព្រះ​រាជ​អាជ្ញា​អម​តុលាការ​កំពូល​ មិន​មាន​ការប្រែ​ប្រួល​ទេ ​គឺ​ពួក​គាត់​ទទួល​បាន​១០​លាន​រៀល ​ដូច​ការ​សម្រេច​កាល​ពី​ឆ្នាំ​២០១៦​ដដែល។​​

ប៉ុន្តែ​មន្ត្រី​យុត្តិ​ធម៌​ដែល​ទទួល​បាន​ការ​ដំឡើង​​ប្រាក់​បំណាច់​មាន​ចាប់​ពី​អនុ​ប្រធាន​តុលាការ​កំពូល​ ប្រធាន​សភា​នៃ​តុលាការ​កំពូល ​អគ្គ​ព្រះ​រាជ​អាជ្ញា​រង​អម​តុលាការ​កំពូល​ រហូត​ដល់​ចៅ​ក្រម​នៅ​សាលា​ដំបូង ​និង​ចៅ​ក្រម​ ព្រះរាជ​អាជ្ញា​រង​កម្ម​សិក្សា។​ នៅ​ពេល​មិនទាន់​មាន​អនុក្រឹត្យ​នេះ ​ពួក​គេ​បាន​ទទួល​ប្រាក់​បំណាច់​ចន្លោះ​ពីជាង​៣​លាន​រៀល​ទៅជាង​៤លាន​រៀល​ប៉ុណ្ណោះ។ ​​

យ៉ាង​នេះ​ក្តី​មន្ត្រី​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​យល់​ថា​ការ​តម្លើង​ប្រាក់​បំណាច់​ជូន​មន្ត្រី​យុត្តិធម៌​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ធ្វើ​កំណែ​ទម្រង់​ដើម្បី​លុប​បំបាត់​អំពើ​ពុករលួយ​ក្នុង​ប្រព័ន្ធ​តុលាការ។​

លោក​អំ សំអាត​ប្រធាន​ការិយាល័យ​អង្កេត​នៃ​អង្គការ​លីកាដូ​មាន​ប្រសាសន៍​ថា ​ភាព​អសកម្ម​ក្នុង​វិស័យ​តុលាការ​នឹង​មិន​អាច​លុប​បំបាត់​បាន​ទេ​ ប្រសិន​បើ​រដ្ឋាភិបាល​គ្មាន​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ​ឱ្យ​ក្លាយ​ជា​ប្រព័ន្ធ​តុលាការ​មួយ​ដែល​ឯករាជ្យ​នោះ។​

កាល​ពី​ចុង​ខែ​កុម្ភៈ ​អង្គការ​គម្រោង​យុត្តិ​ធម៌​ពិភព​លោក​(World Justice Project)​បាន​ចេញ​ផ្សាយ​របាយ​ការណ៍​មួយ​ស្ដីពី​សន្ទស្សន៍​ និតីរដ្ឋ​សម្រាប់​ឆ្នាំ​២០១៩ដោយ​បន្ដ​ចាត់​ថ្នាក់​កម្ពុជា​ ជា​ប្រទេស​ដែល​មាន​ប្រព័ន្ធ​យុត្តិធម៌​ស្ទើរតែ​អន់​ជាង​គេ​បំផុត​នៅ​លើ​ពិភព​លោក។​

អង្គការ​នេះ​បាន​ឲ្យ​ពិន្ទុ​​កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​លេខ​រៀង​ទី​១២៥​ក្នុង​ចំណោម​បណ្ដា​ប្រទេស​ចំនួន​១២៦​លើ​ពិភព​លោក។​ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ ពិន្ទុ​​របស់​កម្ពុជា​នៅ​ល្អ​ជាង​​ប្រទេស​ វេណេស៊ុយអេឡា​ដែរ៕ ​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស