38 C
Phnom Penh

អ្នក​វិភាគ៖​គម្រោង​ចូល​ស្រុក​របស់​លោក​សម រង្ស៊ី​ធ្វើឱ្យ​ក្រុម​លោក​ហ៊ុន សែន​ភិតភ័យ​លោះ​ព្រលឹង ​ប៉ុន្តែ​បើ​មិន​ចូល​ ទេ ​គណបក្ស ​ប្រឆាំង​ ជា​លោះ​ព្រលឹង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​គឹម សុខ ​អ្នក​វិភាគ​នយោបាយ​ដែល​កំពុង​រស់នៅ​ក្រៅ​ប្រទេស​បាន​ឡើង​ថា​ គម្រោង​ចូល​ស្រុក​របស់​​ប្រធាន​ស្តីទី​គណបក្ស​សង្រ្គោះ​ជាតិ​គឺ​លោក​សម រង្ស៊ី​ពិត​ជា​ធ្វើ​ឲ្យ​បក្ខ​ពួក​របស់​លោក​ហ៊ុន សែន​កំពុង​ភ័យ​លោះ​ព្រលឹង។​

នៅលើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​នេះ ​លោក​គឹម សុខ​បាន​លើក​ឡើង​ថា​ ប្រសិន​បើ​វត្តមាន​លោក​សម រង្ស៊ី​ដែល​ធ្វើឡើង​តាម​ផែនការ​សម្រេច​ដោយ​គំនិត​យុទ្ធសាស្ត្រ​ដែល​ពុំមាន​ការ​សម្រប​សម្រួល​ណា​មួយ​ជាមួយ​លោក​ហ៊ុន សែន​ជាមុន​ទេ​នោះ​  នោះ​លទ្ធភាព​នៃ​ការ​ផ្លាស់​ប្ដូរ​នឹង​មាន​កម្រិត​ខ្ពស់។​

លោក​បន្ត​ទៀត​ថា​ ប៉ុន្តែ​បើ​គោល​ដៅនៃ​ការ​ចូល​ស្រុក​របស់​ក្រុម​លោក​សម រង្ស៊ី​កំណត់​យក​ឆ្នាំ​២០១៩​នេះ ​មិន​ចេញ​ជា​លទ្ធផល​ជាក់​ស្ដែង​វិញ​ គណ​បក្ស​ប្រឆាំង​ទៅ​វិញ​ទេ ​ដែល​ត្រូវ​លោះ​​ព្រលឹង​វិញ​ ព្រោះ​នៅ​ក្នុង​ដៃ​របស់​លោក​ហ៊ុន សែន​មាន​គន្លឹះ​ស្រោច​ស្រង់​ស្ថាន​ការណ៍​អាសន្ន​នយោបាយ​របស់​គាត់​មួយ​ទៀត​ ក្រោយ​អស់​ប្រព័ន្ធ​អនុគ្រោះ ​ពន្ធ​EBA​របស់​សហភាព​អឺរ៉ុប។ ​ប៉ុន្តែ​លោក​គឹម សុខ​មិន​បាន​បង្ហើប​ពី​គន្លឹះ​នៃ​ការ​ស្រោច​ស្រង់​ស្ថាន​ការណ៍​អាសន្ន​ពី​ក្រុម​លោក​ហ៊ុន សែន​នោះ​ឡើយ។​

អតីត​ប្រធាន​គណបក្ស​ប្រឆាំង​លោក​សម រង្ស៊ី​បាន​ប្រកាស​ពី​គម្រោង​វិល​ចូល​ស្រុក​ខ្មែរ​វិញ​ជាច្រើន​លើក​ណាស់​មក​ហើយ។ ​ រហូត​ដល់​ថ្ងៃ​ទី​ ៩​វិច្ឆិកា​ឆ្នាំ​២០១៨​លោក​បាន​ចេញ​មុខ​បបួល​លោក​ហ៊ុន សែន​ ភ្នាល់​គ្នា​ ទៀត​ផង​ ដោយ​ពេល​នោះ ​លោក​សម រង្ស៊ី​ថា​ នឹង​ចូល​ស្រុក​ឱ្យ​លោក​ហ៊ុន សែន​ចាប់​ខ្លួន ​ប្រសិន​បើ​ករណី​លោក​កឹម សុខា​មិន​ត្រូវ​បាន​ដោះលែង​យ៉ាង​យូរ​ត្រឹម​ខែ​មីនា​​ទេ​នោះ។​

ករណី​ភ្នាល់​នេះ​ទាំង​លោក​សម រង្ស៊ី​និង​លោក​ហ៊ុន សែន​បាន​ប្រកាស​​ពី​លទ្ធផល​ឈ្នះ​រៀងៗ​ខ្លួន​ ប៉ុន្តែ​លោក​កឹម សុខា​វិញ​នៅ​តែ​បន្ត​ជាប់​ឃុំ​ក្នុង​ផ្ទះ​របស់​ខ្លួន​ដដែល។​ ថ្មីៗ​នេះ​ទៀត ​លោក​សម រង្ស៊ី​បាន​បញ្ជាក់​ជំហរ​ជាថ្មី​ថា​ នឹង​វិល​ចូល​ស្រុក ​នៅ​ក្រោយ​ពេល​សហភាព​អឺរ៉ុប​សម្រេច​ព្យួរ​ឬ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA​ដោយ​ថា ​  ជា​ឱកាស​មួយ​ដែល​រដ្ឋាភិបាល​លោក​ហ៊ុន សែន​កាន់តែ​ទាល់ច្រក​ និង​ដើម្បី​ផ្តួល​លោក​ហ៊ុន សែន​យក​ប្រទេស​ជូន​ពលរដ្ឋ​ខ្មែរ​វិញ។​

យ៉ាង​ណា​ក្តី​លោក​គឹម សុខ​ថា ​ចំពោះ​ករណី​រដ្ឋាភិបាល​លោក​ហ៊ុន សែន​នៅតែ​អាច​រក្សា​បាន​​EBA​សម្រាប់​កម្ពុជា​បាន​នោះ​គឺ​គ្មាន​អ្វី​ដែល​ពិបាក​យល់​ទេ ​ដោយ​លោក​ថា​ ជាការ​ប្រែ​ប្រួល​មួយ​ដែល​បក្ខ​ពួក​លោក​ហ៊ុន សែន​ក៏​នឹង​គេច​ផុត​មួយ​ជំហាន​ធំ​ពីគ្រោះ​មហន្តរាយ​នយោបាយ។​

អ្នក​វិភាគ​រូប​នេះ​អះអាង​ថា ​រី​ឯ​ក្រុម​លោក​សម រង្ស៊ី​និង​ភាគី​លោក​    កឹម សុខា​ក៏​បាន​នាំ​ផល​លាភ​ធំ​ជូន​ប្រទេស​ជាតិ​ក្នុង​ការ​តស៊ូ​នយោបាយ​របស់​ពួក​គាត់ ​ទាំង​មាន​ឱកាស​កសាង​កម្លាំង​ប្រជា​ធិបតេយ្យ​រឹងមាំ​ព្រោះ​កម្ពុជា​នឹង​វិវឌ្ឍ​ក្នុង​ដំណើរ​ប្រជា​ធិបតេយ្យ​តាម​ដំណាក់​កាល​ឡើង​វិញ ​តាម​អនុសាសន៍​របស់​សហគមន៍​អន្តរជាតិ។​ លោក​បន្ត​ថា​ ប្រជា​រាស្ត្រ​ខ្មែរ​អាច​ទទួល​ផល​ប្រជា​ធិបតេយ្យ​ពិត​ប្រាកដ​ អំឡុង​ ពេល​១៥​ឆ្នាំ​ខាង​មុខ​ បើ​ពួក​​គាត់​នៅតែ​រួម​គ្នា​តស៊ូ​ដោយ​មិន​បោះ​បង់​បំណង​ប្រាថ្នា​នោះ៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស