35 C
Phnom Penh

ក្រុម​អ្នក​ជំនាញ​កំពុង​សិក្សា​អំពី​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រ្វិក​នៅ​កម្ពុជា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​ជំនាញ​ផ្នែក​ស្បៀង​អាហារ​និង​កសិកម្ម​នៃ​អង្គការ​សហ​ប្រជាជាតិ​សហ​ប្រជាជាតិ​ដែល​ហៅ​កាត់​ថា​FAO​កំពុង​យក​ចិត្ត​ទុកដាក់​និង​សិក្សា​អំពី​ករណី​ជ្រូក​ខ្មែរ​ដែល​ឆ្លង​ជម្ងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក។​​

ពួកគេ​កំពុង​ចុះ​សិក្សា​អំពី​បញ្ហានេះ​ចាប់​ពី​ថ្ងៃ​ទី​២៧​ដល់​ថ្ងៃ​ទី​៣១​ខែ​ឧសភា​ដើម្បី​ស្វែង​រក​វិធី​ទប់ស្កាត់​បញ្ហា​នេះ។​

ក្នុង​ជំនួប​រវាង​លោក​វេង សាខុន ​រដ្ឋ​មន្រ្តី​ក្រសួង​កសិកម្ម​ជាមួយ​លោក​Alexandre Huynh ​តំណាង​អង្គការ​FAO ​ប្រចាំ​នៅ​កម្ពុជា​កាល​ពី​ម្សិលមិញ​ ​ភាគី​ទាំង​ពីរ​នឹង​ធ្វើការ​រួមគ្នា​ដើម្បី​តាម​ដាន​ ត្រួតពិនិត្យ ​ការពារ ​និង​ទប់ស្កាត់​ជំងឺ​ឆ្លង​ប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ។​

លោក​វេង សាខុន​អះអាង​ថា​ កន្លង​មក​ក្រសួង​បាន​ចាត់​វិធាន​ការ​ដោយ​ទប់ស្កាត់​លើ​ការ​នាំ​ចូល​ជ្រូក​ពី​ប្រទេស​វៀតណាម។​ ប៉ុន្តែ​សារ​ព័ត៌មាន​ក្នុង​ស្រុក​ជាច្រើន​បាន​ចុះ​ផ្សាយ​ជា​បន្ត​បន្ទាប់​ថា ​អាជ្ញាធរ​ខេត្ត​និង​មន្រ្តី​យាម​ច្រក​ព្រំ​ដែន​កម្ពុជា-វៀតណាម​បាន​ឃុប​ឃិត​ជាមួយ​ឈ្មួញ​ទុច្ចរិត​ លួច​នាំ​ជ្រូក​ពី​វៀតណាម​ចូល​មក​កម្ពុជា​រាល់​ថ្ងៃ។​

ជំងឺ​ប៉េស្ត​ជ្រូក​បាន​កើត​ឡើង​នៅ​ខេត្ត​រតនគិរី​ជាប់​ព្រំ​ប្រទល់​ប្រទេស​វៀតណាម ​កាល​ពី​ខែ​មេសា​ឆ្នាំ​២០១៩។​ ដំបូង​ឡើយ​ជម្ងឺ​នេះ​បាន​ផ្ទុះ​ឡើង​ក្នុង​ភូមិ​សោមកានិញ​ ឃុំ​សោមធំ​ ស្រុក​អូរយ៉ាដាវ ​ខេត្ត​រតនគិរី​បន្ទាប់​ពី​មាន​សត្វ​ជ្រូក​ប្រហែល​៤០០​ក្បាល​បាន​ងាប់​ជា​បន្ត​បន្ទាប់។​

ចំណែក​ជ្រូក​១៩៣​ក្បាល​ផ្សេង​ទៀត​ត្រូវ​សម្លាប់​ក្រោយ​ពេល​រក​ឃើញ​មាន​ផ្ទុក​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក។ ​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​នេះ​ត្រូវ​បាន​មន្ត្រី​ជំនាញ​បញ្ជាក់​ថា ​បណ្តាល​មក​ពី​ពលរដ្ឋ​រស់​នៅតាម​ព្រំដែន​កម្ពុជា-វៀតណាម​បាន​ដឹក​សាច់​ជ្រូក​មាន​ផ្ទុក​មេរោគ​នេះ​ពី​ប្រទេស​ វៀតណាម​យក​ទៅ​លក់​នៅ​តំបន់​នោះ។​

ខណៈ​ជ្រូក​កម្ពុជា​ឆ្លង​ជំងឺ​នេះ​ប្រទេស​មួយ​ចំនួន​បាន​ចេញ​បម្រាម​មិន​ឲ្យ​សាច់​ជ្រូក​ខ្មែរ​ចូល​ទៅ​លក់​ក្នុង​ទីផ្សារ​ប្រទេស​​គេ​ទេ។​ ប៉ុន្តែ ​មន្ត្រី​ក្រសួង​កសិកម្ម​និង​អង្គការ​FAO​ បញ្ជាក់​ថា ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រ្វិក​មិន​មាន​ជា​ហានិភ័យ​ដល់​សុខភាព​មនុស្ស​ទេ ​ប៉ុន្តែ​ជំងឺ​នេះ​ បង្ក​ហានិភ័យ​ដល់​សត្វ​ជ្រូក​ស្រុក ​និង​ជ្រូក​ព្រៃ ​ដោយ​សារ​មេរោគ​អាច​រស់​បាន​រយៈ​ពេល​យូរ​ក្នុង​សាច់​ជ្រូក​កែច្នៃ ​សាច់​ជ្រូក​សម្ងួត ​និង​សាច់​ជ្រូក​ប្រឡាក់​ដែល​សាច់​ទាំងនោះ​ត្រូវ​ក្លាយ​កាក​សំណល់​ផ្ទះបាយ​ជា​ចំណី​ជ្រូក​នៅ​កន្លែងចិញ្ចឹម​ជ្រូក៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស