29 C
Phnom Penh

គ្រូប៉ូលិស​ដែល​ទាត់ធាក់​សិក្ខាកាម​តាម​ចិត្ត​ចេញ​ក្នុង​ការ​ហ្វឹក​ហាត់​ចេះ​មុខ​បកស្រាយ​ក្រោយ​រង​ការ​រិះគន់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គ្រូ​ប៉ូលិស​ជំនាញ​ផ្នែក​ក្បាច់​គុន​យុទ្ធ​ក្រម​ខម​ ដែល​បាន​ ទាត់​ធាក់​សិក្ខា​កាម​តាម​ចិត្ត​ក្នុង​ការ​ហ្វឹកហាត់​​បាន​ចេញ​មុខ​បក​ស្រាយ​ក្រោយ​រង​ការ​រិះគន់​ថា​ នេះ​មិន​មែន​ជា​ការ​ធ្វើ​ទារុណ​កម្ម​ទេ។​

ប្រតិកម្ម​បែប​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​(Facebook)​បាន​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត​នូវ​វីដេអូ​ខ្លី​ពី​ការ​ហ្វឹកហាត់​សិក្ខា​កាម​នៃ​កង​កម្លាំង​នគរបាល​ជាតិ​ដែល​បាន​ឈរ​តម្រៀប​គ្នា​ឲ្យ​គ្រូ​ម្នាក់​ដើរ​ទាត់​ធាត់​ដាល់​ បោក​ឲ្យ​ដួល។​

អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​បាន​រិះគន់​ថា​ ទង្វើ​នេះ​មិន​ស័ក្តិ​សម​ជា​ការ​ហ្វឹកហាត់​ទេ​គឺ​ជា​ការ​ធ្វើ​ទារុណ​កម្ម។​ ក្នុង​ចំណោម​អ្នក​រិះគន់​ទាំង​នោះ​ក៏​មាន​ប្អូន​ស្រី​លោក​ហ៊ុន សែន​គឺ​អ្នកស្រី​ហ៊ុន ស៊ីណាត​ដែរ​បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​ថា​ នេះ​ជា​លើក​ទីមួយ​ដែល​អ្នកស្រី​ឃើញ​ការ​បង្រៀន​សិស្ស​បែប​នេះ។​

អ្នក​ស្រី​ចោទ​សួរ​ថា ​ការ​ហ្វឹក​ហាត់​បែប​នេះ​ចេះ​ក្បួន​ពី​ប្រទេស​ណា?​ លោកស្រី​ថែម​ទាំង​និយាយ​ឌឺដង​ថា​«យក​ល្អ​កុំ​ធាក់​នឹង​ជើង​អី​​ ទិញ​ដែក​បំពង់​ទីប​យក​មក​វ៉ៃ​ទើប​បាន​ដឹង​ថា​ ធន​ឬ​រឹងមាំ»។​

ក្រោយ​មាន​ប្រតិកម្ម​បែប​នេះ​ គ្រូ​បង្ហាត់​ឈ្មោះ​ទួន សុភក្ត្រា​ដែល​ធាត់ធាក់​សិក្ខា​កាម​បាន​ចេញ​វីដេអូ​បក​ស្រាយ​ថា​ លោក​ជា​គ្រូ​បង្ហាត់​ក្បាច់​គុន​យុទ្ធ​ក្រម​ខម។​ លោក​អះអាង​ថា​ នេះ​មិន​មែន​ជា​ការ​ធ្វើ​ទារុណ​កម្ម​ទេ ​ឬ​គំនុំ​គំកួន​អ្វី​ទេ​ ប៉ុន្តែ​គឺ​ការ​ហ្វឹក​ហាត់​ដើម្បី​ពង្រឹង​កាយ​សម្បទា​របស់​សិក្ខា​កាម។​

ទោះ​យ៉ាង​ណាក្តី​គេ​មិន​ទាន់​ឃើញ​ស្ថាប័ន​នគរ​បាលជាតិ​ឬ​ក្រសួង​មហា​ផ្ទៃ​ឬ​ក៏ក្រសួង​ការ​ពារ​ជាតិ​ចេញ​សេចក្តី​ថ្លែង​ការណ៍​ឬ​ប្រកាស​ព័ត៌មាន​ជា​ផ្លូវការ​ដើម្បី​បំភ្លឺ​លើ​រឿង​នេះ​នៅ​ឡើយ​​ទេ​មក​ដល់​ថ្ងៃ​ទី​៣០​ខែ​ឧសភា​នេះ៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស