33 C
Phnom Penh

អ្នក​គាំទ្រ​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​​ជប៉ុន​​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​លោក​ហ៊ុន សែន​ចុះ​ពីតំណែង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដូច​ការ​គ្រោង​ទុក​ អ្នក​គាំទ្រ​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ជប៉ុន​បាន​នាំ​គ្នា​ជួប​ជុំ​ធ្វើ​បាតុកម្ម​លើក​បដារ​ និង​ស្រែក​ទាមទារ​ឲ្យ​លោក​ហ៊ុន សែន​ចុះ​ចេញ​ពី​តំណែង។​

ក្រុម​បាតុករ​បាន​នាំ​គ្នា​ប្រកាស​មិន​ទទួល​ស្គាល់​លោក​ហ៊ុន សែន​ជា​នាយក​រដ្ឋមន្រ្តី​ស្រប​ច្បាប់​ទេ​ ហើយ​ចាត់​ទុក​មេ​ដឹកនាំ​ក្រាញ​អំណាច​រូប​នេះ​ថា​ជា​ប៉ុលពត​ទី​២។​

សម្លេង​ស្រែក​ទាមទារ​ឲ្យ​លោក​ហ៊ុន សែន​ចុះ​ចេញ​ពី​តំណែង​ត្រូវ​ក្រុម​បាតុករ​ប្រមាណ​៣០​នាក់​ស្រែក​ព្រមៗ​គ្នា​នៅពី​មុខ​សណ្ឋាគារ​ទីក្រុង​តូក្យូ​ជាទី​ដែល​លោក​ហ៊ុន សែន​កំពុង​ចូល​រួម​សន្និសីទ​អន្តរ​ជាតិ​លើក​ទី​២៥​ស្ដីពី​អនាគត​របស់​អាស៊ី​នៅ​ថ្ងៃ​ទី​៣០​ខែ​ឧសភា​នេះ។​

ក្រុម​បាតុករ​ក៏​បាន​នាំគ្នា​ដើរ​ហែ​ក្បួន​ទៅ​តវ៉ា​នៅ​មុខ​ក្រសួង​ការ​បរទេស​ជប៉ុន​ និង​ទៅ​មុខ​ផ្ទះ​នាយក​រដ្ឋ​មន្រ្តី​ជប៉ុន​លោក​ស៊ិនហ្សូ អាបេ​ថែម​ទៀត​ផង។​ អ្នក​ដឹកនាំ​បាតុកម្ម​លោក​ហៃ វណ្ណា​ដែល​ជា​ប្រធាន​ចលនា​យុវជន​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​ជប៉ុន​ និយាយ​ថា ​បាតុកម្ម​នេះ​ជា​សារ​មួយ​ប្រាប់​ទៅ​លោក​ហ៊ុន សែន​ថា​ពួក​គេ​មិន​ត្រូវ​ការ​លោក​ហ៊ុន សែន​​ដឹក​នាំ​ប្រទេស​ទៀត​នោះ​ទេ។​

មេ​ដឹកនាំ​បាតុកម្ម​រូប​នេះ​ក៏​បាន​ស្នើទៅ​ប្រទេស​ប្រជា​ធិបតេយ្យ​នានា​ឈប់​អញ្ជើញ​លោក​ហ៊ុន សែន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ឬ​មក​ធ្វើ​ទស្សន​កិច្ច​ក្នុង​ប្រទេស​របស់​ខ្លួន​ថែម​ទៀត។​

ចំណែក​លោក​ហ៊ុន សែន​វិញ​ បាន​ឆ្លើយ​តប​ទៅ​នឹង​អ្នក​ប្រឆាំង​លោក​ថា​ លោក​ត្រៀម​ចាត់​វិធាន​ការ​ច្បាប់​បន្ត​លើ​បុគ្គល​ដែល​ចង់​ចូល​មក​ចាប់​លោក​យក​ទៅ​កាត់ទោស។​ លោក​បន្ត​ថា​ លោក​កំពុង​រង់​ចាំ​ធ្វើ​សង្គ្រាម​ប្រឆាំង​បុគ្គល​ណា ​ដែល​បះបោរ​ពី​ក្រៅ​ប្រទេស​ចង់​ទម្លាក់​រូប​លោក។​

ប្រតិកម្ម​របស់​បុរស​ខ្លាំង​នៅ​កម្ពុជា​រូប​នេះ​​ធ្វើ​ឡើង​ក្រោយ​ពេល​អតីត​មេ​បក្ស​ប្រឆាំង​ដែល​កំពុង​រស់​នៅ​ក្រៅ​ប្រទេស​គឺ​លោក​សម រង្ស៊ី​បាន​បង្ហើប​ពី​គម្រោង​វិល​ចូល​ប្រទេស​កម្ពុជា​វិញ​ជាច្រើន​លើក​ច្រើន​សារ​ ហើយ​ប្រកាស​កាន់​តែ​ខ្លាំង​ចាប់​តាំង​ពី​ចុង​ឆ្នាំ​២០១៨​ដោយ​ថែម​ទាំង​បាន​ប្រកាស​ប្រមែ​ប្រមូល​ពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក​ឱ្យ​ចូល​រួម​អម​ដំណើរ​ជាមួយ​លោក​ដើម្បី​មក​កម្ចាត់​ក្រុម​លោក​ហ៊ុន សែន​ឱ្យ​ខាង​តែ​បាន​ក្នុង​ឆ្នាំ​២០១៩​នេះ។​

លោក​សម រង្ស៊ី​ក៏​បាន​ប្រកាស​ឱ្យ​កង​កម្លាំង​គ្រប់​ប្រភេទ​ត្រូវ​ឈប់​ស្តាប់​បង្គាប់​លោក​ហ៊ុន សែន​ដោយ​ត្រូវ​បង្វិល​ចុង​កាណុង​កាំភ្លើង​របស់​ខ្លួន​ទៅ​រក​លោក​ហ៊ុន សែន​ដែល​លោក​ចាត់​ទុក​ថា​ ជា​មេ​ដឹកនាំ​ផ្តាច់​ការ​ ហើយ​យក​ប្រទេស​ជាតិ​ជូន​ពល​រដ្ឋ​ខ្មែរ​វិញ។​

យ៉ាង​ណាក៏ដោយ ​ក្រុម​អ្នក​វិភាគ​បាន​បង្ហាញ​ក្តី​បារម្ភ​ថា​ ប្រសិន​បើ​មាន​ការ​ផ្លាស់​ប្តូរ​ណា​មួយ​កើត​ឡើង​ដោយ​ការ​ប្រើ​កង​កម្លាំង​ប្រដាប់​អាវុធ​ឬ​ ដោយ​អំពើ​ហិង្សា​នោះ​ នឹង​នាំ​កម្ពុជា​ឱ្យ​វិល​ទៅ​រក​សម័យ​កាល​អភ័ព្វ​កាល​ពី​២០​ឆ្នាំ​មុន​ហើយ​នឹង​រុញ​ឱ្យ​កម្ពុជា​កើត​មាន​សង្គ្រាម​ស៊ីវិល​ផង​ដែរ៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស