33 C
Phnom Penh

លោក​ហ៊ុន សែន​ថា​ បំណុល​ចិន​ជា​ចំណែក​នៃ​ការ​អភិវឌ្ឍ​ មិន​មែន​អន្ទាក់​បំណុល​ឡើយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​ ហ៊ុន សែន​ អះអាង​ជា​ថ្មី​ទៀត​ថា ​​កម្ពុជា​នឹង​មិន​ធ្វើ​ឱ្យ​ប្រាក់​កម្ចី​ពី​ចិន​ក្លាយ​ជា​អន្ទាក់​បំណុល​ដូច​មជ្ឈដ្ឋាន​មួយ​ចំនួន​លើក​ឡើង​នោះ​ទេ​ ហើយ​ថា​ កម្ចី​ពី​ចិន​ក៏​ជា​ផ្នែក​មួយ​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ​ផង​ដែរ។​

ថ្លែង​ក្នុង​សន្និសីទ​អន្តរជាតិ​លើក​ទី២៥​ស្តី​ពី​«អនាគត​របស់​អាស៊ី»នៅទីក្រុងតូក្យូ​ប្រទេស​ជប៉ុន​នៅ​ថ្ងៃ​នេះ​ លោក​ហ៊ុន សែន​បាន​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​ក្រុម​អ្នក​កាសែត​​ថា ​ កម្ចី​របស់​ចិន​នឹង​មិន​ក្លាយ​ជា​អន្ទាក់​បំណុល​ទេ ​ដោយ​លោក​ថា​ ព្រោះ​កម្ពុជា​រក្សា​បាន​នូវ​អធិបតេយ្យ​ ឯករាជ្យ​ភាព ​និង​បាន​ខ្ចី​ទៅ​តាម​គម្រោង​ដែល​ត្រូវ​ការ​អភិវឌ្ឍ​ប៉ុណ្ណោះ។​

លោក​ហ៊ុន សែន​អះអាង​ថា ​ជំនួយ​ឬ​កម្ចី​របស់​ចិន​ មិន​មាន​ឥទ្ធិពល​លើ​ការ​សម្រេច​របស់​មេដឹក​នាំ​ខ្មែរ​នោះ​ទេ​ ហើយ​ថា​ ចិន​ក៏​មិន​បាន​បង្គាប់​បញ្ជា​ឱ្យ​មេ​ដឹកនាំ​ខ្មែរ​ធ្វើអ្វី​តាម​ការ​ចង់​បាន​របស់​ពួក​គេ​នោះ​ដែរ​ ព្រោះ​ចិន​តែង​គោរព​ការ​សម្រេច​ចិត្ត​របស់​កម្ពុជា។ ​លើស​ពី​នេះ​ទៅ​ទៀត​ លោក​ហ៊ុន សែន​បាន​អួត​សរសើរ​កម្ចី​របស់​ចិន​ថា ​ជា​កម្ចី​ដែល​មាន​អត្រា​ការ​ប្រាក់​ទាប​ ហើយ​សង​ក្នុង​រយៈ​ពេល​យូរ។​

ប៉ុន្តែ​កាលពី​ពេល​ថ្មីៗ​នេះ ​សហ​រដ្ឋ​អាមេរិក​បាន​លើក​ឡើង​ចំៗ​ថា  ​ការ​ផ្ដល់​ប្រាក់​កម្ចី​របស់​ចិន​ដល់​ប្រទេស​មួយ​ចំនួន​មាន​លក្ខណៈ​ជា​អន្ទាក់​បំណុល​ ហើយ​ចិន​ប្រើ​វា​ដើម្បី​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន។ ​ប៉ុន្តែ​ ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​បាន​ទាត់​ចោល​រាល់​ការ​ចោទ​ប្រកាន់​ទាំង​នេះ។​

របាយ​ការណ៍​ក្រសួង​សេដ្ឋ​កិច្ច​និង​ហិរញ្ញវត្ថុ​កម្ពុជា​ដែល​ចេញ​ផ្សាយ​កាល​ពី​ដើម​ឆ្នាំ​២០១៩ ​ឱ្យ​ដឹង​ថា​ ​ ចិន​ជា​ម្ចាស់​បំណុល​ធំ​បំផុត​របស់   ​កម្ពុជា​ដែល​មាន​ចំនួន​ជិត​៧​ពាន់​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក​ ឬ​ស្មើ​នឹង​ជាង​៤២%​នៃ​បំណុល​សរុប​ដែល​កម្ពុជា​ជំពាក់​បរទេស៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស