28 C
Phnom Penh

សមត្ថ​កិច្ច​បញ្ជូន​បុរស​ជាតិចិន​ទៅ​តុលាការ​ ករណី​នាំ​លុយ​ខុស​ច្បាប់​ជិត​១​លាន​ដុល្លារ​ចូល​កម្ពុជា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថ​កិច្ច​កម្ពុជា​បាន​សម្រេច​បញ្ជូន​ជនជាតិ​ចិន​ម្នាក់​ ​ទៅ​កាន់​តុលាការ​ក្រោយ​កសាង​សំណុំ​រឿង​រួច​រាល់​ ក្នុង​ករណី​នាំ​ប្រាក់​ជិត​១​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក​ចូល​មក​កម្ពុជា​ដោយ​ខុស​ច្បាប់។​

ក្រុម​សមត្ថ​កិច្ច​ឲ្យ​ដឹង​ថា​ រហូត​មក​ទល់​ពេល​នេះ​ពួក​គេ​បាន​បញ្ជូន​ខ្លួន​ជន​ជាតិ​ចិន​ម្នាក់​ឈ្មោះ​LIAO JINGQING​ទៅ​កាន់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ដើម្បី​ចាត់​ការ​តាម​នីតិវិធី​ករណី​នាំ​លុយ​ដែល​គេ​សង្ស័យ​ថា​ ជា​លុយ​ខុស​ច្បាប់​ជិត​១​លាន​ដុល្លារ​ចូល​មក​កម្ពុជា។​

បុរស​ជន​ជាតិ​ចិន​រូប​នេះ​ត្រូវ​បាន​សមត្ថ​កិច្ច​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​អាកាស​យានដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ​ផ្អាក​ដំណើរ​ និង​ឃាត់​ខ្លួន​កាលពី​ថ្ងៃ​ម្សិលមិញ​ពាក់​ព័ន្ធ​ករណី​នាំ​ប្រាក់​ចំនួន​ជិត​១​លាន​ដុល្លារ​អាមេរិក​(៨៥៥០០០)​ពីទី​ក្រុង​ហុងកុង​ចូល​មក​ប្រទេស​កម្ពុជា​ដោយ​សមត្ថ​កិច្ច​ជំនាញ​សង្ស័យ​ថា​ ជា​លុយ​ដែល​មាន​ប្រភព​មិន​ច្បាស់​លាស់​ឬ​ជាលុយ​ខុស​ច្បាប់។​

ប្រភព​ដដែល​បញ្ជាក់​ថា​ ជន​សង្ស័យ​រូប​នេះ​បាន​សារ​ភាព​ថា​ ខ្លួន​បាន​ចូល​មក​កម្ពុជា​ចំនួន​២​លើក​ក្នុង​នោះ​លើក​ទី​១ ​កាលពី​ថ្ងៃ​ទី​២៦​ខែ​ឧសភា​ ប៉ុន្តែ​មិន​បាន​បញ្ជាក់​ថា​ បាន​នាំ​លុយ​សុទ្ធ​ច្រើន​ចូល​មក​កម្ពុជា​ឬ​អត់​នោះ​ទេ។ ​ចំណែក​លើក​ចុង​ក្រោយ​ថ្ងៃ​ទី​២៩​ខែ​ឧសភា ​ក៏​ត្រូវ​សមត្ថ​កិច្ច​ឃាត់​ខ្លួន​តែ​ម្តង។​ ​

កាលពី​ថ្ងៃ​ទី​២៣​ខែ​មេសា ​កន្លង​ទៅ​នេះ ​កម្លាំង​ជំនាញ​ប្រចាំ​នៅ​អាកាស​យានដ្ឋាន​អន្ដរ​ជាតិ​ភ្នំពេញ​ក៏​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​ជា​ជនជាតិ​ចិន​ចំនួន​៣​នាក់​ ដែល​បាន​នាំ​លុយ​សុទ្ធ​ចំនួន​ជាង​៣​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក​(៣៥២០០០០)​ពីទី​ក្រុង​ហុងកុង​ ដោយ​ពុំមាន​ការ​បញ្ជាក់​ពី​ប្រភព​ប្រាក់​នោះ​ច្បាស់​លាស់​ចូល​មក​កម្ពុជា​ដែរ។​

ករណី​នាំ​លុយ​សុទ្ធ​ចូល​មក​កម្ពុជា​នេះ​ ត្រូវ​បាន​គេ​សង្ស័យ​ថា​ មិនមែន​មាន​តែ​ពីរ​កណី​នេះ​ឡើយ​ដោយ​ថា​ ការ​ចាប់​ខ្លួន​ជន​ជាតិចិន​នាំ​ប្រាក់​ចូល​មក​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ ​អាច​ជា​ទំនាស់​ផល​ប្រយោជន៍​ សម្រាប់​អ្នក​ដែល​រួម​គំនិត​ឃុប​ឃិត​គ្នា ​ដើម្បី​ឱ្យ​ជន​បរទេស​ទាំង​នេះ​អាច​មាន​លទ្ធភាព​នាំ​ប្រាក់​ច្រើន​សន្ធឹក​សន្ធាប់​ចូល​មក​ស្រុក​ខ្មែរ​បាន៕​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស