32.5 C
Phnom Penh

អ្នក​ប្រើ​ហ្វេសប៊ុក​រិះគន់​មេ​ប៉ូលិស​ដែល​មិន​ចាត់​ការ​មន្រ្តី​ប៉ូលិស​ដែល​បន្លំ​លួច​iPad​ពលរដ្ឋ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​នាំ​គ្នា​រិះគន់​មេ​ប៉ូលិស​ដែល​មិន​ចាត់​វិធាន​ការ​លើ​មន្រ្តី​ប៉ូលិស​ម្នាក់​ដែល​បន្លំ​លួច​iPad​របស់​ពលរដ្ឋ។​

ប្រតិកម្ម​របស់​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​បែប​នេះ​ធ្វើ​ឡើង​ក្រោយ​ពេល​មន្ត្រី​នៅ​នាយកដ្ឋាន​ការពារ​ព្រំដែន​ទឹក​នៃ​ក្រសួង​មហា​ផ្ទៃ​ឈ្មោះ​លោកហេង ហាប់​ ឋាន្តរ​សក្តិ​អនុសេនីយ៍ឯក​បាន​លួច​iPad​ពី​ផ្ទះ​កន្លែង​ផ្ញើ​លុយ​មួយ​កន្លែង​ក្នុង​ខណ្ឌ​ទួលគោក ​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​៣០​ឧសភា​​ម្សិលមិញ​ប៉ុន្តែ​ក្រោយ​ពេល​ម្ចាស់​ហាង​បាន​បង្ហោះ​វីដេអូ​នៃ​សកម្ម​ភាព​របស់​មន្រ្តី​ប៉ូលិស​ដែល​យក​iPad​នោះ​រួច ​ ​ម្តាយ​របស់​មន្រ្តី​រូប​នេះ​បាន​យក​ iPad​ទៅ​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ ​ដោយ​ប្រាប់​ទៅ​ម្ចាស់​ iPad​នោះ​ថា​ ខ្លួន​ច្រឡំ​ដៃ​យក​iPad​នោះ​ប៉ុណ្ណោះ។​

ប៉ុន្តែ​មតិ​មហាជន​ទូទៅ​លើក​ឡើង​ថា​ ទង្វើ​របស់​មន្រ្តី​នគរបាល​រូប​នេះ​មាន​ចេតនា​លួច​របស់​គេ​ មិនមែន​ច្រឡំ​ដៃ​នោះ​ទេ។​ក្នុង​ចំណោម​អ្នក​រិះគន់​ទាំង​នោះ​ អ្នក​ប្រើ​ហ្វេសប៊ុក​ម្នាក់​ឈ្មោះ​លី បេឡា​បាន​សរសេរ​លើ​ហ្វេសប៊ុក​របស់​លោក​ថា​ «ស​គល់​នៃ​បញ្ហា​សម្រាប់​កម្ពុជា​គឺ​មន្រ្តី​របស់​រដ្ឋ​មិន​ព្រម​ចោល​វប្បធម៌​ការពារ​មន្រ្តី​អាក្រក់។​ គេ​មាន​ទាំង​វីដេអូ ​ហើយ​ថា​ ច្រលំ​យក​ទៀត។​ នេះ​គេ​ហៅ​ថា​ បន្លំ​មិនមែន​ច្រឡំ​ទេ»។​ លោក​បន្ត​ថា​«ករណី​ខ្លះ​ព្យាយាម​លាក់​បិទ​ព័ត៌មាន​ មិន​ព្រម​ស្វែង​រក​ការណ៍​ពិត​ឲ្យ​ពលរដ្ឋ​ ចាំ​ទាល់​តែ​មាន​កិច្ច​អន្តរាគមន៍​ពី​នាយក​រដ្ឋមន្ត្រី​បាន​ធ្វើ»។​  ​

ការ​បង្ហាញ​ការ​មិន​ពេញ​របស់​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​បែប​នេះ​កើតមាន​ឡើង​ក្រោយ​ពេល​សមត្ថ​កិច្ច​បាន​បង្ហាញ​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​នេះ​ថា ​មិន​មែន​លួច​ទេ​គឺ​ជា​ករណី​ច្រឡំ។​

អគ្គស្នង​ការ​នគរបាល​ជាតិ​លោក​នេត សាវឿន​បាន​ប្រាប់​សារព័ត៌មាន​​ក្នុង​ស្រុក​ដែល​ស្និទ្ធិ​នឹង​រដ្ឋាភិបាល​នៅ​ថ្ងៃនេះ​ថា​«បន្ទាប់​ពី​បញ្ចប់​ការ​សួរ​នាំ​នៅ​នាយកដ្ឋាន​នគរបាល​ព្រហ្ម​ទណ្ឌ​រួច ​សមត្ថ​កិច្ច​បាន​អនុញ្ញាត​ឲ្យ​មន្ដ្រី​នគរបាល​រូប​នេះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ​ដោយ​សារ​មន្រ្តី​រូប​នេះ​បាន​ធ្វើ​កិច្ច​សន្យា​អប់រំ​ និង​មាន​អ្នក​ធានា​ត្រឹមត្រូវ»។​

លោក​នេត សាវឿន​បន្ត​ថា ​ករណី​នេះ​មិនមែន​ជា​ករណី​លួច​ទេ​ គឺ​ជា​ករណី​ច្រឡំ​ហើយ​ភាគី​ទាំងពីរ​ទាំង​ខាង​ម្ចាស់​ហាង ​និង​មន្រ្តី​នគរបាល​ក៏បាន​សម្រប​សម្រួល​បញ្ចប់​រឿង​ហើយ​ដែរ ​ម្យ៉ាង​ទៀត​ម្ចាស់​ហាង​ក៏​មិន​បាន​ដាក់​ពាក្យ​បណ្តឹង​អ្វី​ដែរ។​

ចំណែក​អ្នក​នាំពាក្យ​អគ្គ​ស្នងការ​នគរបាល​ជាតិ​លោក​ឆាយ គឹមខឿន​ប្រាប់​សារ​ព័ត៌មាន​ក្នុង​ស្រុក​ថា ​ឪពុក​ម្តាយ​មន្រ្តី​ប៉ូលិស​ដែល​ជាប់​ការ​សង្ស័យ​រូប​នេះ ​បាន​អះអាង​ប្រាប់​សមត្ថ​កិច្ច​ថា​ មួយ​រយៈ​ចុង​ក្រោយ​នេះ​កូន​របស់​ខ្លួន​មាន​សតិ​មិន​ល្អ​នោះ​ទេ។​

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​​ហ្វេសប៊ុក​ឈ្មោះ​Vichet Chan ​បាន​សរសេរ​ថា ​«ឲ្យ តែ​បែប​នេះ​ចុះ​ នោះ​ស្រុក​យើង​ច្បាស់​ជា​មាន​អាត្រា​ចោរ​លួច​កើន​ឡើង​ហើយ​ នៅ​ ពេល​លួច​គេទាន់​ឆ្លើយ​ថា​ ច្រឡំ​ទៅ​គឺ​រួច​ខ្លួន​ហើយ!»​

ចំណែក​គណនី​ហ្វេសប៊ុក​ឈ្មោះ​Sotheara Yoeurng​បាន​សរសេរ​ថា​បើ​អនុវត្ត​អភិក្រម​ទាំង​ប្រាំ​ឆ្លុះ​កញ្ចក់ ​ងូត​ទឹក​ ដុះ​ក្អែល ​ព្យាបាល ​និង​វះ​កាត់​​ មិន​បាន​ នោះ​ រដ្ឋាភិបាល​នឹង​បរាជ័យ​ចំពោះ​កំណែ​ទម្រង់​របស់​ខ្លួន​ក្នុង​អាណត្តិទី​៦​នេះ​ហើយ៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស