26.6 C
Phnom Penh

រដ្ឋមន្ត្រី​ការពារជាតិ​អំពាវនាវ​ឱ្យ​រក្សា​វប្បធម៌​បង្រួប​បង្រួម​ជាតិ​ ខណៈ​លោក​ហ៊ុន សែន​​ថា ​ត្រៀម​ធ្វើ​សង្គ្រាម​ជាមួយ​មេ​បក្ស​ប្រឆាំង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​លោក​ទៀ បាញ់​បាន​ប្រកាស​ឱ្យ​ខ្មែរ​ទាំង​ឡាយ​ត្រូវ​ឈរ​នៅ​លើ​គោល​ការណ៍​បង្រួប​បង្រួម​និង​ផ្សះផ្សា​ជាតិ​ដោយ​ថា​ ជា​មាគ៌ា​ដ៏​សំខាន់​ឆ្ពោះ​ទៅ​រក​សន្តិភាព​ជូន​សង្គមជាតិ។​

ទំព័រ​ហ្វេសប៊ុក​របស់​លោក​ទៀ បាញ់​នៅ​ថ្ងៃ​នេះ ​បាន​លើក​ឡើង​ថា ​ ការ​ផ្សះផ្សា​និង​បង្រួប​បង្រួម​ជាតិ​ជា​គោល​ការណ៍​យ៉ាង​សំខាន់​ដែល​នាំមក​នូវ​សន្តិភាព​ជូន​សង្គម​ជាតិ​ និង​បន្ត​រក្សា​សន្តិភាព​នេះ​រហូត​ទៅ​ហើយ​ថា​ កម្ពុជា​ទទួល​បាន​សន្តិភាព​យ៉ាង​លំបាក​ក្រោយ​ពី​សង្គ្រាម​ស៊ីវិល​អស់​ជាង​៣​ទស​វត្សរ៍។​ ជាង​នេះ​ទៅទៀត​ លោក​ជំរុញ​ឱ្យ​ខ្មែរ​រួម​គ្នា​រក្សា​ឱ្យ​បាន​នូវ​វប្បធម៌​ផ្សះផ្សា​និង​បង្រួប​បង្រួម​ជាតិ​នេះ​ផង​ដែរ។​

កាលពី​ថ្ងៃ​ម្សិលមិញ​ ទំព័រ​ហ្វេសប៊ុក​របស់​លោក​ទៀ បាញ់​ក៏​បាន​លើក​ឡើង​ដែរ​ថា ​គោល​បំណង​នៃ​ការ​កសាង​កម្លាំង​ទ័ព​គឺ​ដើម្បី​ស្វែងរក​សន្តិភាព​ និង​រក្សា​សន្តិភាព​ក្នុង​បុព្វហេតុ​នៃ​ភាព​សុខសាន្ត​របស់​ប្រជាជន​ មិន​មែន​ដើម្បី​ធ្វើ​សង្គ្រាម​នោះ​ឡើយ។​

សារ​នយោបាយ​ទាំង​នោះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ហាក់​ផ្ទុយគ្នា​ទាំង​ស្រុង​ទៅ​នឹង​ការ​លើក​ឡើង​របស់​លោក​ហ៊ុន សែន​ពី​ប្រទេស​ជប៉ុន​ កាលពី​ថ្ងៃ​ម្សិលមិញ។​

ថ្លែង​ក្នុង​វេទិកា​អន្តរជាតិ​លើក​ទី​២៥​ស្តីពី​អនាគត​អាស៊ី​ កាល​ពីថ្ងៃ​ទី​៣០​ ខែ​ឧសភា​ នៅ​ទីក្រុង​តូក្យូ ​លោក​ហ៊ុន សែន​អះអាង​ថា ​លោក​កំពុង​រង់ចាំ​ធ្វើ​សង្គ្រាម​ជាមួយ​អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​លោក​សម រង្ស៊ី ​ហើយ​នឹង​ធ្វើ​ដល់​ទី​បញ្ចប់​ ដោយ​ថា​ សង្គ្រាម​នេះ​លោក​នឹង​មិន​អាច​ចាញ់​បាន​ឡើយ។​

អតីត​ប្រធាន​គណបក្ស​ប្រឆាំង​លោក​សម រង្ស៊ី​បាន​ប្រកាស​ពី​ក្រៅ​ប្រទេស​ម្តង​ជា​ពីរ​ដង​ថា​ នឹង​វិល​ចូល​ស្រុក​វិញ​ ដោយ​កៀរគរ​ពលរដ្ឋ​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក​ឱ្យ​បាន​ច្រើន​ដើម្បី​មក​អម​ដំណើរ​របស់​លោក​ដោយ​ថា​ ដើម្បី​ឆ្ពោះ​ទៅ​រំដោះ​ប្រទេស​ពី​​អំណាច​ផ្តាច់ការ ​ចេញ​ពី​ក្រញាំ​ដៃ​របស់​លោក​ហ៊ុន សែន។ ​លោក​សមរង្ស៊ី​ក៏​បាន​ប្រកាស​ឱ្យ​កង​កម្លាំង​ទាំងអស់​មិន​ត្រូវ​ស្តាប់​បង្គាប់​លោក​ហ៊ុន សែន​ឡើយ​ ដោយ​ត្រូវ​ឈរ​ខាង​ពលរដ្ឋ។​  ​

ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង​កញ្ញា​លី ស្រីស្រស់​បាន​បង្ហាញ​ការ​យល់​ឃើញ​របស់​ខ្លួន​ថា​សន្តិភាព​និង​ស្ថិរភាព​មិន​គួរ​ជា​លេស​ដែល​មេ​ដឹក​នាំ​យក​មក​ប្រើ​ដើម្បី​បង្រ្កាប​អ្នក​ប្រឆាំង​ ឬ ​អ្នក​ដែល​មាន​គំនិត​ផ្ទុយ​លើ​ការ​ដឹក​នាំ​នោះ​ឡើយ។

កញ្ញា​បន្ត​ថា ​កន្លែង​ដែល​មាន​សន្តិភាព​គឺ​គ្មាន​ហិង្សា​ហើយ​កន្លែង​ដែល​មាន​ស្ថិរភាព​ក៏​គ្មាន​ការ​បង្ខិត​បង្ខំ ​និង​ការ​គាប​សង្កាត់​នោះ​ដែរ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស