30.1 C
Phnom Penh

រដ្ឋាភិបាល​ប្រកាស​ជា​ថ្មី​ទៀត​ឱ្យ​មន្ត្រី​ជំនាញ​តាម​ព្រំដែន​វៀតណាម ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាល​ជា​ថ្មី​ម្តង​ទៀត​ តាម​រយៈ​ក្រសួង​កសិកម្ម​ បាន​ប្រកាស​ណែនាំ​ឲ្យ​មន្ទីរ​កសិកម្ម​ជាប់​ព្រំ​ដែន​វៀតណាម​ទាំង​អស់​ បង្កើន​ការ​ប្រុង​ប្រយ័ត្ន​បន្ថែម​ទៀត​ចំពោះ​ការ​រីករាល​ដាល​នៃ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ដែល​កំពុង​ឆ្លង​រាល​ដាល​កាន់​តែ​ខ្លាំង​នៅ​ក្នុង​ប្រទេស​វៀតណាម។​

កាលពី​ថ្ងៃ​ម្សិលមិញ​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ ​និង​នេសាទ ​បាន​ចេញ​សារាចរ​ណែនាំ​​មួយ​ ដែល​​លើក​ឡើង​ថា​ ករណី​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​កំពុង​កើតមាន​ច្រើន​​នៅ​វៀតណាម​ ហើយ​បាន​រីករាល​ដាល​ដល់​ជិត​ព្រំ​ដែន​កម្ពុជា​ហើយ។​

ក្រសួង​បញ្ជាក់​ថា​ បញ្ហា​នេះ  ​តម្រូវ​ឲ្យ​បណ្តា​ខេត្ត​ជាប់​ព្រំ​ដែន​វៀតណាម​ទាំង​អស់​ ជា​ពិសេស​ខេត្ត​រតនគិរី​ មណ្ឌល​គិរី​ ព្រៃវែង​ កំពត​ និង​ខេត្ត​កណ្ដាល​ ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​និង​ទទួល​ខុស​ត្រូវ​ខ្ពស់។​

ប្រភព​ដដែល​ អះអាង​ថា​ ជំងឺ​នេះ​បាន​ឆ្លង​រាលដាល​យ៉ាង​ឆាប់​រហ័ស​​ ដែល​ជា​សញ្ញា​ហានិភ័យ​ខ្ពស់​នៃ​ការ​ឆ្លង​រាលដាល​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ​និង​ធ្ងន់ធ្ងរ​ដល់​កម្ពុជា​ផង​ដែរ។​

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ លោក​ វេង សាខុន ​បាន​ដាក់​ចេញ​វិធានការ​មួយ​ចំនួន​​ដូច​ជា ​ពង្រឹង​ការ​ត្រួត​ពិនិត្យ​បន្ថែម​ទៀត​តាម​ច្រក​ព្រំដែន​ ទាំង​ផ្លូវ​អាកាស ​ផ្លូវទឹក ​និង​ផ្លូវគោក​ ដោយ​សហការ​ជា​មួយ​អាជ្ញាធរ​​ ជា​ពិសេស​សមត្ថ​កិច្ច​ព្រំដែន​ ហើយ​ប្រសិន​ជា​មាន​ការ​ថ្លោះ​ធ្លាយ​ប្រការ​ណា​មួយ​ មន្ទីរ​កសិកម្ម​ខេត្ត​នោះ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ក្រសួង​ និង​ច្បាប់​ជា​ធរមាន។​

ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​បាន​ផ្ទុះ​ឡើង​កាល​ពី​ខែ​សីហា​ឆ្នាំ​២០១៨​ក្នុង​ប្រទេស​ចិន ​និង​បាន​រីក​រាលដាល​ដល់​ប្រទេស​វៀតណាម​នៅ​ដើម​ឆ្នាំ​នេះ ​ព្រម​ទាំង​បាន​ឆ្លង​ចូល​ដល់​ខេត្ត​រតនគិរី​​កាល​ពី​ចុង​ខែ​មីនា។​

អង្គការ​  FAO ​បាន​ឲ្យ​ដឹង​ដែរ​ថា ​មេរោគ​ជំងឺ​នេះ​​ធន់​ខ្លាំង ​ហើយ​អាច​រស់​​នៅ​បាន​យូរ ​ពោល​គឺ​វា​អាច​ស៊ាំ​នឹង​អាកាសធាតុ​ក្ដៅ​ខ្លាំង ​ត្រជាក់​ខ្លាំង ​ហើយ​មិន​​តែ​ប៉ុណ្ណោះ​ វា​ថែម​ទាំង​អាច​រស់​នៅ​បាន​ក្នុង​ផលិត​ផល​សាច់​ជ្រូក​ក្រៀម​ទៀត​ផង។​ យ៉ាង​ណា​ជំងឺ​នេះ​មិន​ឆ្លង​មក​មនុស្ស​ឡើយ ​ប៉ុន្តែ​វា​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​អ្នក​ចិញ្ចឹម​ជ្រូក​ធ្ងន់ធ្ងរ​ ដោយ​សារ​ជំងឺ​នេះ​គ្មាន​ថ្នាំ​ព្យាបាល​នោះ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស