ស្របពេលដែលមានការរិះគន់និងប្រតិកម្មជាច្រើនតាមបណ្ដាញសង្គមFacebookពាក់ព័ន្ធការលួចiPadនៅពេលនេះ សមត្ថកិច្ចបានសម្រេចកសាងសំណុំរឿងមន្ដ្រីនគរបាលពាក់ស័ក្ដិ៣ម្នាក់ទៅកាន់តុលាការដើម្បីចាត់វិធានការតាមផ្លូវច្បាប់តែម្តង។
សារព័ត៌មានដែលស្និទនឹងលោកហ៊ុន សែនបានដកស្រង់សម្តីលោកនេត សាវឿន អគ្គស្នងការនគរបាលជាតិចុះផ្សាយថា លោកបានបញ្ជាឲ្យសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនមន្ដ្រីនគរបាលពាក់ស័ក្ដិ៣នៅនាយកដ្ឋានការពារព្រំដែនទឹក ទៅកាន់តុលាការដើម្បីបន្ដនីតិវិធីតាមផ្លូវច្បាប់នៅថ្ងៃនេះ។
កាលពីល្ងាចថ្ងៃទី៣០ ខែឧសភាឆ្នាំ២០១៩ មន្ដ្រីនគរបាលពាក់ស័ក្ដិ៣ មានឈ្មោះហេង ហាប់អាយុ២៤ឆ្នាំបម្រើការងារនៅនាយកដ្ឋានការពារព្រំដែនទឹកនិងត្រូវជាកូនប្រុសរបស់ប្រធាននាយកដ្ឋាននេះទៀត ត្រូវបានសមត្ថកិច្ចអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ក្រោយធ្វើកិច្ចសន្យា និងមានអ្នកធានាពាក់ព័ន្ធនឹងករណីលួចiPadពីក្នុងហាងផ្ទេរលុយ វីងមួយកន្លែងយីហោរស្មីសាមគ្គី កាលពីថ្ងៃទី៣០ខែឧសភាកន្លងទៅ។
ការដោះលែងមន្រ្តីនគរបាលរូបនេះ បាននាំឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមFacebookនិងមន្រ្តីរដ្ឋាភិបាលជាច្រើននាំគ្នារិះគន់យ៉ាងខ្លាំងថា ការដោះលែងជនសង្ស័យរូបនេះដោយយកលេសថា ច្រឡំដៃនិងមានសតិមិនល្អ អាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះនគរបាលជាតិទាំងមូល ដោយសារសមត្ថកិច្ចខកខានមិនបានបញ្ជូនសំណុំរឿងនេះទៅកាន់តុលាការដើម្បីជំនុំជម្រះជាមុន៕