ស្នងការខេត្តព្រះសីហនុកំពុងកសាងសំណុំរឿងករណីរំលោភនិងសម្លាប់ក្មេងពីរនាក់ទៅតុលាការ។ ចំណាត់ការបែបនេះ ធ្វើឡើងក្រោយពេលសមត្ថកិច្ចជំនាញចាប់ខ្លួនជនសង្ស័យពីខេត្តព្រៃវែងកាលពីថ្ងៃអាទិត្យម្សិលមិញនិងត្រូវបញ្ជូនទៅសួរចម្លើយនៅខេត្តព្រះសីហនុ។
លោកជួន ណារិនស្នងការនគរបាលខេត្តព្រះសីហនុបានប្រាប់ក្រុមអ្នកសារព័ត៌មានថា ជនសង្ស័យឈ្មោះម៉ៅ វិចិត្រ អាយុ៣០ឆ្នាំ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពរំលោភ និងសម្លាប់ កុមារពីរនាក់នៅឃុំបិតត្រាំង ស្រុកព្រៃនប់កាលពីសប្តាហ៍មុនមែន។
លោកឲ្យដឹងថា សមត្ថកិច្ចអាចនឹងចោទប្រកាន់ជនសង្ស័យចំនួនពីរបទល្មើសគឺរំលោភនិងសម្លាប់។ លោកបន្តថា ជនសង្ស័យសារភាពថា មុនធ្វើសកម្មភាពជនសង្ស័យបានប្រើប្រាស់គ្រឿងញៀន និងផឹកស្រា។
អំពើរំលោភសម្លាប់កុមារទាំងពីរនាក់បងប្អូននេះ កើតឡើងលើដីឡូតិ៍មួយកន្លែងនៅស្រុកព្រៃនប់ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៩ខែឧសភា។ ក្មេងរងគ្រោះពីរនាក់បងប្អូនមានឈ្មោះ ផា ស្រីល័ក្ខ អាយុ ១០ឆ្នាំភេទស្រី និងប្អូនប្រុសផាសុខលីអាយុ២ឆ្នាំ។
រហូតមកទល់ពេលនេះ សមត្ថកិច្ចខេត្តព្រះសីហនុបានសម្រេចមិនបញ្ជូនជនសង្ស័យទៅធ្វើត្រាប់នៅកន្លែងកើតហេតុទេ ព្រោះពេលនេះមានពលរដ្ឋប្រមាណ២ពាន់នាក់មានខ្លះកាន់ដំបង និងដុំថ្មថែមទៀតដូច្នេះសមត្ថកិច្ចខ្លាចពលរដ្ឋទប់កំហឹងមិនបាន អាចបង្កជាបញ្ហា។
សាធារណជនមួយចំនួនជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសហ៊ុកបង្ហាញការខឹងសម្បារជាខ្លាំងទៅលើជនសង្ស័យរូបនេះ ហើយអ្នកខ្លះទាមទារឲ្យមានកាត់ទោសប្រហារជីវិតជនសង្ស័យរូបនេះទៀតផង។
លោកហ៊ុន សែន កាលពីខែមីនា បានប្រកាសជំហរចង់ឲ្យមានការកាត់ទោសប្រហារជីវិតជនណា ដែលរំលោភសម្លាប់កុមារ ប៉ុន្តែក្រោយមកលោកក៏កែប្រែគោលជំហររបស់លោកវិញ៕